វិធីតុបតែងផ្ទះស្អាត ឃើញនៅថ្មី ដើម្បីឱ្យលក់ឆាប់ដាច់ និងបានថ្លៃ

ទោះជាផ្ទះដែលយើងកំពុងស្នាក់នៅនេះ ជាផ្ទះដែលយើងស្រឡាញ់ប៉ុនណាក៏ដោយ តែក៏ប្រហែលជាមានថ្ងៃណា​មួយដែលយើងចាំបាច់ត្រូវតែលក់វាដែរ ដោយសារមានបញ្ហារឿងលុយកាក់ ការផ្លាស់ប្តូរទីលំនៅ ឬទៅរស់នៅបរទេសជាដើម – ល – ហើយការលក់ផ្ទះនេះទៀតសោត នរណាៗក៏ចង់លក់ឱ្យបានឆាប់ និងបានថ្លៃដែរ ដូច្នេះការតុបតែងផ្ទះឱ្យមើលទៅ​ស្អាត​​​​នោះ​​ មានផលល្អទៅដល់តម្លៃរបស់ផ្ទះដែលយើងចង់លក់ ដោយគួររៀបចំតុបតែងផ្ទះតាមតិចនិកដូចខាងក្រោមនេះ ៖

1 . រៀបចំផ្ទៃក្នុងផ្ទះឱ្យមានរបៀប

តឱ្យឧបករណ៍ គ្រឿងសង្ហារិមនៅក្នុងផ្ទះមើលទៅស្អាត មានតម្លៃប៉ុនណាក៏ដោយ តែបើនៅរាយប៉ាយ ដាក់មិនចំកន្លែង មិនគួរឱ្យយកភ្នែកមើលនោះ ក៏ផ្ទះប្រហែលជាមិនងាយលក់ចេញបានដែរ។ អ្នកជំនាញការខាងតុបតែងផ្ទះបានអះអាងថា​​ ការដាក់របស់​របរ​មិនចំកន្លែង នឹងធ្វើឱ្យផ្ទះមើលទៅច្របូកច្របល់ មិនគួរឱ្យចង់ទិញ ដូច្នេះយើងគួររៀបចំវាឱ្យមានរបៀបរៀបរយ ដូចជា បើផ្ទះអ្នកណាមានចង្រ្កានបាយ និងបន្ទប់ទទួលភ្ញៀវនៅក្នុងទីកន្លែងតែមួយ គួរតែយកឆាកឡប់ឡែមកដាក់បាំង និងក្រាលកម្រាល​ព្រំដើម្បីញែកបន្ទប់ទទួលភ្ញៀវឱ្យនៅដាច់ដោយឡែក។

2 . ផ្លូវដើរក្នុងផ្ទះគួរឱ្យពេញចិត្ត

ពឹតប្រាកដណាស់ថា ផ្ទះដែលមើលទៅធំទូលាយស្រឡះ ពឹតជាមើលទៅឃើញល្អជាងផ្ទះដែលមានបរិយាកាសតូចចង្អៀត ដែលគ្រាន់តែឃើញភ្លាម ក៏មានអារម្មណ៍ថា រាងថប់ៗ ហប់ៗស្រេចទៅហើយដែរ។ ទោះជាផ្ទះរបស់លោកអ្នកមិនមានទីកន្លែងធំប៉ុន្មានមែន តែយ៉ាងហោចណាស់ក៏ការទុកឱ្យមានចន្លោះដែលទំនេរសម្រាប់ធ្វើជាផ្លូវដើរទៅមកបានយ៉ាងស្រួលនោះ ក៏អាចជួយបានច្រើនដែរ ដូច្នេះគួរបង្ខិតកៅអីសាឡុងទៅជាប់ជញ្ជាំង ឬជិតបង្អួច និងទុកកន្លែងសម្រាប់ធ្វើជាផ្លូវដើរឱ្យបានធំល្មមផងទើបជាការល្អ។

3 . ថែមពណ៌ឱ្យស្រស់ស្អាតបន្តិច

ពណ៌មានចំណែកសំខាន់ក្នុងការជួយតុបតែងឱ្យបន្ទប់មានទំហំតាមដែលអ្នកចង់បានយ៉ាងងាយស្រួល ដូចជាប្រើពណ៌ភ្លឺៗបន្លំភ្នែកឱ្យបន្ទប់មើលទៅឃើញកាន់តែធំឡើង ខណះដែលពណ៌ងងឹតៗអាចធ្វើឱ្យបន្ទប់មើលទៅរាងមានអាថ៌កំបាំងដូច្នោះដែរ។ ក្រៅពីនេះ ពណ៌នីមួយៗថែមទាំងផ្ដល់នូវបរិយាកាសខុសប្លែកពីគ្នាទៀតផង ដូច្នេះយើងត្រូវចេះចាប់គូពណ៌ និងរើសពណ៌ឱ្យស៊ីគ្នានឹងបន្ទប់ផង។

4 . រៀបចំពន្លឺឱ្យសមល្មម

ពន្លឺដែលស្អាតសមសួននឹងជួយធ្វើឱ្យបន្ទប់ក្នុងផ្ទះមើលទៅស្អាតទំនើបភ្លាមតែម្តង ព្រោះធ្វើឱ្យបន្ទប់មើលទៅស្រឡះ មានខ្យល់អាកាសចេញចូលល្អ និងថែមទាំងធ្វើឱ្យពណ៌របស់ឧបករណ៍តុបតែងផ្សេងៗនៅក្នុងផ្ទះមើលទៅ​ស្អាតជាងមុន​​​​​ទៀត​ផង។​ គួរដាក់អំពូលភ្លើងឱ្យបានសព្វកន្លែង តែក៏មិនមែនច្រើនហួសហេតុពេកដែរ និងជាពិសេសក្នុងបន្ទប់ទឹកដែលសើមជាប់ជានិច្ចនោះ រឹតតែត្រូវយកចិត្តទុកដាក់រឿងពន្លឺខ្លាំងទៅទៀត។

5 . ជួសជុលកន្លែងខូចខាតឱ្យបានល្អឡើងវិញ

លោកអ្នកប្រហែលជាមិនចង់បែរមុខទៅញញឹមរាងស្ងួតៗដាក់ភ្ញៀវដែលមកចង់ទិញផ្ទះ នៅពេលដែលបើក​​ភ្លើង​​​​អត់ឆេះ ឬទ្វារបើកមិនចង់ចេញ ឬពេលបើកម្តងៗឮសូរសំឡេងង៉ឺតង៉តគួរឱ្យរំខាននោះឡើយមែនទេ? ដូច្នេះមុនពេលណាត់អ្នកដែលគេចង់ទិញផ្ទះឱ្យមកមើលផ្ទះនោះ លោកអ្នកត្រូវត្រួតពិនិត្យមើលសភាពរបស់ផ្ទះគ្រប់យ៉ាងឱ្យបានរៀបរយជា​មុនសិន មិនដូច្នោះទេរឿងកំប៉ិកកំប៉ុកទាំងនោះ អាចធ្វើឱ្យផ្ទះរបស់អ្នកពិបាកលក់ចេញ និងអាចចុះថ្លៃទៀតផងក៏ថាបានដែរ។

អ្ហ៎!…មានរឿងមួយទៀតដែលអ្នកមិនត្រូវភ្លេចជាដាច់ខាត នោះគឺ ការបោសសម្អាតផ្ទះឱ្យបានស្អាតហ្មត់ចត់ ព្រោះផ្ទះស្អាតនឹងធ្វើឱ្យមើលទៅឃើញដូចជាផ្ទះនៅថ្មី ខុសពីផ្ទះកខ្វក់ដែលមើលទៅឃើញដូចជាចាស់ទ្រុឌទ្រោម៕

Advertisement