លក្ខណៈបន្ទប់ទឹកអពមង្គល ដែលអូសទាញសំណាងអាក្រក់ចូលផ្ទះ…

ដោយសារមើលឃើញថា អត្ថបទមួយនេះមានសារៈប្រយោជន៍ល្អសម្រាប់ជីវិតរស់នៅរបស់មនុស្សយើង ថ្ងៃនេះ ទំព័រតុបតែងផ្ទះរបស់ទស្សនាវដ្តី ឡារ៉ែនសូមនាំមិត្តអ្នកអានមកដឹង និងយល់ច្បាស់អំពីលក្ខណៈ និងទីតាំងរបស់បន្ទប់ទឹកដែលមិនគួរមាននៅក្នុងគេហដ្ឋានរបស់យើងនៅពេលសាងសង់ដើម្បីទុកជាចំណេះដឹងដូចខាងក្រោម។

បន្ទប់ទឹក និងបង្គន់ បើស្ថិតនៅក្នុងទីតាំងជាន់លើ ចំកណ្ដាលផ្ទះ គឺជាទីតាំងអពមង្គលបំផុត ព្រោះនឹងហុចផលអាក្រក់ខាងលុយកាក់ និងសុខភាពរបស់អ្នកស្នាក់អាស្រ័យក្នុងអគារ ឬផ្ទះមួយខ្នងនោះ ដោយសារសមាជិកក្នុងផ្ទះគ្រប់គ្នាត្រូវដើរមុជក្រោមបន្ទប់ទឹក និងបង្គន់ជារៀងរាល់ថ្ងៃ ហើយអ្នកជំនាញខាងហុងស៊ុយបានបញ្ជាក់យ៉ាងច្បាស់ថា បន្ទប់ទឹកគឺជាទីកន្លែងដែលត្រូវបញ្ចេញភាពអពមង្គល បញ្ចេញកាកសំណល់ចោល ដូច្នេះទើបមនុស្សកាលពីសម័យមុនច្រើនរៀបចំ និងកំណត់ទីតាំងរបស់បន្ទប់ទឹក និងបង្គន់ឱ្យនៅឆ្ងាយពីអគារផ្ទះ។

តែដោយសារពេលបច្ចុប្បន្ន ផ្ទះដែលមនុស្សយើងនិយមរស់នៅ ច្រើនតែជាផ្ទះដែលមានទំហំតូច ឬជាលក្ខណៈផ្ទះក្នុងបុរីដែលមានការចេញម៉ូដ ប្លង់ និងមានទីកន្លែងសម្រាប់ប្រើការស្ថិតក្នុងទីតាំងងាប់(មិនអាចកែកុន ឬផ្លាស់ប្ដូរបាន)ដូចៗគ្នាសឹងតែទាំងអស់ មិនថាតែទីតាំងរបស់បន្ទប់គេង ជណ្ដើរ បន្ទប់ផ្ទះបាយ និងបន្ទប់ទឹក និងបង្គន់ជាដើម ទើបជាការពិបាកក្នុងការផ្លាស់ប្ដូរប្លង់ លើកលែងតែលោកអ្នកទិញដីសាងសង់ផ្ទះដោយខ្លួនឯង។

យើងនាំគ្នាមកមើលថា តើលក្ខណៈបន្ទប់ទឹកដែលស្ថិតនៅជាន់លើនៅជាប់ជណ្ដើរ ជាពិសេសទីតាំងចុងជណ្ដើរឡើងហ្នឹងតែម្ដង ដែលក្រៅពីបំផ្លាញជោគសំណាងដែលរំកិលខ្លួនឡើងមកជាន់លើហើយនោះ នៅបានសង្កត់ជាន់លើទីតាំងខាងក្រោមឱ្យអាប់ជោគដូចដែលបានរៀបរាប់មកទៀតផង។ តើវានឹងហុចផលអាក្រក់យ៉ាងណាខ្លះដល់អ្នកស្នាក់អាស្រ័យ? និងតើគួរពិចារណាពាក់ព័ន្ធនឹងសាស្រ្តាហុងស៊ុយលើផ្នែកនេះយ៉ាងណា?

1 . បន្ទប់ទឹកក្នុងលក្ខណៈដែលច្រើនតែស្ថិតក្នុងទីតាំងប្រធានរបស់ផ្ទះ

ហុចផលប៉ះពាល់ដល់អ្នកស្នាក់នៅក្នុងផ្ទះគ្រប់គ្នា ដោយនឹងធ្វើឱ្យកើតការឈឺថ្កាត់ញឹកញាប់ សុខភាពចុះទ្រុឌទ្រោម មិនរឹងមាំ។

2 . ទីតាំងបន្ទប់ទឹកដែលស្ថិតចំខ្សែផ្លូវនៃការរំកិលខ្លួនរបស់ថាមពល

នឹងបំផ្លាញជោគលាភសំណាង និងភាពជោគជ័យរបស់មនុស្សនៅក្នុងផ្ទះ ដូច្នេះក្រៅតែពីនឹងអាប់ជោគ ឃើញប្រាក់ មានឱកាសហើយ តែយកមិនបាន បាត់បង់ជោគសំណាងធំៗ។ ចូរប្រយ័ត្នត្រូវគេបោក និងបើបណ្ដោយឱ្យបន្ទប់ទឹកសើមអាប់ កខ្វក់ផងនោះ មនុស្សនៅក្នុងផ្ទះនឹងទទួលរងនូវផលប៉ះពាល់កាន់តែខ្លាំង។

3 . បន្ទប់ទឹកស្ថិតនៅចំទីតាំងកណ្ដាលផ្ទះ

ក្នុងវិជ្ជាហុងស៊ុយបានដាស់តឿនថា ក្រៅពីនឹងធ្វើឱ្យមនុស្សនៅក្នុងផ្ទះមានតែឧបសគ្គ និងបញ្ហាក្នុងការរស់នៅហើយ នៅធ្វើឱ្យជោគលាភសំណាងរួញថយចុះ ការងាររអាក់រអួល លុយកាក់ចុះខ្សោយ សុខភាពយ៉ាប់យ៉ឺន ឬមានឱកាសកើតជំងឺធ្ងន់ធ្ងរទៀតផង។

4 . ទីតាំងដែលបន្ទប់ទឹកសង្កត់ចុះមកនឹងនាំតែភាពក្ដៅក្រហាយមកឱ្យ

– សង្កត់ពីលើតុបាយនៅជាន់ក្រោម នឹងធ្វើឱ្យស្ថានភាពរឿងលុយកាក់តឹងតែង ប្រុងធ្វើរឿងអ្វីមួយ បានត្រឹមតែគិត តែពិបាកនឹងធ្វើបាន ព្រោះខ្វះឱកាស ឬខ្វះអ្នកគាំទ្រ(មិនស៊ីចង្វាក់គ្នា) បើធ្វើបាន ក៏ត្រូវប្រយ័ត្នប្រយែងការបរាជ័យដែរ។

– សង្កត់ពីលើជំនៀងផ្ទះជាន់ក្រោម នឹងធ្វើឱ្យមនុស្សនៅក្នុងផ្ទះឯកោ គ្មានអ្នកជួយដែលស្មោះត្រង់ពិត គ្មានជោគសំណាង មានការឈ្លោះប្រកែក ឬមានរឿងឈ្មោះទាស់ទែងគ្នាជាប្រចាំ។ ចំណុចសំខាន់ ចូរប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរ។

– សង្កត់ចុះមកលើបន្ទប់ទទួលភ្ញៀវ ក្រៅពីនឹងធ្វើឱ្យមនុស្សក្នុងផ្ទះខ្វះការស្រឡាញ់ សាមគ្គីគ្នា​ រស់នៅបែបក្បាលអ្នកណា សក់អ្នកហ្នឹងហើយនោះ នៅធ្វើឱ្យមិត្តរួមការងារខ្វះភាពស្មោះត្រង់ជាមួយទៀតផង។

– សង្កត់ពីលើទ្វារក្រោយ នឹងធ្វើឱ្យមនុស្សនៅក្នុងផ្ទះចូលចិត្តចេញក្រៅផ្ទះ ឬត្រឡប់ចូលផ្ទះមិនទៀងពេល ធ្វើឱ្យកើតមានការព្រួយបារម្ភ ឬបន្ថែមបន្ទុកភារៈឱ្យអ្នកនៅក្នុងផ្ទះទៀតផង។

5 . បន្ទប់ទឹករឹតតែធំ ឬតុបតែងលម្អច្រើន នឹងបង្កើនថាមពលអពមង្គលច្រើនឡើងដែរ

ជាពិសេសបន្ទប់ទឹកដែលតុបតែងដោយឥដ្ឋការ៉ូពណ៌ធាតុទឹក មានរូបភាពទឹក ឬរក្សាទឹកនៅក្នុងបន្ទប់ច្រើនៗ ដូចជាមាន

អាងទុកទឹក ឬគ្រឿងផលិតទឹកក្នុងប្រព័ន្ធផ្សេងៗជាដើម។

វិធីកែខៃ អាចធ្វើបានដោយការដាក់ដុំឥដ្ឋនៅតាមជ្រុងទាំង 4នៃបន្ទប់ទឹក លាបពណ៌ទ្វារបន្ទប់ទឹកពណ៌ក្រហម ដាក់ផើងផ្កានៅក្នុងបន្ទប់ទឹក បំពាក់ភ្លើងឱ្យភ្លឺ ដើម្បីបន្ថយថាមពល «យិន» ឬបំពាក់វាំងននគជ់មុខបន្ទប់ទឹក៕

Advertisement