កំណប់​ 1.1 លាន​ឆ្នាំ ធ្វើ​ឱ្យ​​ប្រវត្តិសាស្ត្រមនុស្ស​ជាតិត្រូវ​ចារ​ឡើង​វិញ

មនុស្ស​សម័យ​បុរាណ​ បាន​មក​ដល់​ដែន​ដី​មួយ​ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ចិន​ ឆាប់​ជាង​ច្រើន​ បើ​ធៀប​នឹង​ការ​រក​ឃើញ​កន្លងមក និង​មាន​បច្ចេកវិទ្យា​ជឿ​លឿន​ខ្លាំង​។

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ដឹក​នាំ​ដោយ​សាស្ត្រាចារ្យ PEI Shuwen មក​ពី​សភា​វិទ្យាសាស្ត្រ​ចិន និង​សាស្ត្រាចារ្យ Ignacio de la Torre មក​ពី​វិទ្យាស្ថាន​ប្រវត្តិសាស្ត្រ​ នៃ​ក្រុមប្រឹក្សា​ស្រាវ​ជ្រាវ​អេស្ប៉ាញ បាន​ធ្វើ​ឱ្យ​មាន​ការប្រែប្រួល​​នូវ​ពេល​វេលា​នៃ​ការ​វិវឌ្ឍ​របស់​មនុស្ស​ជាតិ​ ដែល​បាន​ចារ​នា​ពេល​កន្លង។

យោង​តាម​អត្ថបទ​នៅលើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ PNAS ពួក​គេ​បាន​វិភាគ​ទៅ​លើ​ឃ្លាំង​វត្ថុ​បុរាណ​មួយ​ដ៏មាន​តម្លៃ​ ដែល​ត្រូវ​បាន​រកឃើញ​នៅ​តំបន់ Nihewan ស្ថិត​ក្នុង​ខេត្ត​ Hunan ប្រទេស​ចិន​ និង​រកឃើញ​ថា ពួក​វា​មាន​អាយុ​កាល​ 1.1 លាន​ឆ្នាំ​ទៅ​ហើយ​។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាង​នេះ គឺ​ថា បច្ចេកវិទ្យា​ដែល​បាន​ប្រើ​ប្រាស់​សម្រាប់​ច្នៃ​​ឧបករណ៍នានា​​ក្នុង​យុគថ្ម (Stone Age) ​​គឺ Mode 2 ​ជា​វិធី​សាស្ត្រ​ច្នៃ​ឧបករណ៍​ដែល​ទំនើប​ជាងយុគ​ដំបូង​ដែល​ហៅ​ថា Mode 1​។

Mode 2 មាន​ចំណុច​ពិសេស​ ព្រោះ​បច្ចេកទេស​ឆ្លាក់​នៅ​លើ​ដុំថ្ម​ប្រកប​ដោយ​ការ​យកចិត្ត​ទុក​ដាក់​ ហើយ​​ដំណាក់​កាល​នៃ​ការ​ផលិត​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ស្តង់ដា​។ ក្រៅ​ពី​នេះ ឧបករណ៍​មួយ​ចំនួន​ថែម​ទាំង​មាន​រន្ធ​ខួង​ផងដែរ​។

យោង​តាម​ SciTech Daily ​បុរាណ​វិទូ​ក៏​បាន​រកឃើញ​បំណែក​ថ្ម​ដែល​បែក​ចេញ​ពី​ឧបករណ៍​ ជាមួយ​នឹង​ភាព​ស៊ី​គ្នា​ ដែល​បញ្ជាក់​អំពី​ស្តង់ដា​​នេះ​។

Mode 2 គឺជា​ជំហាន​ដ៏​លេចធ្លោ​នៅ​ក្នុង​បច្ចេកវិទ្យា​របស់​មនុស្ស​សម័យ​ដំបូង​ ដោយ​មាន​ភាព​​ស្មុគ​ស្មាញ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់ជាង​ឆ្ងាយ​ បើធៀប​នឹង​ Mode 1។

កន្លងមក គេ​ជឿ​ថា ក្នុង​មួយ​រយៈ​ពេល​វែង បច្ចេកវិទ្យា​នៅ​តំបន់​អាស៊ី​ខាងកើត​​ នៅ​តែ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ច្នៃ​ឧបករណ៍​បែប​ Mode 1។

ការ​រកឃើញ​ខាងលើ​ នាំ​មក​នូវ​ទិន្នន័យ​ថ្មី​សំខាន់​ចំនួន​ពីរ​៖

*ទីមួយ មនុស្សបុរាណច្រើនអំបូរ​បាន​បង្ហាញ​វត្តមាន​នៅ​អាស៊ីខាងកើត ដែល​បច្ចុប្បន្ន​គឺជា​ប្រទេស​ចិន​ ឆាប់​ជាង​ឆ្ងាយ បើធៀប​នឹង​ការ​យល់​ដឹង​កន្លងមក​។

*ទីពីរ​ ពួក​មាន​បច្ចេកវិទ្យា​ជឿលឿន​ខ្លាំង​ ដែល​អាច​អភិវឌ្ឍ​សមត្ថភាព​ច្នៃ​ឧបករណ៍​ Mode 2 ឆាប់ជាង​យ៉ាងតិចបំផុត 300,000 ឆ្នាំ បើធៀប​នឹង​ទិន្នន័យនៃ​ការ​សិក្សា​ស្រាវជ្រាវ​​ចាស់​។

ដូច្នេះ អាស៊ី​ខាង​កើត​អាច​មិន​មែន​ជា​តំបន់​ដំបូង​គេ​លើ​ផែនដី​ ដែល Mode 2 បង្ហាញ​វត្តមាន​ ប៉ុន្តែ​គឺជា​មួយ​ក្នុង​ចំណោម​តំបន់​ដែល​មនុស្សបាន​​នាំ​បច្ចេកវិទ្យា​នេះមក​រស់​នៅ​ឆាប់​ជាង​គេ​។ មូលហេតុ​នេះ​ហើយ ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ អាច​ត្រូវ​សរសេរ​ឡើងវិញ​ម្ដង​ទៀត​៕

Advertisement