បើ​មិន​ចង់​ចាស់​មុន​អាយុ​ទេនោះ​ គួរ​ចេញ​ឱ្យ​ឆ្ងាយ​ពី​សកម្មភាព​អស់ទាំង​នេះ!​

ស្នាម​ជ្រួញ​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​អាយុ និង​ការវិវឌ្ឍ​ទៅរក​ភាព​ចាស់​របស់​មនុស្ស​យើងម្នាក់។ នៅពេលដែល​យើង​សង្កេតឃើញថា​ស្នាម​ជ្រីវជ្រួញ​កំពុង​តែមាន​វត្ត​មាននៅ​លើ​ស្បែក​របស់​យើង​ហើយ​នោះ គឺ​វា​មិន​ខុស​អី​ពី​ការបង្ហាញ​ប្រាប់​ឱ្យ​មនុស្ស​គ្រប់គ្នា​ដឹងថា ពេលវេលា​ដែល​សម្រស់​​ធ្លាប់តែ​ផូរផង់​ត្រូវ​រលាយបាត់​ម្តងបន្តិចៗហើយ។ មែនហើយ​ការផ្លាស់ប្តូរ​នៃ​វ័យ​របស់​មនុស្សយើងម្នាក់ៗគឺ​ពិតជា​មិនមាន​អ្នកណា​អាច​ប្រកែក​បាន​នោះទេ ប៉ុន្តែ​បើ​ក្នុងករណី​មួយ​ដែល​អាយុ​របស់​អ្នក​មិនទាន់​សមល្មម​នឹង​ការកើតមាន​សភាព​ជ្រីវជ្រួញ​ផង​នោះ តែ​ស្បែក​របស់​អ្នក​បែរជា​ជ្រួញ​មុន​ទៅហើយ ដូច្នេះ​ត្រូវធ្វើ​ដូច​ម្តេចទៅ? ភាព​ជ្រីវជ្រួញ​មិនមែន​ចេះតែ​កើតឡើង​ដោយ​គ្មាន​មូលហេតុ​នោះទេ ត្រូវ​ដឹងផង​ទៅ​ថា​វា​ចាំតែ​ឆ្លៀតឱកាស​ចូលមក​ក្បែរ​អ្នក​គ្រប់​ពេលដែល​អ្នក​ប្រហែស​ភ្លេចខ្លួន​តែ​បន្តិច​ទេ។ តើ​អ្វី​ទៅ​ដែល​ចាត់ទុក​ថា​ជាការ​ប្រហែស​ភ្លេចខ្លួន​ដែលនាំឱ្យ​ភាព​ជ្រីវជ្រួញ​ចូលមក​ជិត​អ្នក​បាន​នោះ?

បារី៖ ជា​មូលហេតុ​សាមញ្ញ​បំផុត​មួយ​ដែលនាំ​អ្នក​ទៅរក​ភាព​ជ្រីវជ្រួញ ប៉ុន្តែ ឡា​រ៉ែ​ន ជឿជាក់​ថាបើ​និយាយ​ពី​ស្ត្រី​មួយចំនួនធំ​នៅក្នុង​ប្រទេសយើង បារី​មិនមែនជា​បញ្ហា​នោះទេ ព្រោះថា​មាន​មនុស្ស​ស្រី​តិច​នាក់​បំផុត​ដែល​ជក់បារី។

របប​អាហារ​របស់​អ្នក៖ ប្រសិនបើ​អ្នក​ចង់​រក្សា​ស្បែក​របស់​អ្នក​ឱ្យនៅ​តែមាន​សភាព​ក្មេង​ស្រស់ស្អាត និង​មាន​សុខភាព​ល្អ​នោះ សូម​ចងចាំ​ពាក្យ​មួយ​ឃ្លា​ថា “ដាំ​គ្រប់​ពូជ​អី​ដុះ​ដើម​នោះ”។មិន​ខុស​អី​ពី​ការដែល​អ្នក​ទទួលទាន​នោះទេ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ណា​ដែល​ធ្វើឱ្យ​ស្បែកស្អាត​នោះ ស្បែក​នឹង​ស្អាត ប៉ុន្តែ​បើ​ទទួលទាន​អាហារ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្បែក​នោះ ស្បែក​ក៏​នឹង​យ៉ាប់​ទៅតាម​នោះដែរ។ សូមចាំ​ថា​គ្រប់​អាហារ​ដែល​អ្នក​ចូលចិត្ត ហើយ​គិតថា​ឆ្ងាញ់​មិនមែន​មានន័យថា សុទ្ធតែជា​អាហារ​ដែល​ស្បែក​អ្នក​គិតថា​ល្អ​ដែរ​នោះទេ។ ស្បែក​របស់​អ្នកនឹង​និយាយ​ពាក្យ​ថា អគុណ​ដល់​អ្នកប្រសិនបើ​អ្នក​មិន​ដាក់បញ្ចូល​អាហារ​ណា​ដែលមាន​ជាតិកាបូ​ហៃ​ដ្រី​ត និង​ជាតិ​ស្ករ​ច្រើន​នៅក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក។

អាល់កុល៖ អ្នកទទួល​ទាន​ជាតិ​អាល់កុល​នៅថ្ងៃនេះ លុះ​ស្អែក​ព្រឹក​ឡើង​អ្នកនឹង​មើលឃើញថា​ស្បែក​របស់​អ្នក​បាត់បង់​ភាពស្រស់​ស្រាយនិង​មាន​សភាព​ស្ងួត​ក្រៀម​ជាង​មុន។ នៅពេលដែល​ជាតិ​ទឹក និង​ភាព​រលាស់ ភាពយឺតនៃស្បែកត្រូវបាន​បាត់បង់ ឱកាស​នៃ​ការកើតមាន​នូវ​ភាព​ជ្រីវជ្រួញ​ក៏មាន​កាន់តែច្រើន​ដែរ។

ស្ករ​កៅស៊ូ៖ អ្នក​អាច​នឹងមិន​គិតថា​ការ​ទំពា​ស្ករ​កៅស៊ូ​អាច​នឹង​ធ្វើឱ្យ​ស្បែក​ជ្រួញ ប៉ុន្តែ​វា​ជាការ​ពិត នៅពេលដែល​មាត់​របស់​អ្នក​គិតតែ​ពី​ទំពា​រស្ករ​កៅស៊ូ​ជាប់​មិន​ឈប់​នោះ មិន​ថា​ច្រើន​ឬ​តិច អ្នកនឹង​ប្រឈម​នឹង​ការកើត​មាននូវ​ភាព​ជ្រីវជ្រួញ​នៅ​ម្តុំ​ស្បែក​មាត់​ផ្នែក​ខាងក្រោម។

រមាស់​ដៃ៖ ឱ្យតែ​ឃើញ​មាន​អ្វី​បន្តិច​ប្លែក​នៅលើ​ផ្ទៃមុខ​គឺ​ចាប់ផ្តើម​រមាស់​ដៃ​ចង់​ទាញ​ញិច​កេះ​ចេញមក​ហើយ​មែន​ទេ? ទប់​អារម្មណ៍ នៅ​ឱ្យ​ស្ងៀម​ទុកឱ្យ​វា​បាត់​ដោយ​ខ្លួនឯង​ទៅ ព្រោះ​បើ​អ្នក​កាន់តែ​បង្ខំ​ឱ្យ​វា​ឆាប់​ចេញមក​នោះ វា​ក៏​មិន​ខុស​អី​ពី​ការដែល​អ្នក​ចង់​បង្ខំ​ឱ្យ​ស្បែក​របស់​អ្នក​កើតមាន​អាការ​រមាស់ ប្រតិកម្ម​ មាន​ស្នាមនិង​មាន​សភាព​ជ្រីវជ្រួញ​កាន់តែ​ឆាប់​នោះដែរ។

ទាញ​ស្បែក​ពេល​តែង​មុខ៖ ធ្លាប់​ទេ​ឱ្យតែ​ពេល​ត្រូវការ​គូស Eye Liner គឺ​ចាប់ផ្តើម​យកដៃ​ទាញ​ស្បែក​ភ្នែក​ឱ្យ​តឹង​ហើយ!! អ្នកជំនាញ​ប្រាប់ថា ការធ្វើ​បែបនេះ​មិនមែនជា​ទង្វើ​ដែល​ត្រឹមត្រូវ​នោះទេ ដូច្នេះ​កុំ​ព្រោះតែ​ចង់ឱ្យ​អ្នកផ្សេង​មើលឃើញថា ស្អាត​មួយ​ភ្លែត​សុខចិត្ត​ធ្វើឱ្យ​ស្បែក​ឆាប់​ជ្រួញ​ឱ្យសោះ​ណា៎។ ព្យាយាម​គូសភ្នែក​របស់​អ្នក​តាមបែប​ធម្មតា ដោយ​មិនចាំបាច់​ទាញ​ស្បែក​ភ្នែក​នោះ​ទើប​ជាការ​ប្រសើរ។

ហាម​បោះបង់​ឡេ​ការពារ​កម្តៅថ្ងៃ៖ ភ្លៀង​ក៏ដោយ មេឃ​ស្រឡះ​ក៏ដោយ​ ស្រទុំ​ក៏ដោយ កុំ​បំភ្លេច​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យសោះ ត្រូវ​ចាំ​ថា វា​ជា​អង្គរក្ស​ដែល​ចាំ​ការពារ​អ្នក​ពី​កម្តៅថ្ងៃ។

គេង៖ ការ​គេង​ផ្កាប់មុខ​ចុះក្រោម​ទប់​នឹង​ខ្នើយ ក៏​អាច​បណ្តាលឱ្យមាន​ស្នាម​ជ្រួញ​បានដែរដូច្នេះ​យក​ល្អ​ពេល​គេង​គួរតែ​គេង​ឱ្យ​ស្រួលបួល៕

Advertisement