ការចម្អិនបន្លែជាអាហារនេះ រឿងសំខាន់បំផុតគឺ គួរប្រើភ្លើងខ្លាំង និងចម្អិនយ៉ាងឆាប់រហ័ស ព្រោះវានឹងធ្វើឱ្យមិនបាត់បង់គុណតម្លៃខាងសារធាតុអាហារច្រើន។ ការបន្ថែម “ទឹកខ្មេះ” ចូលទៅបន្តិចបន្តួចមិនត្រឹមតែជាការបង្កើនរសជាតិរបស់ម្ហូបអាហារប៉ុណ្ណោះទេ តែថែមទាំងជាការថែរក្សាវីតាមីន C បានទៀតផង ហើយការប្រើប្រាស់ឧបករណ៍ផ្ទះបាយសម្រាប់ឆា ឬស្ងោរបន្លែវិញ ក៏គួរប្រើឧបករណ៍ពពួកដែក ដូចជាខ្ទះដែកជាដើម ដែលវានឹងជួយឱ្យបាត់បង់វីតាមីនអស់តិចបំផុត។
ការស្ងោរ
1. ព្យាយាមប្រើទឹកឱ្យតិចបំផុតតាមដែលអាចធ្វើទៅបានសម្រាប់ការស្ងោរបន្លែ។
2. រង់ចាំឱ្យទឹកពុះខ្លាំង សឹមដាក់បន្លែចូលទៅ និងមិនគួរទុកឱ្យទឹកពុះ ឬរម្ងាស់យូរឡើយ។
3. បិទគម្របឆ្នាំងគ្រប់ពេល ដើម្បីឱ្យទឹកឆាប់ពុះ និងបន្លែឆាប់ឆ្អិន។
4. បន្លែពណ៌បៃតង ចូរស្រុស ឬដាក់ចូលនៅពេលទឹកពុះ រួចរង់ចាំឱ្យទឹកពុះម្ដងទៀត ទើបដួសឡើងតែម្ដង។
5. បើជាបន្លែមើមវិញ គួរដាំទឹកឱ្យពុះ រួចបន្ថយភ្លើងបន្តិច ហើយយកបន្លែដែលត្រៀមរួចជាស្រេចដាក់ចូលទៅទាំងមូល ឬហាន់ជាដុំៗក៏បាន។
6. បើបន្លែដែលយើងត្រូវការស្ងោរ ឬស្រុសមានបរិមាណច្រើន ចូរបែងជាចំណែកៗ មិនគួរយកទៅដាក់ស្ងោរ ឬស្រុសដំណាលគ្នាច្រើនៗទេ ព្រោះបើមានបរិមាណច្រើនជ្រុលពេក នឹងត្រូវប្រើពេលវេលាយូរ ហើយនឹងធ្វើឱ្យបាត់បង់គុណតម្លៃនៃសារធាតុអាហារអស់ច្រើនទៀតផង។
ការឆា
1. ត្រៀមគ្រឿងផ្សំគ្រប់យ៉ាងឱ្យរួចជាស្រេច ដោយសារតែបន្លែដែលដាក់ឆានៅក្នុងខ្ទះរឹតតែយូរ រឹតតែបាត់បង់គុណតម្លៃនៃសារធាតុអាហារ និងភាពស្រួយឆ្ងាញ់ប៉ុននោះដែរ។
2. ធ្វើឱ្យបន្លែស្ងួត ឬស្រស់ទឹកឱ្យបានច្រើនបំផុត ព្រោះបើនៅមានទឹកនៅជាប់លើបន្លែច្រើន(ជាពិសេសបន្លែស្លឹក)រឹតតែធ្វើឱ្យប្រើរយៈពេលនៃការឆាយូរឡើង ថែមទាំងបាត់បង់គុណតម្លៃនៃសារធាតុអាហារ និងភាពឆ្ងាញ់អស់ទៀតផង។
3. មុនចាប់ផ្ដើមឆា គួរដាក់ខ្ទះនៅលើភ្លើងឱ្យក្ដៅសព្វជាមុនសិន។
4. ធ្វើការញែកបំបែក ឬដាក់ផ្នែកណារបស់បន្លែដែលក្រឆ្អិនចូលឆាមុនគេ ដូចជា មែកបន្លែ និងដើម រួចសឹមដាក់ស្លឹកចូលទៅ ដាក់គ្រឿងឆាប់ៗ និងឆ្អិនហើយប្រញាប់ដួសឡើងពីខ្ទះ ហើយប្រញាប់ទទួលទានភ្លាម។
ការរម្ងាស់ឱ្យផុយ
1. ហាន់បន្លែទំហំធំល្មម មិនធំជ្រុលពេក ព្រោះអាចនឹងធ្វើឱ្យក្រឆ្អិន។
2. ដាក់បន្លែស្លឹកចូលទៅក្រោយគេ ព្រោះវាឆាប់ផុយ។
3. បិទគម្របឆ្នាំងឱ្យជិត។
ការចំហុយ
1. ត្រូវដាំទឹកឱ្យពុះជាមុនសិន រួចសឹមដាក់បន្លែដែលត្រូវការចំហុយចូលទៅ ដើម្បីកុំឱ្យបន្លែប៉ះនឹងកម្ដៅយូរជ្រុលពេក។
2. បិទគម្របឆ្នាំងឱ្យជិត ការពារកុំឱ្យចំហាយទឹកភាយចេញមកក្រៅ ព្រោះនឹងធ្វើឱ្យបាត់បង់កម្ដៅនៅខាងក្នុង និងធ្វើឱ្យអាហារក្រឆ្អិន៕