ចុងភៅ ដ៏ល្បីនៅប្រទេសបារាំងនឹងមកចម្អិនម្ហូបសម្រាប់ភ្ញៀវរបស់ភោជនីយដ្ឋានតូប៉ាហ្ស

រយៈពេលកន្លងមកភោជនីយដ្ឋាន តូប៉ាហ្ស តែងតែអញ្ជើញចុងភៅល្បីៗលំដាប់អន្ដរជាតិ នៅជុំវិញពិភពលោកមកចម្អិនអាហារពេលល្ងាចសម្រាប់ការទទួលទានរបស់ភ្ញៀវ។ នៅថ្ងៃទី 27 ខែមេសាខាងមុខនេះ តូប៉ាហ្ស បានអញ្ជើញលោក Nicolas ជាចុងភៅមានបទពិសោធន៍ក្នុងការចម្អិនអាហារក្នុងភោជនីយដ្ឋានធំៗនៅប្រទេសបារាំង និងជាប់ជាតារាចម្អិនម្ហូប Michelin តាំងពីឆ្នាំ2009 មកធ្វើការចម្អិនម្ហូបសម្រាប់ភ្ញៀវសំខាន់ៗបរិភោគផងដែរ។

នៅក្នុងឱកាសដែលលោក Nicolas មកចម្អិនម្ហូបសម្រាប់ភ្ញៀវសំខាន់របស់ភោជនីយដ្ឋាន តូប៉ាហ្ស នោះលោកនឹងធ្វើការបណ្ដុះបណ្ដាលជំនាញចម្អិនម្ហូបបែបស្ដង់ដារអន្ដរជាតិដល់ចុងភៅរបស់ភោជនីយដ្ឋាន តូប៉ាហ្ស ដែលដឹកនាំដោយមេចុងភៅ លោក ពៅ សុភក្រ័្ដ ដើម្បីឱ្យទទួលបានជំនាញចម្អិនម្ហូបកាន់តែខ្ពស់បន្ថែមទៀត។

លោក Nicolas មានអាយុ 40 ឆ្នាំជាចុងភៅមានប្រភពចេញពីតំបន់សមុទ្រ មេឌីទែរ៉ាណេ នៃប្រទេសបារាំងក្នុងតំបន់ Burgundy យាយរបស់គាត់ជាជនជាតិអ៊ីតាលី បានរកឃើញគ្រឿងផ្សំបែបសាមញ្ញាដំបូងគេមកធ្វើជាម្ហូបដ៏អស្ចារ្យ។ ស្ទើរតែពាក់កណ្ដាលជីវិតរបស់លោកបានឆ្លងកាត់ការងារចម្អិនម្ហូបនៅតាមបណ្ដាភោជនីដ្ឋានល្បីៗជាច្រើននៅប្រទេសបារាំងដូចជា Le Prieure នៃទីក្រុង Avignon, La Rotonde នៃទីក្រុង Lyon និង Auberge de Vieux Puits។ នៅឆ្នាំ2008 លោកក៏បានបង្កើតភោជនីដ្ឋានផ្ទាល់ខ្លួនមួយឈ្មោះថា Auberge de le Charme នៅក្បែរតំបន់Dijon។

គួររំលឹកថា នៅថ្ងៃ 27ខែមេសា ខាងមុខក៏ជាថ្ងៃខួបកំណើតរបស់លោកគម្រប់វ័យ 40ឆ្នាំផងដែរ៕

     

Advertisement