“អនាគតស្ត្រីទី1” ដំបូងគេ របស់អាមេរិក ដែលជា Working women

ក្នុងវិនាទី ដែលការរាប់ពិន្ទុបោះឆ្នោតរបស់រដ្ឋផេនស៊ីលវេនៀ ត្រូវបានបញ្ចប់ និងសំឡេងឆ្នោតរបស់គណបក្សដេម៉ូក្រេត បានឈ្នះដាច់គណបក្សរីផាប្ល៊ីកាន់ ដណ្ដើមបានជោគជ័យនៅក្នុងស្វ៊ីងស្តេត ធ្វើឱ្យលោក ចូ បៃដិន ប្រមូលកៅអីនៅក្នុងរដ្ឋសភាបានលើស 270អាសនៈ រួចរាល់ហើយនោះ ក៏មានន័យថា សហរដ្ឋអាមេរិក នឹងបានប្រធានាធិបតីថ្មីម្នាក់ទៀត ឡើងមកគ្រងតំណែង និងក៏ជាវិនាទី ដែលលោកស្រី ជីលល៍ បៃដិន គូជីវិតរបស់លោក ចូ បៃដិន បានឈានឡើងទៅក្លាយជា First Lady ឬសុភាពនារីទី1 ថ្មី ដំណាលគ្នាដែរ។

លោកស្រី ជីលល៍ បៃដិន ឬឈ្មោះពេញគឺ ជីលល៍ ថ្រេស៊ី ចាខប់ស៍ បៃដិន ធំធាត់ឡើងនៅឯទីក្រុងហ្វ៊ីឡាដែលហ្វៀ។ ស្ត្រីវ័យ 69ឆ្នាំរូបនេះ កំពុងតែសាងប្រវត្តិសាស្ត្រ វគ្គថ្មីមួយរបស់ស្ត្រីទី1 ដោយការក្លាយជាស្ត្រីដំបូងគេ ដែលជា Working woman ឬជាគូជីវិតរបស់ប្រធានាធិបតី ដែលមានការងារធ្វើច្បាស់លាស់ មិនមែនគ្រាន់តែជាភរិយា Full time ជួយការងារស្វាមី ឬធ្វើការក្នុងស្ថាប័នការងារសប្បុរសធម៌នានាឡើយ។

ជីលល៍ ឬលោកស្រីសាស្ត្រាចារ្យបណ្ឌិត ជីលល៍ ជាស្ត្រីអ្នកសិក្សាដ៏ពូកែម្នាក់ លោកស្រីរៀនចប់បរិញ្ញាត្រី ខាងផ្នែកភាសាអង់គ្លេស ពីមហាវិទ្យាល័យ ដេឡាវែរ, បរិញ្ញាទោ 2សន្លឹក ផ្នែកការសិក្សា មកពីមហាវិទ្យាល័យ វេស្ត ឆេស្ទើរ និងផ្នែកភាសាអង់គ្លេស ពីមហាវិទ្យាល័យ វីលឡាណូវ៉ា និងបរិញ្ញាឯក ផ្នែកការសិក្សា ពីមហាវិទ្យាល័យ ដេឡាវែរ កាលពីឆ្នាំ2007 ដណ្ដើមបានពាក្យថា បណ្ឌិត មកដាក់ពីមុខឈ្មោះខ្លួនឯង ខណៈដែលលោកស្រីមានអាយុ 55ឆ្នាំ។

លោកស្រី ជាសាស្ត្រាចារ្យ បង្រៀនជាង 40ឆ្នាំមកហើយ តាំងពីសាលារៀនកម្រិតមធ្យម និងវិទ្យាល័យជនបទ ដោយតាំងពីឆ្នាំ2009 មក លោកស្រីបានបង្រៀនភាសាអង់គ្លេសនៅ ណត់ធើន វើជីនៀ ខំមូនីធី ខលលេច និងនៅតែអះអាងថា បើទោះជាលោកស្រី នឹងឡើងតំណែងជាសុភាពនារីទី1 ហើយក្ដី ក៏នឹងនៅតែប្រកបអាជីពជាគ្រូ និងធ្វើការបង្រៀន ដែលនេះជាអ្វីដែលលោកស្រីស្រឡាញ់ តទៅទៀតដដែល។

ដោយតំណែង ហ្វ៊ើស ឡេឌី និងដោយអាជីពជាសាស្ត្រាចារ្យ ធ្វើឱ្យហ្វេសសិន ការតុបតែងខ្លួនរបស់លោកស្រីជីលល៍ សង្កត់ធ្ងន់លើភាពសាមញ្ញៗ សុភាព និងអាចសង្កេតឃើញបានថា លោកស្រីចូលចិត្តការមើលមក ឃើញបែបក្លាសស៊ិក ដូចជា សំពត់ដ្រេសវែង ពណ៌សាមញ្ញៗ ហើយគេកម្រនឹងបានឃើញសម្លៀកបំពាក់ពណ៌ចែងចាំង ដិតៗនៅលើខ្លួនលោកស្រីណាស់។ យ៉ាងខ្លាំងបំផុត ក៏មានត្រឹមក្បាច់ផ្កា ឬអុចៗ និងបើជាឈុតផ្លូវការវិញ លោកស្រីតែងជ្រើសរើសឈុតសកល សំពត់ពណ៌ងងឹតៗ បន្ថែមដោយគ្រឿងតុបតែងលម្អ ដូចជាខ្សែកគ្រាប់អង្កាំវែងៗ និងយូរៗម្ដង ទើបឃើញលោកស្រីចាប់យកខោមកស្លៀក តែក៏នៅតែមានពណ៌ស៊ីគ្នានឹងអាវដែរ។ ទាំងអាវ និងខោ រហូតទៅដល់ស្បែកជើងកវែង ឬសូម្បីតែម៉ាស់អនាម័យ ដែលលោកស្រីជ្រើសរើសប្រើ ក៏ច្រើនតែមានពណ៌ដូចគ្នា ឬក្បូរក្បាច់ដូចគ្នានឹងសម្លៀកបំពាក់ដែលស្លៀកដែរ។

ក្រៅពីនេះ លោកស្រីនៅជ្រើសរើសប្រើហ្វេសសិន ដែលសម្ដែងចេញខាងនយោបាយទៀតផង ដូចជា ពាក់ម៉ាស់អនាម័យដែលមានពាក្យថា VOTE ធំៗ ឬពាក់ស្បែកជើងប៊ូត កវែង ដ៏សែនឡូយ ដែលមានក្បូរក្បាច់បែបថៃប៉ូហ្ក្រាហ្វី ពាក្យថា VOTE យ៉ាងស្រស់សង្ហា។

សម្រាប់ការតុបតែងខ្លួនថ្មីៗបំផុតនេះ លោកស្រីបានជ្រើសរើសតុបតែង មកបង្ហាញខ្លួន ក្រោយឈានឡើងជាសុភាពនារីទី1 នៅក្នុងពិធីថ្លែងការណ៍ប្រកាសជ័យជម្នះរបស់លោក ចូ បៃដិន នៅទីក្រុងវីលមីងតុន ដែលជាស្រុកកំណើតរបស់លោកបៃដិន ដោយលោកស្រីជ្រើសរើសស្លៀកឈុតដ្រេសពណ៌ខៀវចាស់ មានក្បាច់ស្លឹកឈើ និងផ្កា របស់ប៊្រេនដ៍ អូស្កា ដេល ឡា រេនតា តាមបែប ហ្វ៊ើស ឡេឌី មុនៗ ព្រោះប្រ៊េនដ៍ អូស្កា ដេល ឡា រេនតា នេះ អាចនិយាយបានថា ជាប្រ៊េនដ៍សំណព្វចិត្តរបស់បណ្ដាស្ត្រីទី1 ជាច្រើនយុគសម័យមកហើយ ដូចជា លោកស្រី ជែកគី ខេននេឌី, លោកស្រី នែនស៊ី រីហ្គែន រហូតមកដល់លោកស្រី ហ៊ីលឡារី គ្លីនតុន ទៀតផង៕

ប្រភព៖ សារព័ត៌មានបរទេស

 

Advertisement