10 សញ្ញា​ដាស់តឿន​ថាជីវិត​គូ​ចាប់ផ្ដើម​មាន​បញ្ហា

នៅពេល​មនុស្ស​ពីរ​នាក់​កើតមាន​សេចក្ដីស្នេហា​រវាង​គ្នា​និង​គ្នា​ហើយ ការចង់​រស់នៅ​ជិតដិត​នែបនិត្យ​ក្បែរ​គ្នា គឺជា​ក្ដី​ប្រាថ្នា​យ៉ាងខ្លាំង​ក្លា រហូត​នាំ​ឆ្ពោះទៅរក​ការរួម​រស់នៅ​ជាមួយគ្នា តែមាន​ច្រើន​គូ​ណាស់​ដែល​បន្ទាប់ពី​នោះមក​ក៏​កើត​អាការ​ទឹកឃ្មុំ​លែង​ផ្អែម​ដូច​កាលពី​ថ្ងៃ​ម្សិល​ បន្ទាប់ពី​រួមរស់​នៅ​ជាមួយគ្នា​បាន​មួយរយៈ​ពេល​មក ហើយ​ពេលនោះ​សញ្ញា​ដាស់តឿន​ក៏​ចាប់ផ្ដើម​លេចចេញ​មកឱ្យ​ឃើញថា ជីវិត​ស្នេហ៍​នឹង​កើត​បញ្ហា​ហើយ…។

1. ចាប់ផ្ដើម​មាន​អារម្មណ៍​សប្បាយចិត្ត​ឡើង​ពេល​បាន​នៅ​ម្នាក់ឯង : ពេលណា​ក៏ដោយ​ដែល​អារម្មណ៍​មួយ​នេះ​កើតឡើង គឺ​បញ្ជាក់ថា ក្ដី​នឹកនា​ស្នេហា​រវាង​គ្នា និង​គ្នា​ចាប់ផ្ដើម​ថយចុះ​ហើយ។ ជីវិត​ស្នេហ៍ គឺ​ចំណង​ផ្លូវចិត្ត​ដែល​មើលមិនឃើញ​ខ្សែ​សម្ព័ន្ធ​នៃ​ស្នេហា តែ​យើង​អាច​ដឹងបាន និង​ប៉ះពាល់​បាន បើទោះបីជា​ពេលខ្លះ​រស់នៅ​ឆ្ងាយ​ពីគ្នា​មែន តែ​ក៏​នៅតែ​នឹក​ស្រមៃ​រកគ្នា​ជានិច្ច ប៉ុន្តែ​នៅពេលណា​ដែល​ខ្លួន​អ្នក ឬ​គូស្នេហ៍​របស់​អ្នក​ចាប់ផ្ដើម​នឹកនា​ដល់​គ្នា​កាន់តែ​តិចទៅៗ នោះ​បង្ហាញថា ទោះ​មាន ឬក៏​អត់​រូបអ្នក(ឬ​គេ) ក៏​គ្មាន​ន័យ​អ្វី​ក្នុងការ​រស់នៅ​ដែរ។ នេះ​ជាស​ញ្ញា​ដាស់តឿន​ដំបូង​គេ​ដែល​បង្ហាញថា បញ្ហា​ចាប់ផ្ដើម​កើត​ហើយ។

2. ឃើញ​ពួកម៉ាក និង​ការងារ​ល្អ​ជាង : ជា​អាការ​បន្ត​ពី​ចំណុច​ដំបូង​មក​គឺម្នាក់ៗព្យាយាម​រកហេតុ​ផល​ដែល​ធ្វើ​ម៉េច​ឱ្យ​ជួបគ្នា​កាន់តែ​តិច​ទៅ មិនថាតែ​ការ​អាង​លេស​ថា មានកា​ងារ​ច្រើន​រហូត​គ្មាន​ពេល ឬ​មាន​ពិធីជប់លៀង​ជាមួយ​មិត្ត​ភក្តិ ឬ​ជាប់​ប្រជុំ​នៅតាម​ខេត្ត រួមទាំង​ព្យាយាម​រក​ការងារ​មក​ធ្វើឱ្យ​ច្រើន​ហួសហេតុ ជាពិសេស​គ្មាន​ការឈប់​សម្រាក​នៅ​ថ្ងៃ​ឈប់​ចុង​សប្ដាហ៍ និង​ព្យាយាម​ធ្វើការ Over time ទាំង​មិន​ចង់បាន​លុយ​ទៀតផង។

3. ចាប់ផ្ដើម​កើត​បញ្ហា​រឿង​លុយកាក់ : បើជា​ការរក្សា​ទុកដាក់​លុយកាក់​រួមគ្នា ក៏​នឹង​ចាប់ផ្ដើម​មានការ​សួរដេញដោល​ពី​ការចាយវាយ​របស់ម្នាក់ៗយ៉ាង​ល្អិតល្អន់ ទាំង​កាល​ពីមុនមក​តែង​ទុកចិត្ត និង​មិនដែល​សួរនាំ​គ្នា​សោះ ឬ​បើជា​ការ​ទុកដាក់​លុយកាក់រៀងៗខ្លួន​វិញ ក៏​នឹង​ចាប់ផ្ដើម​លែង​និយាយ​ពី​ប្រាក់ចំណូល​របស់​គ្នា​ទៅវិញទៅមក រួមទាំង​អាចមាន​ការចាប់​ថ្នាក់​បាន​ថា មានការ​លាក់បាំង​លុយកាក់​មិនឱ្យ​គ្នា​ដឹង​ទៀតផង។ អាការ​បែបនេះ ជា​អា​ការដែល​មិនសូវ​ជា​ល្អ​ប៉ុន្មានឡើយ​ក្នុងការ​មាន​សម្ព័ន្ធ​ស្នេហ៍​ដែល​រលូន​ល្អ​នោះ។

4. កើតក្ដី​ប្រយ័ត្នប្រយែង និង​សង្ស័យ​គ្នា : ធ្លាប់តែ​ទុកចិត្ត​គ្នា មិនដែល​សួរនាំ​លើ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​រឿង​ការងារសោះ ក៏​នឹង​ចាប់ផ្ដើម​សួរដេញដោល។ទៅណា​ជាមួយ​មិត្ត​ភក្តិ​ប្រុស(ឬ​ស្រី)ក៏​នឹង​ចាប់ផ្ដើម​កើតមាន​អារម្មណ៍​សង្ស័យថា មាន​នោះ មាន​នេះ អ្នកខ្លះ​ក៏​លួច​មើល​សំណេរ​ដែល​សរសេរ​ផ្ញើ​ទៅ​គ្នា មិនថាតែ​ក្នុង​ទូរស័ព្ទ ឬ​អុីម៉ែល និង​មានការ​សួរដេញដោល​គ្នាត្រង់ៗថា ដែល​ប្រាប់ថា​ទៅ​កន្លែង​នោះ ធ្វើការ​នោះ ទៅជា​មួយម្នាក់​នោះ ជា​រឿង​ពិត​មែនឬ? ទៀតផង។

5. ភាពស្ងប់ស្ងាត់​ចាប់ផ្ដើម​បាត់អស់ : កើតការ​ឈ្លោះប្រកែក​គ្នា​ឡើង សូម្បីតែ​រឿង​តូចតាច និង​មិនសូវមាន​ការព្រម​ចុះចាញ់​គ្នា​ដូច​កាលពីពេល​ស្រឡាញ់គ្នាថ្មីៗឡើយ ហើយ​ពេល​ឈ្លោះប្រកែក​គ្នា ក៏​នឹង​ព្យាយាម​យកឈ្នះ​ដោយ​មិន​ព្រមស្ដាប់​ហេតុផល​របស់​គ្នា​ទៅវិញទៅមក​ឡើយ។ ប្រកាសច្បាស់ៗតែម្ដង​ថា “ខ្ញុំ​ត្រូវ បង​ឯង(ឬ​អូន​ឯង)ខុស!” និង​គ្មាន​ខាង​ណាមួយ​ទទួលស្គាល់​កំហុស ឬ​ហាមាត់​សុំទោស​ដូច​កាល​គ្រា​មុន​ឡើយ។

6. ចាប់ផ្ដើម​កុហក​គ្នា និង​លែង​ទុកចិត្ត​គ្នា​តទៅទៀត : ត​ពី​ការ​កើតក្ដី​ប្រយ័ត្នប្រយែង និង​សង្ស័យ​គ្នា បើ​សម្ព័ន្ធភាព​ចាប់ផ្ដើម​អាក្រក់ទៅៗខ្លាំង​ជាង​មុន ក៏​នឹង​ចាប់ផ្ដើម​កុហក​ក្នុង​រឿង​ដែល​មិន​ចង់ឱ្យ​អ្នក​ម្ខាង​ទៀត​ដឹង ហើយទោះជា​ចាប់​កុហក់​បាន ក៏​នៅតែ​ខំ​រក​ផ្លូវ​កុហក់​ថែមទៀត​ ដោយ​វិធីផ្សេងៗ ធ្វើឱ្យ​ចាប់ផ្ដើម​លែង​ទុកចិត្ត​គ្នា​ទៅវិញទៅមកហើយ​នៅពេលនោះ សេចក្ដីស្នេហា​ក៏​នឹង​ចាប់ផ្ដើម​ចាកចេញ​ចោល។

7. មើលឃើញ​អ្នកផ្សេង​ល្អ​ជាង : ការមើលឃើញ​អ្នកផ្សេង​ដែល​ដើរ​ចូលមកក្នុង​ជីវិត​ល្អ​ជាង​អ្នក​ដែល​នៅ​ជាមួយ​នោះជា​សញ្ញា​ដាស់តឿន​មួយ​ដែល​ចាប់ផ្ដើម​គិតថា អ្នក​ដែល​នៅ​ជាមួយ​នោះ​លែងមាន​តម្លៃ រួមទាំង​ខ្លួនឯង​ក៏មាន​ជម្រើស​ដែល​អាច​នឹង​ល្អ​ជាង​ទៀតផង នៅពេលនោះ​ហើយ​ដែល​ការចាប់ផ្ដើម​មើលឃើញរ​បស់​ថ្មី​ល្អ​ជាង​របស់​ចាស់​បានក​កើតឡើង។

8. ប្រកែក និង​គេចវេះ​ពី​ការ​មាន​ភេទ​សម្ព័ន្ធ : ព្យាយាម​ក្នុងការ​គេចវេះ​ពី​ការប៉ះពាល់​ខ្លួនប្រាណ​គ្នា គេច​ចៀស​ពី​ការចូល​គេង​ដំណាលគ្នា ឬ​ក្នុង​រយៈដំបូងៗទោះ​ជាមាន​សម្ព័ន្ធ​សង្វាស​នឹង​គ្នា​ក៏ដោយក៏​នឹងមាន​អារម្មណ៍​ថា លែង​ដូច​ពីមុន លែងមាន​សេចក្ដីសុខ​ដូច​មុន និង​ព្យាយាម​ក្នុងការ​រិះរក​វិធី​មិន​ឱ្យមាន​ភេទ​សម្ព័ន្ធ​នឹង​គ្នា បើ​ធ្វើបាន។ បើសិនជា​បែបនេះហើយ សម្ព័ន្ធភាព​ស្នេហ៍​ចាប់ផ្ដើម​ពិបាក​នឹង​ព្យាបាល​ហើយ។

9. រក​វិធី​គេង​បន្ទប់​ផ្សេងគ្នា : រួច​ហើយក៏​មកដល់​ការមិន​ចង់​គេង​រួម​គ្រែ​ជាមួយគ្នា គឺជា​សញ្ញា​ដាស់តឿន​ចុងក្រោយ មុននឹង​បែកបាក់​ជា​ស្ថាពរ។

10. ចាប់ផ្ដើម​មាន​ម្នាក់​និយាយ​ពាក្យ​ថា “លែងលះ” : គេ​តែង​និយាយថា បើ​មិន​ចង់​លែងលះគ្នា​មែនទែន​ទេនោះ ទោះជា​ឈ្លោះប្រកែក​គ្នា មិន​ពេញចិត្ត​គ្នា​យ៉ាងណាក៏ដោយក៏​សុំឱ្យ​ចៀស​ពី​ពាក្យ​ថា “លែងលះ” ឱ្យបាន​ឆ្ងាយ និង​យូរ​បំផុត ព្រោះ​នៅពេល​ចាប់ផ្ដើម​មាន​នរណាម្នាក់​នឹក​ដល់​រឿងនេះ នោះ​បង្ហាញថា អាច​នឹង​មកដល់​ចំណុច​ដែល​លែងមាន​ការ​បែរ​ត្រឡប់ក្រោយ​ហើយ ហើយបើ​រឹតតែ​លែង​ទុក​នៅក្នុង​ចិត្ត ហើយ​និយាយ​ចេញមក​ផង​នោះ អាច​ចាប់ផ្ដើម​រាប់​ថយក្រោយ​ដល់​ថ្ងៃ​ដែល​នឹង​ចែកផ្លូវ​គ្នា​ជា​និរន្តរ៍​បាន​ហើយ។

អ្នកគ្រូ ឆវី ចង់​ផ្ដាំ​ថា សេចក្ដីស្នេហា នៅពេល​កើតឡើង​ហើយ និង​បើ​ចង់​ឱ្យនៅ​ស្ថិតស្ថេរ​គង់វង្ស ត្រូវតែ​ឧស្សាហ៍​បន្ថែម​សេចក្ដីស្រឡាញ់​ឱ្យ​គ្នា​មួយថ្ងៃបន្តិចៗ មើល​ឃើញតែ​អំពើ​ល្អ​របស់​គ្នា​មួយថ្ងៃបន្តិចៗ តែ​សុំឱ្យ​ស្រឡាញ់គ្នា​ឱ្យច្រើនៗ និង​យូរអង្វែង៕

Advertisement