វិធីរៀបចំបន្ទប់ទឹកស្អាតស្ទីល Shower Room

ប្រទេសយើងស្ថិតនៅក្នុងតំបន់ក្តៅ កិច្ចការងារក្នុងមួយថ្ងៃៗរបស់យើង ត្រូវជួបនឹងធាតុអាកាសផ្សេងៗជាច្រើនទើបយើងចាំបាច់ត្រូវងូតទឹកសម្អាតខ្លួនយ៉ាងតិចបំផុតមួយថ្ងៃ 2ដង គឺព្រឹក និងល្ងាច ឬក្នុងចន្លោះពេលថ្ងៃ ដើម្បីលាងជម្រះវត្ថុកខ្វក់ និងបណ្តេញវត្ថុមិនល្អចេញពីរាងកាយ ដូច្នេះហើយទើបបន្ទប់ទឹកត្រូវតែស្អាត ដើម្បីផ្តល់នូវលក្ខណៈដ៏ល្អប្រសើរបំផុត។

ការរៀបចំតុបតែងបន្ទប់ទឹកដែលល្អ
1. គួរញែកបរិវេណផ្នែកទទឹក និងផ្នែកស្ងួតឱ្យដាច់ចេញពីគ្នា ដើម្បីសុវត្ថិភាព មិនរអិលដួលក្នុងអំឡុងពេលប្រើការ ដោយផ្នែកដែលទទឹកគឺ បរិវេណងូតទឹក ហើយផ្នែកស្ងួតគឺ បរិវេណបង្គន់ កន្លែងលុបមុខ និងបរិវេណតែងខ្លួន។

2. សុវត្ថិភាពខាងក្នុងបន្ទប់ទឹក ឧបករណ៍ក្រាលកំរាលបន្ទប់ទឹកមិនគួរប្រើឥដ្ឋដែលរលោង តែក៏មិនគ្រើមជ្រុលពេកដែរ គួរមានបង្កាន់ដៃចាប់នៅជាប់នឹងជញ្ជាំងក្បែរបង្គន់សម្រាប់មនុស្សចាស់។ បើមានព្រីភ្លើងនៅក្នុងបន្ទប់ទឹក គួរបំពាក់នៅត្រង់ចំណុចណាដែលទឹកខ្ទាតមិនដល់។

3. ពន្លឺ និងការបញ្ចេញខ្យល់អាកាសក្នុងបន្ទប់ទឹក គួរមានបង្អួចនៅផ្នែកណាមួយក្នុងបន្ទប់ទឹក ដោយដាក់ឱ្យខ្ពស់បំផុតកុំឱ្យខាងក្រៅមើលចូលមកឃើញ និងទទួលបានពន្លឺព្រះអាទិត្យចាំងចូលមកផង។ បំពាក់អំពូលភ្លើងបន្ថែមសម្រាប់បំភ្លឺនៅពេលយប់ ឬសម្រាប់ការប្រើការផ្សេងៗ ដូចជា ស្លៀកពាក់ តុបតែងមុខ ឬកោរពុកមាត់ជាដើម។

4. ស្ទីលរបស់បន្ទប់ទឹកនៅក្នុងតំបន់ក្តៅដូចប្រទេសយើងស័ក្តិសមនឹងស្ទីល Shower Room ឬបែបប្រើចំពួយទឹកផ្កាឈូក តែផ្ទះខ្លះក៏មានអាងងូតទឹកនៅក្នុងបន្ទប់ទឹកដែរ។ ចំណែកការតុបតែងបន្ទប់ទឹក ចង់ប្រើក្បាច់ក្បូរនៅលើកម្រាលឥដ្ឋ ឬជញ្ជាំង ម៉ូដអាងលុបលាងមុខ ឬរូបបែបនៃកន្លែងថ្នាក់ៗសម្រាប់ដាក់របស់របរជាដើមអាស្រ័យ លើចំណង់ចំណូលចិត្ត និងការនិយមរបស់ម្ចាស់ផ្ទះ តែអ្វីដែលសំខាន់ គឺត្រូវថែរក្សាភាពស្អាត និងមានអនាម័យល្អជានិច្ច៕

Advertisement