រឿងងាយៗក្នុងការរៀបចំបន្ទប់គេងសម្រាប់គូស្នេហ៍រក្សាភាពផ្អែមល្ហែម

ជារឿងដ៏ល្អមួយសម្រាប់គូស្នេហ៍ទាំងឡាយដែលកំពុងត្រៀមខ្លួនដឹកដៃគ្នាចូលពិធីមង្គលការក៏សាងជីវិតនាពេលអនាគតរួមគ្នា ក៏ដូចជាគូស្នេហ៍ដែលបានរៀបការហើយ ក៏អាចនឹងរកពេលវេលារាត្រីច័ន្ទទឹកឃ្មុំ បន្ថែមភាពផ្អែមល្ហែមឡើងទៀត ជាពិសេសចំពោះគូស្នេហ៍ណាដែលមិនចង់ឱ្យភាពផ្អែមល្ហែមរលាយបាត់ទៅតាមពេលវេលានោះ សូមងាកមកចាប់អារម្មណ៍ជាមួយគំនិតល្អៗក្នុងការរៀបចំតុបតែងលម្អបន្ថែមនៅក្នុងបន្ទប់គេងប្រកបដោយភាពរ៉ូមែនទិក ដែលអាចបណ្តាលឱ្យអារម្មណ៍របស់អ្នក និងគូស្នេហ៍រឹតតែមានភាពកក់ក្ដៅ ជិតស្និទ្ធនឹងគ្នាកាន់តែខ្លាំងជាងមុនទ្វេដងទៅទៀត ។ វិធីសាស្រ្តរៀបចំ និងតុបតែងលម្អក្នុងបន្ទប់គេងទាំងនោះរួមមាន ៖

1- គ្រែ ពូក ខ្នើយ និងកំរាលពូក ៖ ជាឧបករណ៍ និងជារឿងសំខាន់ដែលនឹងជួយធ្វើឱ្យរាត្រីនៃការលង់លក់ប្រកបទៅយ៉ាងមានសេចក្តីសុខ ការជ្រើសរើស គ្រែ ពូក ខ្នើយ ក៏ដូចជាកំរាលពូក វាគឺជារឿងមួយដែលលោកអ្នកត្រូវយកចិត្តទុកដាក់ជាពិសេស។ ចាប់ផ្តើមពីការជ្រើសរើសគ្រែ និងពូកតំណេកដែលមានច្រើនបែបច្រើនយ៉ាង ដោយរាប់បញ្ចូលទាំងទំហំ (ចាប់ពី 5 – 6 ហ្វុត ឡើងទៅ) មានគ្រោងសាងរឹងមាំ គ្មានឮសម្លេងង៉ឺតង៉តពេលប្រែខ្លួន (គួរសាកល្បងគេងជាមួយគ្នាទាំងពីរនាក់មុននឹងសំរេចចិត្តទិញ) ។ ចំណែកឯខ្នើយ និងកំរាលពូក គួរជ្រើសរើសយកសាច់ក្រណាត់ដែលធ្វើឡើងពីសំឡីកប្បាស ជាមួយនឹងម៉ូតបែបក្លាស៊ិក មានក្បាច់ក្បូរបែបធម្មតាៗជាជាងយកម៉ូតដែលមានពណ៌ចាំងចែងស្កះច្រាលភ្នែក ព្រោះវាងាយចូលគ្នានឹងឧបករណ៍តុបតែងផ្សេងទៀតនៅក្នុងបន្ទប់គេង។

2- កំរាល ជញ្ជាំង និងពណ៌ ៖ កំរាលបន្ទប់គេង គួរធ្វើពីវត្ថុដែលផ្តល់នូវអារម្មណ៍ស្រទន់ កក់ក្តៅ ដូចជា កំរាលធ្វើពីឈើ ដែលជាឈើមែនទែន ឬឈើឡាមិនេតក៏បាន ព្រោះវាជួយបង្កើនបរិយាកាសធូរស្រាលបានកាន់តែល្អឡើង ចំណែកឯជញ្ជាំងបន្ទប់គេង បើបិទលម្អដោយក្រដាស វ៉លផេភើរ៏ គួរជ្រើសរើសប្រើប្រភេទដែលមិនមានក្បាច់ក្បូរច្រើន លើកលែងតែកន្លែងដែលចង់ឌីហ្សាញជាពិសេស ដូចជា ជញ្ជាំងក្បាលតំណេកជាដើម អាចប្រើវត្ថុផ្សេងក៏បាន ដូចជា ស្បែក ឬឈើ បើប្រើស្បែក គួរជ្រើសរើសយកពណ៌ណាដែលមើលទៅត្រជាក់ភ្នែក ដូចជា ពណ៌ឃ្រីម ពណ៌ផ្សែងបារី ឬពណ៌ស្ករស្តើង ។

3- ពន្លឺ អំពូលភ្លើង និងចង្កៀងគោម ៖ វត្ថុសំខាន់ដែលនឹងជួយបង្កើនភាពរ៉ូមែនទិកក្នុងបន្ទប់គេងបានច្រើនយ៉ាងនោះ គឺពន្លឺភ្លើងនៅក្នុងបន្ទប់គេងហ្នឹងឯង។ ពណ៌របស់ពន្លឺភ្លើងក្នុងបន្ទប់ គួរជ្រើសយកពណ៌លឿងខ្ចី អំពូលភ្លើងដែលប្រើក្នុងបន្ទប់គេង គួរតែជាអំពូលបែប Compact Fluorescent ដែលបញ្ចេញកំដៅតិច ចំណែកចង្កៀងគោមលើតុ ឬជិតក្បាលតំណេក គួរជ្រើសរើសយកប្រភេទដែលងាយសម្អាត និងមានម៉ូត ឬស្តាយល៍តាមចណង់ចំណូលរបស់មនុស្សម្នាក់ៗ ។

4- ឧបករណ៍ផ្សេងៗ ដូចជា វាំងនន និងវត្ថុលម្អ ៖ វត្ថុទាំងអស់នេះ គឺជាវត្ថុដែលអ្នក និងគូស្នេហ៍អាចជួយគ្នាបញ្ចេញគំនិតរបស់ខ្លួនថា ស្រឡាញ់ចូលចិត្តស្តាយល៍ណា ឧបករណ៍ផ្សេងៗនៅក្នុងបន្ទប់គេងមិនគួរមានច្រើនពេកទេ គួរមានតែរបស់ណាដែលចាំបាច់ប្រើការជាប្រចាំ ដូចជា កៅអីសូហ្វាបេដ(កៅអីសាឡុងលារបត់ចេញជាគ្រែគេងបាន) ឬតុគ្រឿងម៉្សៅរបស់នារីជាដើម។ ចំណែកឯការជ្រើសរើសវាំងននវិញ គួរប្រើវាំងននដែលធ្វើពីក្រណាត់លាយជាតិនីឡុង ព្រោះងាយដោះបោកសម្អាត ចំណែកគូស្នេហ៍ណាដែលមានវត្ថុតុបតែងលម្អផ្សេងៗនោះ សុំណែនាំឱ្យដាក់លម្អនៅក្នុងទូកញ្ចក់តូចមួយក្បែរក្បាលតំណេក ។

5- មាត់បង្អួច កង្ហារ និងម៉ាស៊ីនត្រជាក់ ៖ បន្ទប់គេងដែលមានភាពរ៉ូមែនទិក ក៏តម្រូវឱ្យអ្នករស់នៅមានសុខភាពល្អផងដែរ ដូច្នេះប្រព័ន្ធចេញចូលរបស់ខ្យល់អាកាសក្នុងបន្ទប់គេងគឺជារឿងសំខាន់ មាត់បង្អួចគួរមានផ្ទាំងបង្អួចដែលអាចបើកបិទបានធំល្មម ដើម្បីឱ្យពន្លឺធម្មជាតិចាំងចូលមកបាន ចំណែកម៉ាស៊ីនត្រជាក់ គួរជ្រើសយកប្រភេទដែលធ្វើការស្ងាត់ល្អ និងមានប្រព័ន្ធសម្អាតខ្យល់់អាកាសផង ដើម្បីសុខភាពដ៏ល្អ ក្រៅពីនេះបើមានកង្ហារនៅក្នុងបន្ទប់ គួរឧស្សាហ៍ដោះស្លាបកង្ហារលាងសម្អាតឱ្យបានញឹកញាប់ ដើម្បីការពារធូលីដីតោងជាប់ច្រើន។

យ៉ាងម៉េចដែរ នៅពេលដែលទទួលបានគំនិតល្អៗពី «ឡារ៉ែន» ក៏ដូចជាវិធីងាយក្នុងការតុបតែងក្នុងបន្ទប់គេង បែបរ៉ូមែនទិក ដែលអាចជួយបង្កើនអារម្មណ៍ស្រស់ស្រាយខាងលើនេះ តើមានចំណុចណាមួយដែលលោកអ្នកខ្វះខាត់។ បើនៅមានចំណុចណាមិនទាន់ សូមរួសរាន់អនុវត្តភ្លាមទៅ ដើម្បីរក្សា និងបង្កើនភាពផ្អែមល្ហែមនៃជីវិតជាគូរបស់លោកអ្នក ៕

Advertisement