វិធី​ពន្យារកំណើត​បែប​សម័យថ្មី

សម័យ​បច្ចុប្បន្ន ចំនួន​កូន​គឺ​មិនមែនជា​រឿង​ដែល​ត្រូវ​បណ្តោយ​ទៅតាម​ធម្មជាតិ​ដូច​សម័យមុន​នោះទេ ហើយក៏​មិនមាន​អ្នកណាម្នាក់​អាចមក​កំណត់​ជីវិត​របស់​អ្នក​ថា នឹងត្រូវ​មានកូន​ប៉ុន្មាន​នោះដែរ គឺ​មានតែ​អ្នក និង​ស្វាមី​របស់​អ្នក​ប៉ុណ្ណោះ​ដែលជា​អ្នកសម្រេចចិត្ត​រួមគ្នា​ថា​នៅក្នុង​គ្រួសារ​របស់​អ្នកនឹង​ត្រូវមាន​សមាជិក​ចំនួន​ប៉ុន្មាន​នាក់។ នេះ​ជា​រឿង​ពិត ហើយក៏​ជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​អាចធ្វើ​បាន ព្រោះ​ពួកគេ​បានធ្វើការ​ពន្យារកំណើត។ ការពន្យារ​កំណើត​មាន​ច្រើនបែប​ច្រើនយ៉ាង​ណាស់​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស​មានដូចជា ៖

ស្រោមអនាម័យ៖ មាន​ប្រសិទ្ធភាពសំខាន់ៗពីរ​យ៉ាង​គឺ ការពារ​អ្នក​ពី​ការឆ្លង​ជំងឺ​កាមរោគផ្សេងៗ និង​ការពារ​មិនឱ្យ​មានកូន។ស្រោមអនាម័យ​ភាគច្រើន​ត្រូវបាន​យកមកប្រើ​សម្រាប់​ភាគី​ខាង​បុរស ដើម្បី​ទប់ស្កាត់​កុំឱ្យ​ទឹកកាម​ហៀរ​ចូលទៅក្នុង​ស្បូន​ដែលជា​មូលហេតុ​នៃ​ការបង្ក​កំណើត។ ចំណែកឯ​ស្រោមអនាម័យ​សម្រាប់​ស្ត្រី​វិញ​ត្រូវបាន​ប្រើ​សម្រាប់​ការពារ​មិនឱ្យ​ទឹកកាម​បុរស​ចូលទៅក្នុង​ស្បូន​បាន​ដូចគ្នា ប៉ុន្តែ​វា​ហាក់ដូចជា​មានការ​ពិបាក​ក្នុង​ការប្រើ​បន្តិច ព្រោះ​វា​តម្រូវឱ្យមាន​ការដាក់​បញ្ចូល​ទៅ​ផ្នែក​ខាង​ក្នុងនៃ​ប្រដាប់ភេទ​របស់​ស្ត្រី។

កង​ដា​ក់ដៃ៖ ជាការ​ដាក់បញ្ចូល​បំពង់​ទន់តូចៗនៅ​ផ្នែក​ខាងក្រោម​នៃ​ស្បែក​ដើមដៃ​របស់​ស្ត្រី។ បំពង់​អស់ទាំង​នេះ​មាន​នាទី​ជា​អ្នក​ធ្វើឱ្យ​ទឹករំអិល​មាត់ស្បូន​ឡើង​ខាប់ ការពារ​មិនឱ្យ​មេជី​វិត​ឈ្មោល​ជ្រាប​ចូលមកក្នុង​ស្បូន​បាន។

កង​ដាក់​ក្នុង​ស្បូន៖ ជាការ​ពន្យារកំណើត​ដោយ​ការដាក់​ឧបករណ៍​ទន់​តូច​មួយ​ដែល​អាច​បត់​បាន​ចូលទៅក្នុង​ស្បូន ដើម្បី​រារាំង​ការ​ជ្រាបចូល​នៃ​មេជី​វិត​ឈ្មោល​ទៅក្នុង​ស្បូន។

ថ្នាំ​ពន្យារកំណើត៖ ធ្វើឱ្យ​ទឹករំអិល​មាត់ស្បូន​ឡើង​ខាប់ ដើម្បី​រារាំង​កុំឱ្យ​ទឹកកាម​បុរស​អាច​ជ្រាបចូល​ទៅក្នុង​ស្បូន​បាន។ ការ​លេបថ្នាំ​ពន្យារកំណើត​ត្រូវធ្វើ​ឱ្យបាន​ទៀងទាត់ និង​ត្រឹមត្រូវ​ទៅតាម​ការកំណត់​ដែល​បានបង្ហាញ​នៅលើ​សម្បក​ថ្នាំ ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់។

ថ្នាំ​ចាក់៖ ជាការ​ចាក់​ថ្នាំ​រៀងរាល់3ខែម្តង។ តួនាទី​របស់​ថ្នាំ​ចាក់​ក៏​មិន​ខុស​អី​ពី​ការ​ពន្យារកំណើតផ្សេងៗទៀត​ដែរ ប៉ុន្តែ​តម្រូវឱ្យ​អ្នក​ចងចាំ​ឱ្យបាន​ល្អ​ពី​ពេលវេលា​ដែល​ត្រូវ​ចាក់​ជាថ្មី​ម្តងទៀត។

ចំពោះវិធីពន្យារកំណើតតាមបែបសម័យថ្មីនេះ អ្នកត្រូវចាំថា ៖

– គ្រប់​វិធី​នៃ​ការ​ពន្យារកំណើត​គឺ​សុទ្ធតែ​ត្រូវការ​ពឹងពាក់​លើ​គ្រូពេទ្យ​ជំនាញ ទើប​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព។

– ជ្រើសរើស​វិធី​ពន្យារកំណើត​ណាមួយ​ដែល​អាច​ផ្តល់នូវ​ភាពងាយស្រួល មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​រូបអ្នក។

– សាកសួរ​ព័ត៌មាន​ឱ្យបាន​ច្បាស់​ពី​វិធី​ប្រើប្រាស់​ពី​អ្នកជំនាញ (ថ្នាំ​ពន្យារកំណើត​តែងតែ​ប្រាប់​ពី​របៀប​ប្រើប្រាស់​នៅលើ​សម្បក​កញ្ចប់ ប៉ុន្តែ​បើ​អ្នក​នៅតែ​មិនទាន់​យល់ច្បាស់​ពី​របៀប​ប្រើប្រាស់​ទេនោះ សូមកុំ​ខ្ចិ​ល​ច្រអូស​ក្នុងការ​ទៅ​ជួប​គ្រូពេទ្យ​ជាថ្មី​ម្តងទៀត ដើម្បី​សាកសួរ​ពី​វិធី​ប្រើ​ឱ្យបាន​ច្បាស់។

-សូម​ចាំ​ថា ការពន្យារ​កំណើត​អាចមាន​ប្រសិទ្ធភាព​ពិតប្រាកដ​លុះត្រាតែ​អ្នក​ប្រើ​វា​បាន​ត្រឹមត្រូវ។

– ស្រោមអនាម័យ​មាន​សមត្ថភាព​ពីរ​យ៉ាង​គឺ ការពារ​មិនឱ្យ​មានកូន និង​ការពារ​ខ្លួន​អ្នក​ពី​ការឆ្លង​ជំងឺ​មួយចំនួន​ដូចជា កាមរោគ និង​ជំងឺអេដស៍​ជាដើម ប៉ុន្តែ​មិនមែន​មានន័យថា​វិធី​នៃ​ការពន្យារ​កំណើត​ផ្សេងទៀត​សុទ្ធតែ​អាចធ្វើ​បាន​ដូចគ្នា​នោះទេ។ ដូច្នេះ​ការការពារ​ខ្លួន​ពី​ការឆ្លង ឬ​ចម្លងជំងឺផ្សេងៗគឺជា​រឿង​មួយ​ផ្សេងទៀត​ដែល​អ្នក​ត្រូវ​ដឹង។

– មាន​ស្ត្រី​មួយចំនួន​បាន​និយាយថា គាត់​មិនអាច​ពន្យារកំណើត​បាន​ទេ ព្រោះ​រាល់ពេល​ពន្យារកំណើត​តែង​ធ្វើឱ្យ​គាត់​មិន​ស្រួល​ក្នុង​ខ្លួន​ទាល់តែសោះ។ រឿង​បែបនេះ​វា​អាច​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល1 ឬ2ខែ​ដំបូង ហើយក៏​បាត់់​ទៅវិញ ដូច្នេះ​សូមកុំ​អាល​រាថយ ហើយ​បោះបង់ចោល​ការពន្យារ​កំណើត​ឱ្យសោះ ព្រោះ​ការពន្យារ​កំណើត​មាន​ច្រើនបែប​ច្រើនយ៉ាង​អាចឱ្យ​អ្នក​យកទៅ​សាកល្បង វិធី​មួយ​នេះ​អាច​មិន​សមជា​មួយ​អ្នក តែ​វិធី​ផ្សេង​អាច​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ក៏​ថា​បានដែរ។សូមកុំ​បារម្ភ​ទោះជា​អ្នក​ជ្រើស​ប្រើ​វិធី​ពន្យារកំណើត​បែបណាក៏ដោយ ព្រោះ​គ្រូពេទ្យ​ជំនាញ​តែងតែ​ប្រាប់​អ្នក​ថា គ្រប់​វិធី​នៃ​ការ​ពន្យារកំណើត​គឺ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​នោះទេ៕

Advertisement