តើ​ទិស​នាំ​សំណាង​តាម​គោលការណ៍​ហុងស៊ុយ​មាន​មែន​ឬទេ?

មនុស្ស​ជាច្រើន​អាច​នឹង​ធ្លាប់​បានឮ​រឿង​ទិស​នាំ​លាភ​សំណាង​ថា មនុស្សម្នាក់ៗសុទ្ធ​តែមាន​ទិស​ដែល​ល្អ និង​មិនល្អ​សម្រាប់​ខ្លួនឯង​ទាំងអស់។ តាម​គោលការណ៍​ហុងស៊ុយក៏មាន​ជំនឿ​លើ​រឿង​ទិស​នាំ​លាភ​សំណាង​នេះ​ដូចគ្នា​ដែរ ដូច្នេះ​តើ​ទិស​នាំ​លាភ​សំណាង​គឺជា​អ្វី? និង​មាន​ផល​ចំពោះ​ខ្លួន​យើង​យ៉ាងណា? សូម​នាំគ្នា​តាមដាន​ដូចតទៅ…។

ទិស​នាំ​លាភ​សំណាង​គឺជា​អ្វី?

ផ្នត់គំនិត​ក្នុង​រឿង​ទិស​នាំ​លាភ​សំណាង​តាម​គោលការណ៍​ហុងស៊ុយ​នេះ អាច​នឹង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​យល់ច្រឡំ អ្នកខ្លះ​និយាយថា បើ​អ្នក​បែរ​ទៅរក​ទិស​ដែល​មិនល្អ​សម្រាប់​ខ្លួនឯង អ្នកនឹង​សំណាងអាក្រក់។ ចំណុច​នេះ ជា​រឿង​ដែល​ហុងស៊ុយ​បកស្រាយ​ថា មិនមាន​ជាហេតុ​ផល​ត្រឹមត្រូវ​ទេ។ ការពិតទៅ ទិស​ដែល​ល្អ ឬ​ទិស​ដែល​មិនល្អ​តាម​គោលការណ៍​ហុងស៊ុយ​វិញ​នោះគឺពាក់ព័ន្ធ​ជាមួយ​ការទទួល​កម្លាំង​ថាមពល​ដែល​ល្អ​ពី​ទិស​ដែល​ល្អ និង​ការទទួល​ថាមពល​អវិជ្ជមាន​ពី​ទិស​ដែល​មិនល្អ​ប៉ុណ្ណោះ តែ​មិន​ថា​អ្នកនឹង​បែរ​ទៅក្នុង​ទិស​ដែល​ល្អ ឬ​មិនល្អ​ក៏ដោយ វាមិនមែនជា​បច្ច័យ​ដែល​សំខាន់ និង​ធានា​ដល់​ភាពជោគជ័យ​របស់​កិច្ចការងារ​របស់​អ្នក​នោះឡើយ ព្រោះ​នៅមាន​រឿងផ្សេងៗទៀត​ជា​អង្គ​ប្រកប​រួម​ទៀត​ជាច្រើន។

ការស្វែងរក​ទិស​នាំ​លាភ​សំណាង

ការដែល​អ្នកដឹង និង​បែរ​ទៅរក​ទិស​នាំ​លាភ​សំណាង នឹង​ជួយ​ឱ្យ​អ្នក​បានទទួល​ថាមពល​ដែល​ល្អ មានគុណ​ភាព មាន​ភាពសម្បូរ​ឥតខ្ចោះ មាន​ភាព​ស្ថិតស្ថេរ​គង់វង្ស។ បើ​ផ្ទះ ឬ​កន្លែងធ្វើការរបស់​អ្នក​បែរមុខ​ទៅរក​ទិស​នាំ​លាភ​សំណាង អង្គុយ​ធ្វើការ​ក្នុង​ទិស​នាំ​លាភ​សំណាង ឬ​គេង​បែរមុខ​ទៅរក​ទិស​នាំ​លាភ​សំណាង អ្នក​ក៏​នឹង​បានទទួល​ថាមពល​ដែល​ល្អ។

ទិស​នាំ​លាភ​សំណាង​ធ្វើឱ្យ​អ្នក​សំណាងល្អ​មែនឬ?

គោលការណ៍​ហុងស៊ុយ​ប្រាប់ថា ទិស​ដែល​ល្អ នាំមក​នូវ​សំណាងល្អ និង​ភាពជោគជ័យ ដោយ​គោលការណ៍​ហុងស៊ុយ​ដែលមាន​មក​តាំងពី​បុរាណ​ក៏បាន​ប្រាប់​ដែរ​ថា សំណាង​ដែល​ល្អ​នោះមាន​ទាំងអស់​ច្រើន​កម្រិត។ អ្នក​មិនអាច​ផ្លាស់ប្ដូរ​ថ្ងៃខែ​ឆ្នាំ​កំណើត និង​ទីកន្លែង​កើត​របស់​ខ្លួនឯងបាន​ទេ ព្រោះ​នោះ​គឺជា​សំណាង​ដែល​មកពី​ឋានសួគ៌ តែ​អ្នក​អាច​បន្ថែម​លាភ​សំណាង​ក្នុងកម្រិត​ផ្សេង​បាន ដោយ​ការបង្កើន និង​ផ្លាស់ប្ដូរ​ដើម្បី​ទទួល​ថាមពល​ក្នុង​ផ្នែក​ដែល​ល្អ។

នឹង​ទៅជា​យ៉ាងណា បើ​អ្នក​បែរ​ទៅក្នុង​ទិស​ដែល​មិនមែនជា​ទិស​នាំ​លាភ​សំណាង?

គោលការណ៍​របស់​ហុងស៊ុយ​មាន​ឡើង​ដើម្បី​អភិវឌ្ឍ​ជីវិត​របស់​អ្នក​ឱ្យ​រឹត​ល្អ​ឡើង និង​ការមិន​ធ្វើឱ្យ​ជីវិត​របស់​អ្នកមាន​ភាពច្របូកច្របល់។ ក្នុងករណី​ដែល​អ្នក​គេង​បែរ​ទៅក្នុង​ទិស​ដែល​មិនល្អនិង​មិនអាច​ផ្លាស់ប្ដូរ​បាន អ្នក​ក៏​អាច​រិះរក​វិធី​កែ​បានដែរ ដោយ​ការប្រើ​សាស្ត្រា​ហុងស៊ុយ​ក្នុងការ​បន្ថែម​ការរៀប​ទុកដាក់ ឬ​តុបតែង​របស់ផ្សេងៗចូលទៅ​បន្ថែម និង​កែខៃ​បាន​តាម​ករណីនីមួយៗទើប​ការ​បែរ​ខុស​ទិស​មិនបាន​ធ្វើឱ្យអ្វីៗគ្រប់យ៉ាង​ត្រូវតែ​អាក្រក់​ទាំងអស់​នោះទេ។

តើ​ការនាំ​និមិត្តសញ្ញា​ដែលមាន​អត្ថន័យល្អៗតាម​គោលការណ៍​ហុងស៊ុយ​មក​ប្រើ អាចជួយ​កែខៃ​បញ្ហា​ការ​បែរ​ទៅក្នុង​ទិស​ដែល​មិនល្អ​បាន ឬទេ?

ការពិតទៅ មនុស្ស​ច្រើនតែ​មើលឃើញថា គោលការណ៍​ហុងស៊ុយ​តែងមាន​ការណែនាំ​ឱ្យ​ដាក់តាំង ឬ​រៀបចំ​ទុកដាក់​វត្ថុ​របស់របរ​ទៅក្នុង​ចំណុច​មួយចំនួន ឬ​ក្នុង​ទិស​ណាមួយ​របស់​ផ្ទះបន្ទប់ និង​កន្លែងធ្វើការ។ ការធ្វើ​បែប​នោះ គឺ​ដើម្បី​នាំមក​នូវ​ថាមពល​ដែល​ល្អ​ហ្នឹងឯង តែ​ទាំងអស់នេះ នឹង​ការរៀបចំ​ទុកដាក់​អ្វីមួយ​ក្នុង​ទិស​ណាមួយ ក៏ត្រូវ​តែមាន​ចំណេះដឹង​ដែល​ត្រឹមត្រូវជាក់ច្បាស់​ក្នុង​រឿង​ទិស និង​និមិត្តសញ្ញា​តាម​គោលការណ៍​ហុងស៊ុយ​ផងដែរ។

តើ​អ្នក​ចាំបាច់​ត្រូវ​អង្គុយ​ធ្វើការ និង​គេង​ក្នុង​ទិស​នាំ​លាភ​សំណាង​ឬទេ?

ប្រាកដ​ណាស់​ថា ការរក​ទិស​នាំ​លាភ​សំណាង និង​រៀបចំ​ទុកដាក់​តុ​ធ្វើការ រួមទាំង​គ្រែ​គេង​ឱ្យ​ត្រូវ​ទីតាំង អាច​នឹង​មិនមែនជា​រឿង​ងាយ​នោះទេ ព្រោះ​មនុស្សម្នាក់ៗ ផ្ទះមួយៗ ទីកន្លែងមួយៗសុទ្ធ​តែមាន​ដែន​កំណត់ តែ​ទាំងអស់នេះ ទោះជា​មិនបាន​រៀបចំ​ទុកដាក់​តុ និង​គ្រែ​ក្នុង​ទីតាំង​នាំ​លាភ​សំណាង​ក៏ដោយ ក៏​គួរតែ​ជ្រើសរើស​ទីតាំង​ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើបាន ព្រោះការ​ស្ថិតនៅក្នុង​ទិស​ដែល​ល្អ ហុច​ផល​ដោយ​ត្រង់​ដល់​ផ្លូវចិត្ត​របស់​អ្នក​ផងដែរ។

តើ​អ្នកនឹង​រក​ទិស​នាំ​លាភ​សំណាង​របស់​អ្នក​យ៉ាងណា?

រឿងនេះ​ហាក់ដូចជា​នឹងធ្វើ​ឱ្យ​កើត​ភាពច្របូកច្របល់​បន្តិច ព្រោះ​ការបែងចែក​ទិស​ក្នុង​សាស្ត្រានីមួយៗ គោលការណ៍នីមួយៗមាន​ភាពខុសប្លែក​ពីគ្នា ដូច្នេះ​អ្នក​អាច​នឹង​ជ្រើសរើស​ប្រើផែនទី​ថាមពល​របស់​ហុងស៊ុយ​មកជួយ​ក្នុង​រឿងនេះ​បាន ហើយ​ការរក​ទិស​នេះ ចូរ​ចាប់ផ្ដើម​ពី​ចំណុចកណ្ដាល​របស់​ផ្ទះ​ជានិច្ច៕

Advertisement