អ្នក​រវល់​ច្រើន បើ​ស្រឡាញ់​សុខភាព ​ត្រូវ​ប្ដូរ​និស្ស័យ​របស់ខ្លួន!

មនុស្ស​ជាច្រើន​បាន​ជួបប្រទះ​នូវ​បញ្ហា​នឿយហត់ និង​ធុញ​ទ្រ​ាន់​ជាមួយ​ការងារ ដោយសារតែ​ភាព​មមារ​ញឹក​ពេក ទើប​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​ថាល្វើយ។ ធ្វើការ​ងារ​ពេញ​មួយថ្ងៃ ខួរក្បាល​របស់​អ្នក​ចាប់ផ្ដើម​ទន់ខ្សោយ​អស់​ថាមពល ម្យ៉ាង​អារម្មណ៍​មួយ​ដែល​ឃើញ​មិត្ត​រួម​ការងារ​នៅក្នុង​ក្រុមហ៊ុន​បានបញ្ចប់​ការងារ​តាម​ពេលវេលា​កំណត់ តែ​ខ្លួន​បែរជា​ត្រូវធ្វើ​ការបន្ថែម​ម៉ោង​នោះ បែបនេះ​កាន់តែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ចុះខ្សោយ និង​ចង់​សម្រាក​កាន់តែខ្លាំង​ឡើង។ ទម្លាប់​ហាត់ប្រាណ​គឺជា​រឿង​សំខាន់​ចាំបាច់​មួយ ដែល​ធ្វើឱ្យ​សុខភាព​អ្នក​ល្អប្រសើរ ក៏ប៉ុន្ដែ​ភាព​នឿយហត់ និង​រវល់​ជាមួយ​ការងារ បានធ្វើឱ្យ​អ្នកមើល​រំលង​ការហាត់​ប្រាណ និង​បណ្ដុះ​និស្ស័យ​ខ្ចិ​ល​ជាប់​មក​រាល់ថ្ងៃ។ ដូច្នេះ​ដើម្បីឱ្យ​សុខភាព​ល្អ និង​សម្រស់​កាន់តែ​ក្មេង​ជាង​វ័យ បើទោះបីជា​រវល់​ប៉ុណ្ណា​ក៏ដោយ​នោះ អ្នក​គប្បី​គួរតែ​ព្យាយាម​ក្រោកហាត់​ប្រាណ​នាពេល​ព្រឹក​ព្រលឹម។ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន នឹង​ជម្រាបជូន​នូវគន្លឹះ​តៀម​ខ្លួន​ក្នុងការ​ហាត់ប្រាណ​នាពេល​ព្រឹក ដល់​ប្រិយមិត្ត​ទាំងអស់គ្នា​ឱ្យបានដឹង និង​អនុវត្តន៍​តាម ធានាថា​មាន​ប្រសិទ្ធ​ភាពល្អ​បំផុត​សម្រាប់​សុខភាព​អ្នក និង​សម្រស់​របស់​អ្នក។

1 សាកល្បង​គូ​រូបភាព​នៅក្នុង​ខួរក្បាល​ថា ជា​ថ្ងៃ​ដែល​ស្រស់ថ្លា​បំផុត
អ្នក​ត្រូវតែ​សាកល្បង​គូ​រូបភាព​តំបន់​ដែលមាន​ទេព​ភាពស្រស់​ស្រាយ ជាទី​កន្លែង​អ្នក​ត្រូវ​ក្រោក​ទៅ​ហាត់ប្រាណ​នាពេល​ព្រឹក​ព្រលឹម ហើយក៏​ជាទី​តាំង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ សម្បូរ​ដោយ​អុកស៊ីហែ៊្សន ខណៈដែល​អ្នក​ស្រូបខ្យល់​ចូលទៅក្នុង​រាងកាយ គឺ​ធ្វើឱ្យ​ផ្លូវដង្ហើម និង​សួត​របស់​អ្នកមាន​អារម្មណ៍​ថា ស្រស់ថ្លា និង​បរិសុទ្ធ​ក្រៃលែង។ សាក​នឹក​ពី​រូបភាព​ដែល​អាច​ធ្វើឱ្យ​អ្នក​ស្រូបយក​ខ្យល់អាកាស និង​ទទួលបាន​វីតាមីន​ពី​ពន្លឺ​រស្មី​ព្រះអាទិត្យ​រះឡើង​នាពេល​ព្រលឹមស្រាងៗ ព្រោះ​ការ​នឹក​រូបភាព​អស់ទាំង​នេះ នឹង​ជួយ​ឱ្យ​អ្នក​កាន់​តែមាន​អារម្មណ៍​ចង់​ក្រោក​ហាត់ប្រាណ។

2 ដាក់​ម៉ោង​រោទិ៍
មនុស្ស​ខ្លះ​អាច​នឹងដាក់​ម៉ោង​រោទិ៍​ចំនួន2ដង និង​រោទិ៍​រៀងរាល់5នាទី​ម្ដង ហើយ​រឿង​ដែល​សំខាន់​គឺ​ត្រូវ​តាំង​នាឡិការ​រោទិ៍​នៅ​ឆ្ងាយ​ពី​គ្រែ​គេង ឬ​ឱ្យឆ្ងាយពីក្បាលដំណេក​របស់​អ្នក​។ ប្រសិនបើ​ការ​ក្រោក​ដោយ​ការ​ដាស់​តាមរយៈ​នាឡិការ នៅតែ​មិនទាន់​ធ្វើឱ្យ​អារម្មណ៍​របស់​អ្នក​ស្វាង​ឡើង​ទេនោះ អ្នក​អាច​ក្រោក រួច​ទៅ​បើកភ្លើង ព្រោះ​ពន្លឺភ្លើង​អាច​នឹង​ធ្វើឱ្យ​ភ្នែក​អ្នក​ស្វាង​ពី​ដំណេក។

3 ការត្រៀម​ឧបករណ៍​ឱ្យ​រួចរាល់
អ្នក​ត្រូវ​ត្រៀម​ឧបករណ៍​ឱ្យ​រួចរាល់​នាពេល​យប់​ឱ្យ​ហើយ ងាយស្រួល​ក្រោក​ពី​ព្រឹក​ទៅ​ហាត់ប្រាណ ដោយ​អ្នក​មិនចាំបាច់​នឿយហត់​ក្នុងការ​ស្វែងរក​ឧបករណ៍​ហាត់​ប្រា​ណ​នាពេល​ព្រឹក​នោះទេ។

4 ត្រៀម​កន្សែង​បង់ក​ពណ៌​ក្រហម
អ្នកជំនាញ​និយាយថា ពណ៌​ក្រហម​ជា​ពណ៌​ដែល​ធ្វើឱ្យ​អ្នកមាន​កម្លាំង​នាពេល​ព្រឹក ដូច្នេះ​ការត្រៀម​កន្សែង​បង់ក​ពណ៌​ក្រហម​គឺ​រឿង​ល្អ​បំផុត​សម្រាប់​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​ពី​អាការ​ងងុយគេង ព្រមទាំង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ឡើង​ទៀតផង។

5 ក្រឡេកមើល​អ្នក​ហាត់ប្រាណ​ជុំវិញខ្លួន
ប្រសិនបើ​អ្នក​ក្រឡេកមើល​មនុស្ស​ដែល​កំពុង​ហាត់ប្រាណ​នៅ​ជុំវិញខ្លួន​អ្នក នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា មិន​ខ្មាសអៀន និង​ឯកា​នោះឡើយ យ៉ាងហោចណាស់​ក៏​អ្នក​មិន​ភ័យខ្លាច​ក្នុងការ​ហាត់ប្រាណ​ដែរ។

6 ទទួលទាន​អាហារ​ពេលព្រឹក
នាពេល​ព្រឹក​មុន​ចេញទៅ​ហាត់ប្រាណ អ្នក​គួរ​ទទួលទាន​អាហារ​ដូចជា ប្រភេទ​គ្រប់​ធញ្ញជាតិ ឬ​អាហារសម្រន់ ព្រមទាំង​ទទួលទាន​តែក្ដៅៗ និង​ទឹកដោះគោ​ស្រស់​ផងដែរ ព្រោះថា​ការធ្វើ​បែបនេះ នឹង​ជួយ​ឱ្យ​អ្នកមាន​កម្លាំង​ថាមពល​ក្នុង​រាងកាយ​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​ហាត់ប្រាណ។

7 ត្រៀម​ទឹក​សុទ្ធ​ដាក់​តាម​ខ្លួន
ការហាត់​ប្រាណ គឺ​បាន​ដុត​រំលាយ​ខ្លាញ់​ដែរមាន​នៅក្នុង​រាងកាយ ជាហេតុ​បណ្ដាលឱ្យ​អ្នក​ហត់ និង​បែកញើស​ច្រើន។ ទម្លាប់​ល្អ​មួយ​ដែល​អ្នក​មិនអាច​រំលង​បាន​នោះ​គឺ ការត្រៀម​ទឹក​សុទ្ធ​ដាក់​តាម​ខ្លួន​ជាប់​ជានិច្ច​នាពេល​ហាត់ប្រាណ។

8 បបួល​មិត្តភក្ដិ​ទៅជា​មួយ
សាកល្បង​បបួល​មិត្ត​ភក្ដិទៅ​ជាមួយគ្នា ដើម្បី​ទទួលបាន​ការប្រឹក្សា​យោបល់ និង​ជា​កម្លាំងចិត្ត​ក្នុង​ហាត់ប្រាណ ព្រោះថា មាន​គ្នាច្រើន​ប្រសើរ​ជាង​ទៅ​តែម្នាក់ឯង ម្យ៉ាងទៀត​បើ​មាន​ប្រការ​គ្រោះថ្នាក់ គ្រេច​ថ្លោះ​អ្វី មិត្ត​អ្នក​អាចជួយ​អ្នក​បាន​ទាន់ពេលវេលា។

9 ត្រៀម​ថ្នាំ​រឹត
នៅពេល​ហាត់ប្រាណ​ថ្ងៃ​ដំបូង អ្នក​អាច​នឹងមាន​អារម្មណ៍​ថា ចុក​ស្រពន់​ដៃជើង​បន្ដិច។ ដូច្នេះហើយ​អ្នក​ត្រូវ​ត្រៀម​ថ្នាំ​រឹត ដែលជា​ប្រភេទ​ថ្នាំ​មាន​សារធាតុ​ម៉ុង​តុល​ហើយ​ក្ដៅ ដែល​អាចជួយ​សម្រួល​ព​ន្លា​សាច់ដុំ និង​សន្លាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ជួយ​មិនឱ្យ​កើតមាន​អាការ​ឈឺចាប់។

10 ព្យាយាម​ឱ្យ​ទម្លាប់​ល្អ​នេះ​ជាប់​ជា​និស្ស័យ
ទង្វើ​ដែល​អ្នកធ្វើ​ដដែរៗ នោះ​អាច​ប្រែក្លាយ​មកជា​ទម្លាប់ ដូច្នេះ​អ្នក​គួរ​ព្យាយាម​រក្សា​ទម្លាប់​ហាត់ប្រាណ​នាពេល​ព្រឹក​នេះ​ឱ្យ​ក្លាយជា​និស្ស័យ​ល្អ​នៅជាប់​ជាមួយ​អ្នកជា​និច្ច។ យើងជឿថា ប្រសិនបើ​អ្នក​ព្យាយាម​ក្រោក​ហាត់ប្រាណ​នាពេល​ព្រឹក​បាន3ទៅ4ថ្ងៃ​ដំបូង​ហើយ​នោះ ថ្ងៃក្រោយ​មកវា​នឹង​ក្លាយជា​ទម្លាប់​ដោយ​ខ្លួនឯង​ហើយ។ ជា​ចុងក្រោយ​យើង​សង្ឃឹមថា បើទោះបីជា​អ្នក​រវល់​ធ្វើ​ការងារ​ច្រើនយ៉ាង​ណាក៏ដោយ ក៏​អ្នក​អាច​ផ្លាស់ប្ដូរ​និស្ស័យ​មក​ទម្លាប់​ហាត់ប្រាណ​នាពេល​ព្រឹក ដើម្បី​សុខភាព​ផងដែរ៕

Advertisement