ករណីអតីតព្រះនាង Meghan ទទួលបានប្រាក់ 7លានដុល្លារ ដើម្បីបរិហា​កេរ្ដិ៍​គ្រួសារខាងប្ដី លោក Trump ថា៖ «ឃើញទេ ខ្ញុំនិយាយហើយថា នាងមិនមែនមនុស្សល្អប៉ុន្មានទេ»

នាង​ Meghan ព្រះរាជនត្តា​​របស់​មហាក្សត្រី​អង់គ្លេស និង​លោក​ Trump

អតីត​ប្រ​ធានា​ធ​បិ​តី​សហរដ្ឋអាមេរិក លោក Donald Trump បាន​ចាត់ទុកថា ខ្លួន​និយាយ​ត្រូវ នៅពេល​ទាយ​ថា អតីត​ព្រះ​នាង Meghan ដែលជា​ព្រះរាជ​នត្តា​របស់​មហាក្សត្រី​អង់គ្លេស គឺជា​មនុស្ស «មិនល្អ​ប៉ុន្មាន​ឡើយ»។ សារ​ព័ត៌មាន​ Business Insider បាន​ចេញ​ផ្សាយ​ថា ទូរទស្សន៍​​ CBS ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ហោច​ពី 7-9​ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​ចាក់​ផ្សាយ​កិច្ច​សម្ភាស​រវាង​​គ្រួសារ​ Meghan-Harry ជាមួយ​នឹង​ មហា​សេដ្ឋិនី​ និង​ជា​ពិធី​ការិនី Oprah Winfrey​ កាល​ពី​ថ្ងៃទី 7​ មីនា​កន្លង​ទៅ​។

យោងតាម­ Fox News ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អតីត​ប្រធានាធិបតី Donald Trump ដែល​ស្ថិត​នឹង Jasson Miller ថ្មីៗនេះ បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ។ ក្នុងនោះ លោក Miller បាន​បង្ហើប​ឱ្យដឹង​អំពី​ការយល់ឃើញ​របស់លោក Trump ចំពោះ​អតីត​ព្រះ​នាង Meghan បន្ទាប់ពី​នាង​បាន​សម្ភាស​ជាមួយ​ពិធី​ការិនី Oprah Winfrey ដែល​បានធ្វើឱ្យ​រាជវាំង​អង់គ្លេស​ក្ដៅក្រហាយ។

«ឃើញ​ទេ ខ្ញុំ​ធ្លាប់បាន​និយាយ​ហើយ​ថា នាង​នោះ​មិនល្អ​ប៉ុន្មាន​ទេ ហើយ​ពេលនេះ គ្រប់គ្នា​បានឃើញ​ច្បាស់​ហើយ» លោក Miller ដកស្រង់​សម្ដី​របស់លោក Donald Trump និយាយ​ដូច្នេះ។

ប្រការ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ នោះ​គឺថា លោក Trump មិន​ហ៊ាន​និយាយ​ចេញ​ជា​សាធារណៈ​អំពី​ការយល់ឃើញ​របស់ខ្លួន​ចំពោះ​អតីត​ព្រះ​នាង Meghan ព្រោះតែ​ខ្លាច​ត្រូវ​រង​សម្ពាធ​ដូច​ករណី​អ្នកដឹកនាំ​កម្មវិធី Piers Morgan របស់​ទូរទស្សន៍​ប្រទេស​អង់គ្លេស។

កិច្ចសម្ភាសរវាងគ្រួសារ Meghan-Harry ជាមួយនឹង មហាសេដ្ឋិនី និងជាពិធីការិនី Oprah Winfrey កាលពីថ្ងៃទី 7 មីនាកន្លងទៅ

លោក Morgan ថ្មីៗនេះ ត្រូវបាន​ស្ថានីយទូរទស្សន៍​ដកតំណែង​ចេញពី​កម្មវិធី​ដ៏​ល្បីឈ្មោះ “Good Morning Britain” ដោយសារតែ­ពិធីករ​ដ៏​ល្បីឈ្មោះ​រូបនេះ បាន​រិះគន់ចំៗលើ​ព្រះ​នាង Meghan ហើយក៏​ត្រូវ​ទស្សនិកជន​ប្រតិកម្ម។

លោក Morgan បានឱ្យដឹងថា ខ្លួន​ត្រូវបាន​បណ្ដេញ​ពី​ការងារ ដោយសារ​មិន​ព្រម​សុំទោស Meghan បន្ទាប់ពី​កិច្ច​សម្ភាស​បរិហាកេរ្ដិ៍​គ្រួសារ​ខាង​ស្វាមី បង្កឱ្យមាន​ផលប៉ះពាល់​ដល់​កិត្តិយស​រាជវាំង​អង់គ្លេស។

បើទោះជា​មានការ​ព្រួយបារម្ភ ប៉ុន្តែ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump នៅតែ​គាំទ្រ​លោក Piers Morgan ដដែល។

«ខ្ញុំ​នៅ​ខាង​លោក Morgan។ គាត់​ជាម​នុស្ស​ពូកែ និង​អស្ចារ្យ ប៉ុន្តែ ពួកគេ​បែរជា​ព្យាយាម​បណ្ដេញ​គាត់​ពី​ការងារ​ព្រោះតែ​ការរិះគន់ Meghan ទៅវិញ» ទីប្រឹក្សា Miller ថា អតីត​ប្រធានាធិបតី Trump ថ្លែង​ដូច្នេះ។

នេះ​មិនមែនជា​លើកដំបូង​នោះទេ​ដែល​លោក Trump បាន​រិះគន់​ព្រះ​នាង Meghan។ អំឡុង​ឃោសនាបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ 2016 ព្រះ​នាង Meghan កាលណោះ​គឺជា​ពលរដ្ឋ​អាមេរិកាំង បានប្រកាសថា​នឹង​បោះឆ្នោត​ជូន​បេក្ខភាព Hilary Clinton។ នាង​ឱ្យដឹងថា ខ្លួន​បោះឆ្នោត​នេះ​មិនមែន​ដោយសារ​លោកស្រី Hilary ជា​ស្ត្រីភេទ​នោះទេ តែដោយសារ​មិន​ចង់​រស់នៅក្នុង​ស្ថានភាព​ដែល​លោក Trump ជា​អ្នក​គូសវាស។

អតីតប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក​Donald Trump

ឆ្នាំ 2019 អតីត​ប្រធានាធិបតី Trump កាលណោះ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង​អំពី​រឿងរ៉ាវ​ខាងលើ នៅពេល​ត្រូវបាន​សារព័ត៌មាន The Sun របស់​អង់គ្លេស​សួរ​ដល់​បញ្ហា​នោះ។ «ខ្ញុំ​មិនបាន​ដឹង​អំពី​រឿងរ៉ាវ​នោះ។ អាច​និយាយ​យ៉ាងណាទេ…ខ្ញុំ​មិន​នឹកស្មានថា នាង​ចិត្តអាក្រក់​ដូច្នេះ​សោះ» លោក Trump ឆ្លើយ​នឹង​សំណួរ​របស់ The Sun។

នៅក្នុង​រដូវ​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ឆ្នាំ 2020 ពេល​ត្រូវបាន​សួរ​អំពី​គ្រួសារ​របស់ Meghan លោក Trump ក៏បាន​ទទួលស្គាល់ថា ខ្លួន​មិន​ចូលចិត្ត​ព្រះ​នាង Meghan ទាល់តែសោះ។

«ខ្ញុំ​មិន​ចូលចិត្ត​នាង​នោះ​ទាល់តែសោះ ហើយ​នាង​ក៏​ប្រហែលជា​ដឹង​អំពី​ប្រការនេះ។ ប៉ុន្តែ ខ្ញុំ​នៅតែ​ចង់​ជូនពរ​សំណាងល្អ​ចំពោះ​ព្រះអង្គម្ចាស់ Harry ព្រោះថា គាត់​នឹង​ត្រូវការ​ប្រការ​នោះ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍» លោក Trump បន្ថែម៕

ប្រភព៖ BI, BBC
ប្រែ​សម្រួល៖ បុត្រា

Advertisement