ស្ថាន​ភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុមប៉ុលិសមីយ៉ានម៉ា និង​​ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ គិត​មក​ដល់​ថ្ងៃ​នេះ​

ក្រុមប៉ូលិស​ភូមា (មី​យ៉ាន​ម៉ា) បាននាំគ្នា​ដេញ និង​ចាប់​បាតុករ​ជាច្រើន​រយ​នាក់​នៅក្នុង​ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា​ប្រកបដោយ​ភាពវឹកវរ​នៅ​រដ្ឋធានី ណៃ​ពី​ដោ កាលពី​ថ្ងៃទី 22 កុម្ភៈ។

វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​ទូរស័ព្ទ​របស់​ពលរដ្ឋ បង្ហាញថា ក្រុមប៉ូលិស​ប្រដាប់អាវុធ​បាន​បែងចែក​ទិសដៅ​គ្នា ដេញចាប់​ក្រុមបាតុករ​ដែល​កំពុងរ​ត់​គេចខ្លួន​នៅ Pyinmana ដែលជា​ក្រុង​រណប​មួយ​របស់​រដ្ឋធានី។ រថយន្ត​ប្រអប់​មួយគ្រឿង​របស់​ក្រុមប៉ូលិស​ឈប់​នៅលើ​ដងផ្លូវ ហើយ​បាតុករ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន និង​ត្រូវ​កៀប និង​រុញច្រាន​ឱ្យចូល​ក្នុង​ប្រអប់ ក្នុងពេល​សំឡេង​ស្រែក​ប្រឆាំង​បន្លឺឡើង​កងរំពង។

អ្នកជិះ​ម៉ូតូ​ម្នាក់​ឱ្យដឹងថា ខ្លួន​បាន​ជិះ​ឆ្លងកាត់​ក្បែរ​រថយន្ត​ប្រអប់​ចំនួន 3 គ្រឿង​របស់​ប៉ូលិស និង​ឃើញថា ក្នុងនោះ​មាន​បាតុករ​ពេញ​ណែន​ទាំងអស់។ យោងតាម​សាក្សី បាតុករ​ប្រមាណ​ជាង 200 នាក់ ដែល​ភាគច្រើន​គឺជា​នារី​ភេទ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។

ក្រុមគ្រួសារ​របស់​បាតុករ​ដែល​ត្រូវបាន​ចាប់ខ្លួន បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម និង​បានឱ្យដឹងថា បាតុករ​ទាំងនោះ​សុទ្ធតែ​ត្រូវបាន​បញ្ជូន​ទៅកាន់​មូលដ្ឋានទ័ព។ បើសិនជា​ព័ត៌មាន​នេះ​ជាការ​ពិត នោះ​វា​គឺជា​ករណី​ចាប់ខ្លួន​ធំ​បំផុត រាប់​ចាប់ពី​ចលនា​ប្រឆាំង​រដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា​ត្រូវបាន​បង្កើតឡើង។

មនុស្ស​រាប់ម៉ឺន​នាក់​បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុងធំៗរបស់​ប្រទេស​ភូមា កាលពី​ថ្ងៃទី 22 កុម្ភៈ ដើម្បី​ប្រឆាំងនឹង​អំពើ​រដ្ឋប្រហារ​របស់​ក​ង​ទ័ព។ ពួកគេ​ស្នើឱ្យ​ស្ដារ​រដ្ឋាភិបាល​ស៊ីវិល និង​ដោះលែង​ក្រុមមន្ត្រី​ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ​មាន​ទាំង​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi ផងដែរ។

មនុស្ស​យ៉ាងហោច 3 នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ការបាញ់ប្រហារ​ពី​ក្រុមប៉ូលិស នៅក្នុង​បាតុកម្ម​នានា ខណៈដែល​ភាគី​ខាង​កងទ័ព​ក៏បាន​ប្រកាសថា ប៉ូលិស​ម្នាក់​បាន​ស្លាប់​ដោយសារ​រងរបួស​ធ្ងន់​នៅពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយនឹង​ក្រុមបាតុករ​នៅ Mandalay។

ប្រទេស​អង់គ្លេស អាមេរិក និង​កាណាដា សុទ្ធតែ​បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​លើ​ក្រុមមន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ប្រទេស​មី​យ៉ាន​ម៉ា ប៉ុន្តែ កងទ័ព​នៃ​ប្រទេស​នេះ មកដល់​បច្ចុប្បន្ន នៅតែ​មិន​អើពើ​ដល់​សម្ពាធ​នានា​ពីស​ហគ​មន៍​អន្តរជាតិ៕

ប្រភព៖ Reuters

Advertisement