​អាម៉េរិក ផ្ដល់​មីស៊ីល​ការ​ពារ​ដែន​អាកាស​ឱ្យ អ៊ុយក្រែន ក្រោយ​ការ​វាយ​ប្រហារតាម​អាកាស​​របស់ រុស្ស៊ី

ប្រព័ន្ធការ​ពារដែនអាកាស NASAMS

លោក បៃដិន បាន​ហៅ​ទូរស័ព្ទពិភាក្សា​ជាមួយ​លោក ហ្សេឡែនស្គី និង​សន្យា​ថា ​ផ្ដល់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ទំនើប​ទៅ​ឱ្យ​ អ៊ុយក្រែន​ បន្ទាប់​ពី​ រដ្ឋធានី​កៀវ រង​ការ​វាយ​ប្រហារទ្រង់​ទ្រាយ​ធំ​​ពី​គ្រាប់​មីស៊ីល​របស់ រុស្ស៊ី​។

«សហរដ្ឋ​អាម៉េរិក សន្យា​បន្ត​ផ្ដល់​ឱ្យ​ អ៊ុយក្រែន នូវ​ជំនួយ​ចាំបាច់​ដើម្បី​ការ​ពារ​ខ្លួន​ ក្នុង​នោះមាន​ទាំង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ទំនើប» ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃដិន បាន​ថ្លែង​នៅ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី កាល​ពី​ថ្ងៃទី ១០ តុលា ប៉ុន្តែ មិន​បាន​លើក​ឡើង​លម្អិត​អំពី​អាវុធ​នេះ​។

លោក ហ្សឡែនស្គី ក្រោយ​មក​ប្រកាស​ថា ការ​ការ​ពារ​ដែន​អាកាស​ «គឺជា​អាទិភាព​ដំបូងគេ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​» រវាង​ អ៊ុយក្រែន​ និង​ អាម៉េរិក។ «យើង​នឹង​ធ្វើ​ឱ្យ​សមរភូមិ​ក្លាយ​ជា​ការឈឺចាប់​ជាង​មុន​សម្រាប់​គូសត្រូវ​» លោក ហ្សេឡែនស្គី ថ្លែង​ដូច្នេះ​។

មុននោះ កាលពី​ថ្ងៃទី ២៧ កញ្ញា មន្ទីរបញ្ចកោណ​បាន​ប្រកាស​ថា អាម៉េរិក នឹង​ចាប់​ផ្ដើម​ប្រគល់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ទំនើប​ចំនួន ២ របស់ ន័រវែស (NASAMS) ទៅ​ឱ្យ អ៊ុយក្រែន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ ប៉ុន្តែ មិន​ទាន់​ឱ្យដឹង​អំពី​ពេល​វេលា​ជាក់លាក់។

ការ​សម្រេច​ចិត្ត​របស់​ អាម៉េរិក ខាងលើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី រុស្ស៊ី បើក​យុទ្ធនាការ​វាយប្រហារ​ទ្រង់​ទ្រាយ​ធំ​ដោយ​ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​សំដៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ថាមពល​ ទីបញ្ជាការ​យោធា និង​បណ្ដាញ​ទំនាក់​ទំនង​នៅ អ៊ុយក្រែន​។

ក្រុមមន្ត្រី​អ៊ុយក្រែន ឱ្យ​ដឹង​ថា ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ ១១ កន្លែង​នៅ​ក្នុង ៨ ខេត្តរបស់​ប្រទេស​នេះ បាន​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ និង​បណ្ដាល​ឱ្យ​មនុស្ស​ ១២ នាក់​ស្លាប់ និង​តំបន់​ជា​ច្រើន​ត្រូវ​ដាច់​ភ្លើង​ ទឹក ឬ​មិន​អាច​ដំណើរ​ការ​ប្រព័ន្ធ​កម្ដៅ​។

ការ​វាយប្រហារ​ខាងលើ​របស់​ រុស្ស៊ី បាន​កើត​មាន​ឡើង​ក្រោយ​ពី​ស្ពាន​​គ្រីមៀ ដែល​តភ្ជាប់​ឧបទ្វីប​គ្រីមៀរបស់ អ៊ុយក្រែន ជាមួយ​នឹង​តំបន់ Krasnodar របស់ រុស្ស៊ី​ បាន​រង​ការ​វាយ​ប្រហារ​៕

ប្រព័ន្ធការ​ពារដែនអាកាស NASAMS
រដ្ឋធានីកៀវ​របស់ អ៊ុយក្រែន រង​ការ​វាយ​ប្រហារ​ពី​មីស៊ីល​របស់ រុស្ស៊ី កាលពី​ថ្ងៃទី ១០​​ តុលា ២០២២
Advertisement