សកម្មជន​​នៃ​​បក្ស​សាធារណរដ្ឋ​​​ជិត​ 50% ចង់​ចូលបក្ស​របស់ Trump

សកម្មជន​របស់​គណៈ​បក្ស​ស​ធារ​ណ​រដ្ឋ ចំនួន​ជិត​ពាក់កណ្ដាល​បានប្រកាសថា បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​បោះបង់​បក្ស​នេះ និង​ចូលបក្ស​ថ្មី បើសិន​បក្ស​ថ្មី​ត្រូវបាន​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី Donald Trump។

លទ្ធផល​នៃ​ការស្ទង់មតិ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Suffolk សហការ​ជាមួយ​សារព័ត៌មាន USA Today បានប្រកាស​កាលពី​ថ្ងៃទី 21 កុម្ភៈ ឱ្យដឹងថា សកម្មជន​មកពី​បក្ស​សាធារណរដ្ឋ​ប្រមាណ​ជា 46% និយាយថា ពួកគេ​នឹងធ្វើ​ការសម្រេចចិត្ត​ដូច​បាន​និយាយ​ខាងលើ បើសិនជា​អតីត​ប្រធានាធិបតី Donald Trump បង្កើត​បក្ស​ថ្មី។ 27% និយាយថា ពួកគេ​នឹង​បន្ត​នៅ​ជាមួយ​បក្ស​សាធារណរដ្ឋ ខណៈ​ក្រៅពីនេះ មិនទាន់បាន​សម្រេចចិត្ត​នៅឡើយ។

សកម្មជន​បក្ស​សាធារណរដ្ឋ និង​ជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ម្នាក់ ​បាន​និយាយថា៖ «យើង​មាន​អារម្មណ៍​ថា មនុស្ស​របស់​បក្ស​សាធារណរដ្ឋ ហាក់​មិនទាន់​ប្រយុទ្ធ​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​ពួកយើង ហើយ​យើងទាំងអស់គ្នា​សុទ្ធតែ​ឃើញថា លោក Donald Trump បាន​ប្រយុទ្ធ​អស់ពី​សមត្ថ​ភាពជា​រៀងរាល់ថ្ងៃ​ដើម្បី​ពួកយើង»។

លោក Trump មិនទាន់​និយាយ​ដល់​អនាគត​នយោបាយរ​ប​ស់លោក ប៉ុន្តែ ក្រោយពី​ត្រូវបាន​ប្រកាស​លើកលែង​ការចោទប្រកាន់​នៅ​សភា​ជា​លើក​ទី​ពីរ លោក Trump ក៏បាន​រិះគន់​យ៉ាងខ្លាំង​ក្លា​ទៅលើ​មេដឹកនាំ​បក្ស​សាធារណរដ្ឋ ពិសេស​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា លោក Mitch McConnell។

McConnell មិន​បោះឆ្នោត​កាត់ទោស​លោក Trump ដោយ​មូល​ហេតុថា ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ ក្រោយ​ការ​បោះ​ឆ្នោត​​របស់​សភា​ជាន់ខ្ពស់ លោក McConnell បែរជា​និយាយថា លោក Trump ត្រូវ​ទទួលខុសត្រូវ​លើ​បញ្ហា​សីលធម៌ និង​ការពិត ចំពោះ​អំពើហិង្សា​កាលពី​ថ្ងៃទី 6 មករា នៅ​វិមាន​សភា និង​បាន​និយាយ​ដោយ​ប្រយោល​អំពី​លទ្ធភាព​ដែល​លោក Trump អាច​នឹង​ត្រូវបាន​ចោទប្រកាន់​អំ​ពីបទ​ព្រហ្មទណ្ឌ ព្រោះ​កំហុសឆ្គង​ដែល​លោក​បានធ្វើ​នៅក្នុងពេល​កាន់អំណាច។ លោក Mitch McConnell បញ្ជាក់ថា៖ «គាត់​មិនទាន់បាន​រួចខ្លួន​ពី​បញ្ហា​គ្រប់យ៉ាង​នៅឡើយ»។

លោក​ Trump និង​លោក​ McConnell

ប្រតិកម្ម​នឹង​សម្ដី​របស់ McConnell លោក Trump បានប្រកាសថា បក្ស​សាធារណរដ្ឋ​នឹង​ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​នៅ​ពាក់កណ្ដាល​អាណត្តិ​នា​ខាង​ពេលខាងមុខ បើសិន​លោក McConnell នៅតែ​ជា​អ្នកដឹកនាំ។

លោក Trump ថ្លែងថា៖ «គាត់ (McConnell) នឹងមិន​ធ្វើ​អ្វីដែល​ចាំបាច់​ត្រូវធ្វើ ឬអ្វី​ដែល​សមស្រប​ជាមួយនឹង​ប្រទេសជាតិ​របស់​យើង​នោះទេ។ ខ្ញុំ​នឹង​គាំទ្រ​ក្រុមមនុស្ស​ដែល​យល់ស្រប​ជាមួយនឹង​កិច្ច​ការដែល​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ក្លាយជា​ប្រទេស​មហាអស្ចារ្យ​ឡើងវិញ និង​ដាក់​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​នៅលើ​គេ​បង្អស់ នៅក្នុង​ការបោះឆ្នោត​បឋម។ យើង​ត្រូវការ​ក្រុម​មេដឹកនាំ​ដែល​ពូកែ ខ្លាំងក្លា ម៉ត់ចត់ និង​មានចិត្ត​មេត្តា»។

ទីប្រឹក្សាកំពូលៗរបស់លោក Trump បានឱ្យដឹងថា ពួកគេ​កំពុងតែ​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ការជួយ​ឱ្យ​ក្រុម​អ្នក​អភិរក្ស បាន​ជាប់ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​សភា​នាពេលខាងមុខ។

Jason Miller ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក Trump កាលពី​សប្ដាហ៍​មុន បាន​និយាយថា៖ «គោលដៅ​របស់​យើង​នោះ​គឺ​ការដណ្ដើម​សភា និង​ព្រឹទ្ធសភា​មកវិញ។ ខ្ញុំ​មិនដឹងថា ​មូល​ហេតុអ្វី​បានជា McConnell បែរជា​សម្រេចចិត្ត​វាយប្រហារ​លើ​អតីត​ប្រធានាធិបតី​ដោយ​វិធី​នេះ ប៉ុន្តែ នៅពេល​ធ្វើ​ដូច្នេះ អ្នក​អាច​នឹង​ត្រូវគេ​វាយបក»៕

ប្រភព៖ Hill

Advertisement