លិច​កប៉ាល់​ដឹក​ជន​ចំណាកស្រុក​នៅ​សមុទ្រ​អ៊ីតាលី! 23នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន

កងកម្លាំងល្បាតសមុទ្រកំពុងជួយសង្គ្រោះជនអន្តោប្រវេសន៍មកពីលីប៊ី នៅក្បែរ Sfax នៃលម្ហសមុទ្រក្បែរឆ្នេរសមុទ្ររបស់ ទុយនីស៊ី (AFP)

កងទ័ពជើងទឹក​នៃ​ប្រទេស​ទុយ​នី​ស៊ី កាលពី​ថ្ងៃទី 13 កុម្ភៈ បានឱ្យដឹងថា ជនភៀសខ្លួន​ម្នាក់​បាន​ស្លាប់ និង 22 នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន ក្រោយពី​កប៉ាល់​ដែល​ដឹក​ពួកគេ​ត្រូវ​លិច​នៅលើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ លើ​លម្ហ​សមុទ្រ​ក្បែរ​កោះ Lampedusa នៃ​ប្រទេស​អ៊ីតាលី។

កងកម្លាំង​ល្បាត​សមុទ្រ​ទុយ​នី​ស៊ី សង្គ្រោះ​មនុស្ស​បាន 25 នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន 6នាក់​ផងដែរ។ ប៉ុន្តែ អាកាសធាតុ​មិន​អំណោយផល​បាន​រំខាន​ដល់​សកម្មភាព​ជួយសង្គ្រោះ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​កើតហេតុ ចម្ងាយ​ប្រហែល 100 គីឡូ​ម៉ែត្រ​ទៅ​ទិស​ពាយព្យ​នៃ​កោះ Lampedusa។

ក្រុម​ជនភៀសខ្លួន​បានឱ្យដឹងថា នៅលើ​កប៉ាល់​ដែល​ជួប​គ្រោះថ្នាក់ មាន​មនុស្ស​ចំនួន 48 នាក់។ ពួកគេ​ចេញដំណើរ​កាលពី​ថ្ងៃទី 12 កុម្ភៈ ពី​តំបន់ Sidi Mansour នៃ​ខេត្ត Sfax របស់​ប្រទេស​ទុយ​នី​ស៊ី។

ប្រទេស​ទុយ​នី​ស៊ី ដែលមាន​ចម្ងាយ​ពី​ទ្វីបអឺរ៉ុប​តែ​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ តាំងពី​យូរ​មកហើយ​ត្រូវបាន​ចាត់ទុកថា​ជា​កន្លែង​ចេញដំណើរ​ដ៏​ល្អ​សម្រាប់​ក្រុម​ជន​ចំណាកស្រុក​ខុសច្បាប់​ដែលមាន​បំណង​ទៅកាន់​ទ្វីបអឺរ៉ុប។ យោងតាម​អង្គភាព​គ្រប់គ្រង​ព្រំដែន​របស់​សហភាព​អឺរ៉ុប (Frontex) តួលេខ​ជន​ចំណាកស្រុក​ពី​ទុយ​នី​ស៊ី​ដែល​ឆ្លងកាត់​សមុទ្រ​ចូលមក​ទ្វីប​នេះ បាន​កើនឡើង​ជាថ្មី​ក្នុង​ឆ្នាំ 2020៕

ប្រភព៖ Alarabiya

Advertisement