ទីប្រឹក្សា​ជាតិ​មី​យ៉ាន​ម៉ា Aung San Suu Kyi ត្រូវបាន​កងទ័ព​ចាប់ខ្លួន

ទីប្រឹក្សា​ជាតិ​មី​យ៉ាន​ម៉ា លោកស្រី Aung San Suu Kyi និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់អំណាច​នៃ​ប្រទេស​មី​យ៉ាន​ម៉ា ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការ​ឆ្មក់​ចូល​របស់​កងទ័ព​នា​ព្រឹក​នេះ។

Myo Nyunt ដែលជា​អ្នកនាំពាក្យ​ជាន់ខ្ពស់​របស់​បក្ស National League for Democracy (NLP) បាន​បញ្ជាក់ថា លោកស្រី Suu Kyi ប្រធាន​ធិបតី Win Myint រួម​នឹង​មេដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងទ័ព​នា​វេលា​ទៀបភ្លឺ​ថ្ងៃទី 1 កុម្ភៈ​នេះ។

Myo Nyunt បាន​ប្រាប់ថា លោក​ក៏​ប្រហែលជា​នឹងត្រូវ​បាន​ចាប់ខ្លួន​នាពេលខាងមុខ ប៉ុន្តែ​លោក​បញ្ជាក់ថា «ខ្ញុំ​ចង់​និយាយប្រាប់​ប្រជាជន​ថា កុំ​ប្រតិកម្ម​ដោយ​ប្រញាប់ប្រញាល់ ហើយ​ខ្ញុំ​សង្ឃឹមថា ពួកគេ​ធ្វើ​សកម្មភាព​ទៅតាម​ច្បាប់»។

សកម្មភាព​ចាប់ខ្លួន​នេះ​បាន​កើតឡើង​បន្ទាប់ពី​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ស៊ីវិល និង​កងទ័ព​មី​យ៉ាន​ម៉ា បាន​កើនឡើង​ខ្ពស់ ធ្វើឱ្យមាន​ការព្រួយបារម្ភ​ថា អាចមាន​រដ្ឋប្រហារ​ក្រោយ​ការបោះឆ្នោត​មួយ​ដែល​ត្រូវ​កងទ័ព​បាន​ចោទថា មាន​ការលួចបន្លំ។

សភា​ថ្មី​របស់​មី​យ៉ាន​ម៉ា​គ្រោង​នឹង​ចូលប្រជុំ​លើកដំបូង​នៅថ្ងៃនេះ ក្រោយពី​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ដែល​បក្ស NLD របស់លោក​ស្រី Aung San Suu Kyi ដណ្ដើមបាន 346 កៅអី ក្នុងចំណោម 412 កៅអី​នៅ​សភា៕

ប្រភព៖ Reuters, ABC News

Advertisement