ប្រធានាធិបតី​ទី 46 របស់​អាមេរិក Joe Biden ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ

នៅវេលា​ថ្ងៃត្រង់ ទី 20 មករា (កណ្ដាលយប់​នៅ​កម្ពុជា) លោក Joe Biden បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី 46 ជា​ផ្លូវការ បន្ទាប់ពី​បាន​ស្បថ​ចូលកាន់​តំណែង ខណៈ​លោកស្រី Kamala Harris ក៏​ក្លាយជា​ស្ត្រី​អនុ​ប្រធានាធិបតី​ដំបូង​គេ​របស់​សហរដ្ឋអាមេរិក។

នៅវេលា​ម៉ោង 11 និង 40 នាទី ថ្ងៃទី 20 មករា នៅ​ភ្នំ Capitol ជា​កន្លែង​ដែលមាន​វិមាន​សភា​អាមេរិក លោកស្រី Kamala Harris បានចាប់ផ្ដើម​ការឡើង​ស្បថ​ចូលកាន់​តំណែង​ជា​អនុ​ប្រធានាធិបតី នៅ​ចំពោះមុខ​ការចាត់ចែងរ​បស់​ចៅក្រម​តុលាការ​កំពូល Sonia Sotomayor។ លោកស្រី Harris បាន​ក្លាយជា​ស្ត្រី​អនុ​ប្រធានាធិបតី​ដំបូង​គេ​របស់​សហរដ្ឋអាមេរិក និង​ជា​ជនជាតិ​អាស៊ី​ដំបូង​ដែល​បាន​កាន់កាប់​តំណែង​នេះ។

បន្ទាប់ពី​លោកស្រី Harris បានបញ្ចប់​ពិធី​របស់ខ្លួន លោក Joe Biden ក៏បាន​ឡើង​ស្បថ​ចូលកាន់​តំណែង ក្រោម​ការដឹកនាំ​ពិធី​របស់​ប្រធាន​ចៅក្រម​តុលាការ​កំពូល John Roberts និង​បាន​ក្លាយជា​ប្រធានាធិបតី​ទី 46 របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ។

នៅក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង លោក Biden បាន​ថ្លែងថា «ថ្ងៃនេះ​គឺជា​ថ្ងៃ​របស់​សហរដ្ឋអាមេរិក ជា​ថ្ងៃ​នៃ​ប្រជាធិបតេយ្យ ថ្ងៃ​នៃ​ប្រវត្តិសាស្ត្រ​និង​ក្ដីសង្ឃឹម ថ្ងៃ​នៃ​ការផ្លាស់ប្ដូរ​និង​ការប្ដេជ្ញាចិត្ត។ សហរដ្ឋអាមេរិក​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ​ថ្មី និង​បាន​ក្រោកឈរ​ដើម្បី​តតាំង​នឹង​ឧបសគ្គ​ទាំងនោះ»។

លោក​ស្រី​ Kamala Harris

លោក Biden សង្កត់ធ្ងន់ថា៖ «ថ្ងៃនេះ យើង​អបអរ​ជ័យជំនះ ប៉ុន្តែ​មិនមែនជា​ជ័យជំនះ​របស់​បេក្ខភាព​ម្នាក់ ប៉ុន្តែ​ជា​ជ័យជំនះ​របស់​ខឿន​ប្រជាធិបតេយ្យ​ទាំងមូល។

លោក Biden ក៏បាន​អំពាវនាវ​ឱ្យ​មានការ​សាមគ្គី ស្ដារ និង​ផ្សះផ្សា​ជាតិ។ ទាក់ទង​នឹង​បញ្ហា​អន្តរជាតិ ប្រធានាធិបតី​ថ្មី បាន​សន្យាថា​នឹង​ស្ដារឡើងវិញ​នូវ «ទំនាក់ទំនង​ជាមួយ​ស​ម្ព័​ន្ធ​មិត្ត និង​ចូលរួម​ធ្វើ​កិច្ចការ​ពិភពលោក​ជាថ្មី​ម្ដងទៀត»។ ប្រធានាធិបតី​ថ្មី​នេះ​ក៏បាន​ប្រកាសថា​នឹង​កែប្រែ​គោលនយោបាយ​ឯកោ​និយម​របស់​អតីត​ប្រធានាធិបតី Trump ផងដែរ។

ពិធី​ស្បថ​ចូលកាន់​តំណែង​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ជាង​ពីរ​ខែ​មុន ពោលគឺ​នៅ​ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2020 ក្នុងនោះ លោក Joe Biden ដណ្ដើមបាន​ជ័យជំនះ ដោយ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន 306 សំឡេង​ពី​តំណាង​ម្ចាស់ឆ្នោត ខណៈ​លោក Trump ទទួលបាន 232 សំឡេង។

ព្រឹត្តិការណ៍​នេះ ត្រូវបាន​ពលរដ្ឋ​ទូទាំង​សហរដ្ឋអាមេរិក​ទន្ទឹង​រង់ចាំ ប៉ុន្តែ​ទំហំ​នៃ​ពិធី​នេះ​ត្រូវបាន​កាត់បន្ថយ ដោយសារតែ​ឥទ្ធិពល​របស់ Covid-19។ ទន្ទឹមនឹងនេះ បញ្ហា​សន្តិសុខ​ក៏​ត្រូវបាន​រឹតបន្តឹង​ជាពិសេស ដោយសារ​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ក្រុមមន្ត្រី ក្រោយពី​មាន​បាតុកម្មហិង្សា​នៅ​វិមាន​សភាជាតិ​កាលពី​ថ្ងៃទី 6 មករា ឆ្នាំ 2021៕

ប្រភព៖ Guardian

Advertisement