លោក ​Xi Jinping ​ស្នើ​​ឱ្យ​កង​ម៉ារីន​ចិន​ ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​​ការ​ធ្វើ​សង្គ្រាម​

លោក ​Xi Jinping ​ស្នើ​​ឱ្យ​កង​ម៉ារីន​ចិន​ ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​​ការ​ធ្វើ​សង្គ្រាម​

ប្រធានាធិបតីចិន លោក Xi Jinping បានស្នើឱ្យកងទ័ពម៉ារីនរបស់ប្រទេសនេះ កែលម្អសមត្ថភាព និងត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើប្រតិបត្តិការសឹក និងប្រុងជើងការគ្រប់កាលៈទេសៈ។

នៅក្នុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ចទៅកាន់ខេត្ត Guangdong កាលពីថ្ងៃទី13តុលា ប្រធានាធិបតីចិន លោក Xi Jinping ក៏បានចូលទៅពិនិត្យមើលមូលដ្ឋានទ័ពមួយនៅភាគខាងកើតប្រទេសនេះ។

លោក Xi Jinping បានប្រាប់កងម៉ារីននៅមូលដ្ឋានទ័ពនោះថា ពួកគេគួរតែកំណត់គោលដៅក្លាយជាកងកម្លាំងប្រដាប់អាវុធ “ពហុមុខងារ ប្រតិកម្មរហ័សគ្រប់កាលៈទេសៈ ទាំងអាកាសធាតុ ទាំងភូមិសាស្ត្រ”។

“គ្រប់គ្នាគួរតែផ្ដោតទៅលើឆន្ទៈ និងកម្លាំងដើម្បីត្រៀមសម្រាប់សង្គ្រាម ទន្ទឹមនឹងនេះក៏ត្រូវប្រុងជើងការក្នុងកម្រិតខ្ពស់បំផុត” ស្ថានីយទូរទស្សន៍ចិន CCTV ដកស្រង់សម្ដីរបស់លោក Xi Jinping។

លោក Xi Jinping បានប្រកាសថា៖ “កងម៉ារីនមានភារកិច្ចជាច្រើនផ្សេងៗគ្នា ហើយការស្នើដែលបានដាក់ចេញនឹងធ្វើឱ្យមានការផ្លាស់ប្ដូរ។ ដូច្នេះ គ្រប់គ្នាត្រូវតែប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមសម្រាប់ការធ្វើសង្គ្រាម ទន្ទឹមនឹងនេះក៏ត្រូវលើកកម្ពស់សមត្ថភាពនៃការប្រយុទ្ធ និងស្ដង់ដានៃការហ្វឹកហាត់”។

ប្រធានាធិបតីចិនសង្កាត់ធ្ងន់ថា កងម៉ារីន ត្រូវរ៉ាប់រង “ភារកិច្ចសំខាន់” ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យរបស់ប្រទេសចិន ក៏ដូចជាផលប្រយោជន៍នៅលើផ្ទៃសមុទ្រ និងផលប្រយោជន៍របស់ចិននៅបរទេស។ យោងតាម SCMP ការប្រកាសនេះទំនងជាសំដៅទៅលើការទាមទាររបស់ចិននៅលើសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ត្រូវបានធ្វើឡើងនៅក្នុងកាលៈទេសៈដែលភាពតានតឹងកំពុងកើនឡើងខ្លាំងនៅតំបន់ឆកសមុទ្រតៃវ៉ាន់ និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកោះនេះ ចេះតែល្អូកល្អិននឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃទី13តុលា បានព្រមានថា ទីក្រុងប៉េកាំងនឹងឆ្លើយតបយ៉ាងខ្លាំងក្លា បើសិនជាទីក្រុងវ៉ាស៊ីងតោនអនុម័តយល់ព្រមលក់អាវុធធុនធ្ងន់ទៅឱ្យកោះតៃវ៉ាន់៕

ប្រភព៖ SCMP

Advertisement