ឥណ្ឌូណេស៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជា​លើកដំបូង​នៅ​រដ្ឋធានី​ថ្មី នូ​សាន​តារា (Nusantara)

កាលពី​ថ្ងៃទី ១៧ សីហា ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់ខ្លួន​ជា​លើកដំបូង​នៅ រដ្ឋធានី​ថ្មី នូ​សាន​តារា ដែល​អាច​បើកទ្វារ​ដំណើរការ​នៅ​អំឡុង​ប្រធានាធិបតី Joko Widodo ចប់​អាណត្តិ​នៅ​ឆ្នាំ ២០២៤។

មាន​ចម្ងាយ​ពី រដ្ឋធានី​ហ្សា​ការ​តា ប្រហែល ២,០០០ គីឡូម៉ែត្រ នូ​សាន​តារា កំពុង​ត្រូវបាន​ស្ថាបនា​ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​នយោបាយ​ថ្មី​របស់​ប្រទេស​ដែលមាន​ផ្ទៃក្រឡា​ធំជាងគេ​លំដាប់​ទី ៤ ក្នុង​ពិភពលោក​មួយ​នេះ។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំណត់​គោលដៅ​បង្ហើយ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​អាច​បើកទ្វារ​រដ្ឋធានី​ថ្មី នូ​សាន​តារា នៅ​អំឡុង​ប្រធានាធិបតី Joko Widodo ចប់​អាណត្តិ​នៅ​ឆ្នាំ ២០២៤។

មេដឹកនាំ​រដ្ឋធានី​ថ្មី​របស់ ឥណ្ឌូណេស៊ី លោក Bambang Susantono បានឱ្យដឹងថា «ចំណុច​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ការប្រើប្រាស់​ស្មារតី​នៃ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី ៧៧ ដើម្បី​ពង្រឹង​ការប្ដេជ្ញាចិត្ត និង​ស្មារតី​របស់​យើង នៅក្នុង​ការកសាង​រដ្ឋ​ធានី​ថ្មី»។

យោងតាម​លោក Susantono រដ្ឋធានី​ថ្មី នូ​សាន​តារា ដែលមាន​ផ្ទៃក្រឡា​ប្រហែល ៥៦,១៨០ ហិកតា នឹង​ក្លាយជា​ទីកន្លែង​រស់នៅរ​បស់​ប្រជាជន​ប្រហែល ២ លាន​នាក់ នៅ​ឆ្នាំ ២០៤៥។

ដំណើរការ​នៃ​ការអភិវឌ្ឍ​រដ្ឋធានី​ថ្មី​នឹង​ត្រូវបាន​អនុវត្ត​ជា ៣ ដំណាក់កាលសំខាន់ៗគឺ ឆ្នាំ ២០២៤, ២០៣៥ និង ២០៤៥។ នៅ​ឆ្នាំ ២០៤៥ នូ​សាន​តារា នឹង​ជា​តំបន់​សេដ្ឋកិច្ច​ដែល​អាចជួយ​ជំរុញ​ឱ្យ ឥណ្ឌូណេស៊ី ក្លាយជា​ប្រទេស​អភិវឌ្ឍ។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានប្រកាស​ពី​គម្រោង​រើ រដ្ឋធានី​ហ្សា​ការ​តា ចេញពី កោះ​ជ្វា ជា​កោះ​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក កាលពី​ខែមេសា ២០១៩។ ប្រធានាធិបតី Joko Wedodo ប្រកាសថា ស្រុក Penajam Paser ខាងជើង និង Kutai Kertanegara នៃ​ខេត្ត Kalimantan ខាងកើត ត្រូវបាន​ជ្រើសរើស​ជាទី​តាំងរបស់​រដ្ឋធានី​ថ្មី។

នូ​សាន​តារា នឹង​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​កំ​ពូ​ល​របស់ ឥណ្ឌា​ណេ​ស៊ី ខណៈដែល ហ្សា​ការ​តា ដែលជា​រដ្ឋធានី​បច្ចុប្បន្ន និង​ជាទី​ដែលមាន​មនុស្ស​ជាង ១០ លាន​នាក់​កំពុង​រស់នៅ នឹង​នៅតែ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ៕

Advertisement