ទាហាន​ការពារជាតិ​អាមេរិក 25,000​ នាក់ កំពុង​ការពារ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី

កាលពី​ថ្ងៃទី 15 មករា កងទ័ព​អាមេរិក​បាន​បញ្ជាក់ថា ទាហាន​ការពារជាតិ​ប្រមាណ 25,000 នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ដើម្បី​ការពារ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​សប្ដាហ៍​ក្រោយ។

យោងតាម​សេចក្ដីប្រកាស​មួយ ក្រសួងការពារជាតិ​បានផ្ដល់​សិទ្ធិ​ដល់​ទាហាន​ចំនួន 25,000 នាក់ ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​អង្គភាព​ស៊ើប​ការសម្ងាត់​អាមេរិក (កើន 5,000 នាក់ ធៀប​នឹង​តួលេខ​ដែល​ត្រូវបាន​បញ្ជាក់​កាលពីដើម​សប្ដាហ៍​នេះ) ដើម្បី​ជួយ​ដល់​សកម្មភាព​អនុវត្ត​ច្បាប់ និង​ត្រៀម​សម្រាប់​ការពារ​សន្តិសុខ​ក្នុង​ពិធី​ឡើងកាន់​អំណាច​របស់​ប្រធានាធិបតី​ថ្មី។ ឧ​ត្ត​ម​សេនីយ៍ Daniel Hokanson មេបញ្ជាការ​នៃ​កងកម្លាំង​ការពារជាតិ បានឱ្យដឹងថា ក្រុម​ទាហាន និង​អ្នកបើកបរ​យន្តហោះ ត្រូវបាន​ដាក់ពង្រាយ​នៅ​ជុំវិញ​ទីក្រុង​ដើម្បី​ការពារ​រដ្ឋធានី​របស់​ប្រទេស​នេះ។

ក្រៅពី​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន រដ្ឋតូចៗ និង​តំបន់​ជាច្រើន​ផ្សេងទៀត​ក៏បាន​បញ្ជូន​កងកម្លាំង​ការពារជាតិ​របស់ខ្លួន​មកកាន់​ទីក្រុង​វ៉ា​ស៊ី​ង​តោន ដើម្បី​ចូលរួម​ការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ខាងមុខ ក្រោយពី​មាន​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 មករា​កន្លងទៅ។ ប្រការនេះ​ត្រូវបាន​មនុស្ស​មួយចំនួន​ប្រដូច​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ទៅនឹង​សមរភូមិ​ក្នុងសម័យ​សង្គ្រាម។

ក្រុម​ទាហាន​ដែល​បានដាក់​ពង្រាយ​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ត្រូវបាន​បញ្ជូន​មកពី​រដ្ឋ​មួយចំនួន រួមមាន Arizona, Colorado, Delaware, Illinois, Maryland, New Jersey, New Mexico, New York, Ohio, Pennsylvania, Vermont, Virginia និង​រដ្ឋ Washington ជាមួយនឹង​ការបន្ថែម​ទាហាន​មួយចំនួន​ផ្សេង​ទៀត​ពី​បណ្ដា​រ​ដ្ឋ Wisconsin, Nebraska, Oklahoma, New Mexico និង​រដ្ឋ Maine ផងដែរ៕

ប្រភព​៖ Washington Post

Advertisement