កងទ័ព​អាមេរិក​ទទួលបាន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ​ដែល​ធ្លាប់​ត្រូវបាន Biden ជំទាស់

W76-2 ត្រូវបានផលិតឡើងដើម្បីបំពាក់លើកាំជ្រួចផ្លោង Trident D5

កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក ទទួលបាន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ​ដែលមាន​កម្លាំង​បំផ្លាញ​កម្រិត​ទាប W76-2 ដែលជា​ប្រភេទ​អាវុធ​ធ្លាប់​ត្រូវបាន​លោក Joe Biden រិះគន់ថា​ជា «គំនិតអាក្រក់»។

នាយកដ្ឋាន​សន្តិសុខ​នុយ​ក្លេ​អែរ​ជាតិ​អាមេរិកាំង (NNSA) ដែលជា​ស្ថាប័ន​គ្រប់គ្រង​ឃ្លាំង​អាវុធ​នុយ​ក្លេ​អែរ​របស់​​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី 28 ខែធ្នូ​កន្លងទៅ បានឱ្យដឹងថា ខ្លួន​បានប្រគល់​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ W76-2 ទាំងអស់​ទៅឱ្យ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក​រួចហើយ ដើម្បី​បំពាក់​ទៅលើ​កាំជ្រួច​ផ្លោង​របស់​នាវាមុជទឹក Trident D5។ ក៏ប៉ុន្តែ NNSA មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ចំនួន​ក្បាល​គ្រាប់​ដែល​ត្រូវបាន​ផលិត និង​បំពាក់​លើ​កាំជ្រួច Trident D5 នេះ​ទេ។

ការប្រគល់​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ W76-2 ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ចំពេល​ដែល​លោក Trump នៅមាន​ឱកាស​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ក្នុងការ​ដឹកនាំ​ប្រទេស។ លោក Biden ធ្លាប់បាន​ជំទាស់​ទៅនឹង​ការអនុម័ត​លើ​ការផលិត និង​ពង្រាយ​ប្រភេទ​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ​នេះ ខណៈដែល​រដ្ឋាភិបាលរ​ប​ស់លោក Trump បែរជា​គា​ទ្រ និង​ជំរុញ​ឱ្យ​អនុវត្ត​គំនិត​នេះ។

W76-2 ត្រូវបាន​អភិវឌ្ឍ​និង​ផលិត​ទៅតាម​សំណើ​នៃ​រដ្ឋាភិបាល​របស់លោក Trump ក្រោយពី​របាយការណ៍រ​បស់ NPR (អង្គភាព​វាយតម្លៃ​ស្ថានភាព​អាវុធ​នុយ​ក្លេ​អែរ​អាមេរិក) កាលពី​ឆ្នាំ 2018 បាន​បង្ហាញថា សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​មានបំណង​ធ្វើ​ទំនើបកម្ម​លើ​អាវុធ​នុយ​ក្លេ​អែរ​របស់ខ្លួន​ដែល​កំពុង​ហួស​សម័យ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ស្រាវជ្រាវ​ផលិត​អាវុធថ្មីៗ ដើម្បី​​ទប់​ទល់​​នឹង​​រុស្ស៊ី ចិន និង​ប្រទេស​ជាស​ត្រូវ​ជាច្រើន​ផ្សេងទៀត។

ឧបករណ៍​ផ្ទុកក្បាល​គ្រាប់​នុយក្លេអែរ W76-1 ​ក្រោយ​ពី​ត្រូវ​បាន​ពិនិត្យ​រួច​រាល់​

របាយការណ៍​បាន​អះអាងថា ទីក្រុង​វ៉ា​ស៊ី​ង​តោន អាច​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ​កម្លាំង​បំផ្លាញ​កម្រិត​ទាប​ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​ដែល​ប្រើ​អាវុធ​យុទ្ធសាស្ត្រ​មិនមែន​នុយ​ក្លេ​អែរ មានដូចជា ការ​វាយឆ្មក់​សំដៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពលរដ្ឋ​អាមេរិកាំង ក៏ដូចជា​ប្រទេស​សម្ព័ន្ធមិត្ត និង​ប្រទេស​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាដើម។

ក្បាល​គ្រាប់ W76-2 ត្រូវបាន​ផលិត​រួចរាល់​ជា​ស្ថាពរ​លើកដំបូង​កាលពី​ខែកុម្ភ ឆ្នាំ 2019។ នាវាមុជទឹក USS Tennessee របស់​សហរដ្ឋអាមេរិក កាលពីដើម​ឆ្នាំនេះ ត្រូវបាន​គេ​ដឹងថា បាន​ចេញទៅ​ល្បាត​សមុទ្រ​ជាមួយនឹង​កាំជ្រួច​ផ្លោង Trident D5 ដែលមាន​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ W76-2។ រយៈពេល​នៃ​ការផលិត និង​ប្រគល់​អាវុធ​នេះ ស៊ីពេល​អស់​ត្រឹមតែ 17 ខែ​ប៉ុណ្ណោះ ខណៈដែល​ការផលិត​ផ្កាយ​គ្រាប់​ម៉ូ​ដែលមុនៗ ស៊ីពេល​អស់​ជាង 10 ឆ្នាំ ដែល​ប្រការនេះ​បង្ហាញថា W76-2 ទំនងជា​ត្រូវបាន​កែលម្អខ្លះៗពី​ក្បាល​គ្រាប់ W76-1 ដែលមាន​ស្រាប់។

W76-2 មាន​កម្លាំង​បំផ្លាញ​ប្រហាក់ប្រហែល​នឹង​រំសេវ TNT ចាប់ពី 5,000 ដល់ 7,000 តោន ដែល​នេះ​គឺជា​កម្លាំង​កម្រិត​ទាប​បើ​ធៀប​ជាមួយនឹង 100,000 តោន របស់​ម៉ូ​ដែល W76-1 ឬ 455,000 តោន របស់​ក្បាល​គ្រាប់ W88 ដែល​បំពាក់​លើ​កាំជ្រួច​ផ្លោត Trident D5។ ក៏ប៉ុន្តែ W76-2 នឹងត្រូវ​បាន​បាញ់​ទៅដល់​គ្រប់​ទីតាំង​នៅលើ​ពិភពលោក​ដោយ​ប្រើពេល​យ៉ាងខ្លី៕

ប្រភព៖ Drive

Advertisement