បាតុ​កម្ម​នៅ​សហរដ្ឋ​អាមេរិក​​ រាល​ដាល​ដល់​អង់គ្លេស​!

បាតុ​កម្ម​នៅ​សហរដ្ឋ​អាមេរិក​​ រាល​ដាល​ដល់​អង់គ្លេស​!

ក្រុម​បាតុ​ករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​ឡុងដ៍​ បន្ទាប់​ពី​មាន​បាតុកម្ម​ជា​ច្រើន​បាន​និង​កំពុង​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក ទាក់​ទិន​នឹងបុរស​ជន​ជាតិ​ស្បែក​ខ្មៅ​ម្នាក់​ដែល​ត្រូវ​បាន​ប៉ូលិស​​​ក្រៀក​សង្កត់​ក​រហូត​ដល់​ស្លាប់​​ នៅ​ក្នុង​រដ្ឋ​ Minnesota។ បាតុករ​​យ៉ាង​តិច​23​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុងឡុងដ៍​ ប្រទេស​អង់គ្លេស​។

បើ​ទោះ​ជា​នៅ​មាន​បម្រាម​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​COVID-19 ក្រុម​បាតុករ​នៅ​តែ​ប្រមូល​ផ្ដុំ​គ្នា​នៅ​​ទីលាន​ Trafalgar នា​ទីក្រុង​ឡុង​ ប្រទេស​អង់គ្លេស​ ចាប់​ពី​ម៉ោង​8​ព្រឹក​​ ថ្ងៃទី​31​ឧសភា ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​បំណង​ទាម​ទារ​យុត្តិ​ធម៌​ជូន​លោក Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​ អាយុ​46​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ក្រៀកសង្កត់​ក​រហូត​​ដល់​ស្លាប់​កាល​ពី​ថ្ងៃទី​25​ឧសភា​ នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​ Minneapolis រដ្ឋ Minnesota នៃ​សហ​រដ្ឋ​អាមេរិក​ ដោយ​សារ​តែ​បុរស​ស្បែក​ខ្មៅ​នេះ​ជាប់ទាក់​ទង​នឹង​ការ​ប្រើប្រាស់​លុយ​ក្លែង​ក្លាយ​។

ប្រភព​ព័ត៌មាន​ពី​ស្នង​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ កាល​ពី​យប់​ថ្ងៃទី​31​ឧសភា​បាន​ឱ្យ​ដឹង​ថា បាតុករ​ចំនួន​23​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ផ្សេង​ៗ​គ្នា​ ក្នុង​នោះ​ក៏​មាន​ការ​រំលោភលើ​​បទ​បញ្ជា​បម្រាម​គោចរ​ផងដែរ​។ មន្ត្រី​ប៉ូលិស​បាន​បញ្ជាក់​ថា បាតុករ​ភាគ​ច្រើន​បាន​នាំ​គ្នា​ត្រលប់​​ទៅ​ផ្ទះ​ ប៉ុន្តែ តាម​គម្រោង​ បាតុកម្ម​បែប​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​​នៅ​ក្នុង​សប្ដាហ៍​នេះ​។

បាតុ​កម្ម​នៅ​សហរដ្ឋ​អាមេរិក​​ រាល​ដាល​ដល់​អង់គ្លេស​!បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ Floyd នៅ​រដ្ឋ Minnesota នៃ​សហរដ្ឋ​អាមេរិក​ បាន​បាត់​បង់​ជីវិត​នៅ​មន្ទីរ​ពេទ្យ​កាល​ពីថ្ងៃទី​25​ឧសភា​ ក្រោយ​ពី​ត្រូវ​បាន​ប៉ូលិស​ចាប់​ក្រៀក​សង្កត់​ក​ក្នុង​រយៈ​ពេល​9​នាទី​​ បើ​ទោះ​ជា​​បុរស​នេះ​បាន​ស្រែក​អង្វរ​ និង​និយាយ​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​” ក៏ដោយ។

ការ​ស្លាប់​​របស់​បរុស​ឈ្មោះ Floyd ​ខាង​លើ​ បាន​នាំ​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​​ នាំ​ឱ្យ​ប្រទេស​នេះ​ប្រឈម​នឹង​អសន្តិសុខ​ ដោយ​សារ​តែ​មាន​​អំពើ​ហិង្សា​ ការ​ដុតបំផ្លាញ​ទ្រព្យ​ និង​ការ​ឆក់​ប្លន់​​ពី​ក្រុម​ជន​ឱកាស​និយម​​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement