Biden ពន្យារពេលការធ្វើសេចក្ដីថ្លែងការណ៍ បន្ទាប់​ពី​ Trump បាន​ព្រមាន

Biden ពន្យារពេលការធ្វើសេចក្ដីថ្លែងការណ៍ បន្ទាប់​ពី​ Trump បាន​ព្រមាន

បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden មានគម្រោងធ្វើសេចក្ដីថ្លែងការណ៍ពីទីក្រុង Wilmington ក៏ប៉ុន្តែ បានពន្យារពេលវិញ ដើម្បីរង់ចាំលទ្ធផលរាប់សន្លឹកឆ្នោតពីរដ្ឋ Pennsylvania ជាកន្លែងដែលអាច “កាត់ក្ដី” បានថា លោក Biden បានជាប់ឆ្នោត ឬយ៉ាងណា។

តាមគម្រោង លោក Biden នឹងត្រូវឡើងធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈនៅយប់ថ្ងៃទី6វិច្ឆិកា (7វិច្ឆិកានៅកម្ពុជា) បើទោះជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ។ ក៏ប៉ុន្តែ រហូតដល់ម៉ោង21និង30នាទីហើយ (ម៉ោង9កន្លះព្រឹកថ្ងៃទី7វិច្ឆិកានៅកម្ពុជា) លោក Biden នៅតែមិនទាន់បង្ហាញវត្តមាន ឬជូនដំណឹងអ្វីមួយនៅឡើយ នៅក្នុងពេលដែលការរាប់សន្លឹកឆ្នោតនៅក្នុង Pennsylvania មិនទាន់បានបញ្ចប់។ លោក Biden កំពុងនាំមុខលោក Trump ជិត22,000សំឡេងនៅក្នុងរដ្ឋនេះ។

មុន​នេះ ប្រធានាធិបតី Donald Trump បាន​ព្រមាន​លោក​ Biden ដោយ​ការ​សរសេរនៅលើទំព័រ Twitter កាលពីថ្ងៃ6ទីវិច្ឆិកាថា៖ “Joe Biden មិនគួរប្រកាសប្រកបដោយកំហុសឆ្គងថាជាប់ឆ្នោតប្រធានាធិបតី។ ខ្ញុំក៏អាចប្រកាសបែបនេះបានដែរ។ នីតិវិធីផ្លូវច្បាប់ ទើបតែចាប់ផ្ដើមប៉ុណ្ណោះ”។

ប្រភពពីក្រុមអ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានអះអាងថា លោក Biden នឹងនៅតែធ្វើសេចក្ដីថ្លែងការណ៍ ប៉ុន្តែមិនបានឱ្យដឹងជាក់លាក់អំពីពេលវេលានោះទេ។

ប្រភព​៖ Bloomberg

Advertisement