សហរដ្ឋអាមេរិក ​”បើក​ភ្លើង​ខៀវ”​ សម្រាប់​ការ​លក់​អាវុធ​ថ្មី​មួយ​ទៀត​ទៅ​ឱ្យ​តៃវ៉ាន់​ ដែល​មាន​តម្លៃ​600​លាន​ដុល្លារ​

សហរដ្ឋអាមេរិក ​

អាជ្ញាធររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បាន “បើកភ្លើងខៀវ” សម្រាប់ការលក់អាវុធជាយន្តហោះគ្មានមនុស្សបើក (UAV) ដែលមានតម្លៃ600លានដុល្លារទៅឱ្យកោះតៃវ៉ាន់។

ពីមន្ទីរបញ្ចកោណ កាលពីថ្ងៃទី3វិច្ឆិកា ក្រសួងការបរទេសអាមេរិក បានអនុម័តយល់ព្រមលក់យន្តហោះគ្មានមនុស្សបើក UAV MQ-9 ទៅឱ្យកោះតៃវ៉ាន់ និងបានបញ្ជូនសេចក្ដីប្រកាសផ្លូវការឡើងទៅកាន់សភាអាមេរិកដើម្បីធ្វើការសម្រេចចិត្តចុងក្រោយ។ នេះត្រូវបានគេចាត់ទុកថាជាដំណាក់កាលចុងក្រោយ មុនពេលទីក្រុងវ៉ាស៊ីងតោន បិទបញ្ចប់ការលក់អាវុធតម្លៃ600លានដុល្លារទៅឱ្យកោះតៃវ៉ាន់នៅក្នុងលើកនេះ។

សភាអាមេរិកនឹងមានពេល30ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានប្រកាសជូនដំណឹង ដើម្បីជំទាស់នឹងការលក់អាវុធនេះ។ ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលអះអាងថា ជំនួញនេះនឹងទទួលបានការគាំទ្រពីតំណាងរាស្ត្រនៃគណបក្សទាំងពីរក្នុងសភា ដើម្បីជួយឱ្យតៃវ៉ាន់បង្កើនសមត្ថភាពការពារខ្លួន។

យន្តហោះគ្មានមនុស្សបើក MQ-9 ចំនួន4គ្រឿងដែលនឹងត្រូវលក់ទៅឱ្យតៃវ៉ាន់នេះ គឺជាផលិតផលរបស់ក្រុមហ៊ុន General Atomic Aeronautical System។ ក្រៅពីយន្តហោះ ប្រភេទ UAV ការជួញដូរអាវុធលើកនេះក៏រួមមានទាំងស្ថានីយបាញ់បង្ហោះនៅលើដី គ្រឿងបន្លាស់ និងសកម្មភាពហ្វឹកហាត់ផងដែរ។ MQ-9 អាចបំពាក់អាវុធ និងឧបករណ៍តាមដានសត្រូវ។

មុននេះ សារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានរបស់ខ្លួន ឱ្យដឹងថា រដ្ឋាភិបាលលោក Trump បានយល់ព្រមទៅលើការលក់អាវុធចំនួន4ករណីផ្សេងៗគ្នាទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃសរុប ឡើងដល់5ពាន់លានដុល្លារអាមេរិក នៅក្នុងគ្រាដែលសហរដ្ឋអាមេរិកសម្ដែងការព្រួយបារម្ភអំពីស្ថានការណ៍សន្តិសុខរបស់កោះតៃវ៉ាន់។

កាលពីថ្ងៃទី21តុលា ក្រសួងការបរទេសអាមេរិក បានផ្ញើសេចក្ដីប្រកាសអំពីការយល់ព្រមលក់អាវុធដ៏ធំមួយទៅឱ្យកោះតៃវ៉ាន់ ឡើងទៅកាន់សភាជាតិអាមេរិក ដោយក្នុងនោះមានដូចជាប្រព័ន្ធជើងទម្រសម្រាប់បាញ់រ៉ុកកែតពីរថយន្ត ដែលត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ប្រព័ន្ធគ្រាប់រ៉ុកកែត និងវិញ្ញាណសិប្បនិម្មិតសម្រាប់បំពាក់លើយន្តហោះចម្បាំង F-16 ។ល។

ថ្ងៃទី26តុលា អាមេរិកបន្ត “បើកភ្លើងខៀវ” មួយទៀត សម្រាប់ការលក់កាំជ្រួចប្រឆាំងនាវាពិឃាត Harpoon ទៅឱ្យតៃវ៉ាន់។

ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីដែលមិនអាចកាត់ផ្ដាច់បានរបស់ខ្លួន និងបានប្រកាសជាញឹកញាប់ថានឹងច្របាច់បញ្ចូលកោះនេះមកក្នុងប្រទេសចិនឱ្យខាងតែបាន បើទោះជាត្រូវប្រើប្រាស់កម្លាំងបាយក៏ដោយ។

សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយនឹងកោះតៃវ៉ាន់ទេ ប៉ុន្តែទីក្រុងវ៉ាស៊ីងតោនគឺជាដៃគូពាណិជ្ជកម្មនិងយោធាសំខាន់របស់កោះនេះ។ តៃវ៉ាន់ក៏ជាបញ្ហាចម្រូងចម្រាសខ្លាំងនៅក្នុងចំណោមបញ្ហាធំៗដែលធ្វើឱ្យទំនាក់ទំនងរវាងចិន-អាមេរិកជួបប្រទះភាពតានតឹង។

កាលពីថ្ងៃទី27តុលា ប្រទេសចិនបានស្នើឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធទៅឱ្យតៃវ៉ាន់ និងបញ្ចប់ទំនាក់ទំនងយោធារវាងទីក្រុងវ៉ាស៊ីងតោន និងទីក្រុងតៃប៉ិផងដែរ៕

ប្រភព៖ Reuters

Advertisement