ពលរដ្ឋ​អាមេរិកាំង​នៅ​មូលដ្ឋាន មិន​មែនជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​នោះ​ឡើយ

បេក្ខភាពដែលទទួលបានសន្លឹកឆ្នោតគាំទ្រពីពលរដ្ឋច្រើនជាងគេ មិនប្រាកដថាបានធ្វើជាប្រធានាធិបតីអាមេរិកឡើយ ដោយសារតែមានប្រតិភូតំណាងម្ចាស់ឆ្នោត

ពលរដ្ឋអាមេរិកាំង មិនបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះទេ ប៉ុន្តែ ប្រតិភូតំណាងម្ចាស់ឆ្នោតឯណោះទេដែលមានតួនាទីបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ ដោយយោងទៅលើលទ្ធផលនៃការបោះឆ្នោតនៅមូលដ្ឋានរបស់បណ្ដារដ្ឋ។

ពលរដ្ឋអាមេរិកាំងគ្រប់រូបដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅ មានសិទ្ធិទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនេះត្រូវបានគេហៅថា “សំឡេងឆ្នោតប្រជាប្រិយ (popular vote)។ ក៏ប៉ុន្តែ តាមច្បាប់ ប្រតិភូដែលជាតំណាងរបស់ម្ចាស់ឆ្នោតប្រជាប្រិយ (electoral vote/electoral college) ឯណោះទេ ទើបជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់។

បេក្ខភាពនីមួយៗត្រូវការសំឡេងឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន270សំឡេង ទើបក្លាយជាប្រធានាធិបតី។ ក្រុមមេដឹកនាំប្រទេស បានបង្កើតប្រតិភូតំណាងម្ចាស់ឆ្នោតនេះឡើង ក៏ព្រោះតែពួកគេមានការព្រួយបារម្ភ ខ្លាចបណ្ដារដ្ឋដែលមានប្រជាជនតិចជាង អាចមិនមានអ្នកតំណាងប្រកបដោយយុត្តិធម៌។ ម្យ៉ាងទៀត ពួកគេក៏យល់ថា “មនុស្សធម្មតា” ទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសម្រេចចិត្តបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលស័ក្ដិសម។ ដូច្នេះ ពួកគេក៏បង្កើតប្រតិភូតំណាងម្ចាស់ឆ្នោតនេះឡើង ដែលបច្ចុប្បន្នមានចំនួន538រូប ដោយរួមទាំងតំណាងរាស្ត្រមកពីសភាជាន់ខ្ពស់ និងជាន់ទាបរបស់រដ្ឋចំនួន50នៃសហរដ្ឋអាមេរិកផងដែរ។ ដោយឡែក រដ្ឋធានីវ៉ាស៊ីងតោន មានប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន3រូប។

ដើម្បីទទួលបានតំណែងប្រធានាធិបតី បេក្ខភាពត្រូវតែទទួលបានសន្លឹកឆ្នោតគាំទ្រយ៉ាងតិច270សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោត។ ដើម្បីទទួលបានសំឡេងឆ្នោតពីប្រតិភូតំណាង ជាទូទៅ បេក្ខភាពត្រូវតែទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេពីពលរដ្ឋមូលដ្ឋាននៅក្នុងរដ្ឋនីមួយៗ។

បើសិនជាទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋនៅ California បេក្ខភាពនឹងទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ​55​សំឡេង​ពី​ប្រតិភូតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។ បើសិនជាទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋនៅ Texas បេក្ខភាពនឹងទទួលបានសន្លឹកឆ្នោតគាំទ្រ35សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។ នេះគឺជាប្រព័ន្ធ “អ្នកឈ្នះទទួលបានគ្រប់យ៉ាង”។

ក៏ប៉ុន្តែ ជួនកាល បេក្ខភាពដែលទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋច្រើនជាងគេនៅទូទាំងប្រទេស (popular vote) ប៉ុន្តែ មិនទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីប្រតិភូតំណាងម្ចាស់ឆ្នោតផងដែរ។ ករណីនេះបានកើតឡើងកាលពីឆ្នាំ2016 នៅពេលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton ទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋ (popular vote) ច្រើនជាងគេ ប៉ុន្តែ បេក្ខភាពមកពីបក្សសាធារណរដ្ឋ លោក Donald Trump មានប្រៀបជាងនៅក្នុងបណ្ដារដ្ឋដែលមានប្រជាជនតិចជាង ហើយក៏មានប្រៀបជាងនៅក្នុងការបោះឆ្នោតរបស់ប្រតិភូតំណាងម្ចាស់ឆ្នោត ដោយសារតែប្រព័ន្ធ “អ្នកឈ្នះទទួលបានគ្រប់យ៉ាង” នេះ។

លទ្ធផលនៃការបោះឆ្នោតប្រជាប្រិយ (popular vote) និងការបោះឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោត មានលទ្ធផល​ខុស​គ្នា​តែ​5​ដង​ប៉ុណ្ណោះ​ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក៕

ប្រភព៖ Next

Advertisement