ភូមិមួយ​នៅ​អ៊ីតាលី​ ​ផ្ដល់​​ប្រាក់​ដល់​អ្នក​ចំណូល​ថ្មី​ដែល​មក​រស់​នៅ​ និង​រក​ស៊ី​នៅ​ទី​នេះ

ភូមិមួយនៅអ៊ីតាលី ជូនប្រាក់ដល់អ្នកចំណូលថ្មីដែលមករស់នៅ និងរកស៊ីនៅទីនេះ

ភូមិ Santo Stefano di Sessanio សង្ឃឹមថា ខ្ទង់ជំនួយដែលមានទំហំជាទឹកប្រាក់ឡើងដល់ 44,000​អឺរ៉ូ ​(ជាង​52,000​ដុល្លារ​អាមេរិក) នឹងអាចទាក់ទាញយុវវ័យចូលមករស់នៅ និងបង្កើតមុខរបរនៅទីនេះកាន់តែច្រើន។

Santo Stefano di Sessanio ដែលស្ថិតនៅក្នុងតំបន់ Abruzzo ភាគអាគ្នេយ៍នៃប្រទេសអ៊ីតាលី កាលពីសប្ដាហ៍​មុនបានបង្ហោះសារលម្អិតស្ដីអំពីគម្រោងខាងលើ នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាមូលដ្ឋាន។ សារនេះបានឱ្យដឹងថា បច្ចុប្បន្ន Santo Stefano di Sessanio មានប្រជាជនត្រឹមតែ115នាក់ប៉ុណ្ណោះ ហើយក្នុងនោះមាន41នាក់មានវ័យលើសពី65ឆ្នាំ និង​មាន​តែ​13​នាក់​ប៉ុណ្ណោះដែលមានវ័យក្រោម20ឆ្នាំ។

ដូច្នេះ ក្រុមប្រឹក្សាភូមិយល់ថា ពួកគេ “ចាំបាច់” ត្រូវតែធ្វើអ្វីមួយដើម្បីធានាឱ្យបាននូវ “ការរីកចម្រើនប្រកប​ដោយ​ស្ថិរភាព និងយូរអង្វែង” របស់ភូមិនេះ។ ដើម្បីទាក់ទាញអ្នកចំណូលថ្មី ក្រុមប្រឹក្សាភូមិក៏បានលើកជាយោបល់ដ៏អស្ចារ្យមួយ នោះគឺ “ផ្ដល់ជំនួយ8,000អឺរ៉ូ/ឆ្នាំ រយៈពេល3ឆ្នាំ សម្រាប់មនុស្សម្នាក់ ដោយទូទាត់ប្រចាំខែ។ ជាងនេះ ភូមិខាងលើក៏នឹង​ផ្ដល់​ជំនួយ​20,000​អឺរ៉ូប​ន្ថែម​ទៀត ​ក្នុងករណីដែលអ្នកចំណូលថ្មីបើកអាជីវកម្មនៅទីនេះ។

អ្នកចំណូលថ្មីក៏នឹងទទួលបានកន្លែងស្នាក់នៅ ហើយគ្រាន់តែបង់ប្រាក់ឈ្នួលជាទម្រង់តំណាងតែប៉ុណ្ណោះ។ ក្រុមប្រឹក្សាភូមិក៏បានបញ្ជាក់ថា អ្នកដែលចូលរួមកម្មវិធីនេះ ត្រូវតែមានអាយុចាប់ពី18ដល់40ឆ្នាំ។

ភូមិមួយនៅអ៊ីតាលី ជូនប្រាក់ដល់អ្នកចំណូលថ្មីដែលមករស់នៅ និងរកស៊ីនៅទីនេះអ្នកចំណូលថ្មីទាំងនោះ អាចជាពលរដ្ឋអ៊ីតាលីដែលមកពីតំបន់ផ្សេងៗ ប៉ុន្តែភូមិទាំងនោះត្រូវតែមានប្រជាជន​មិនក្រោម​2,000​នាក់។ ពួកគេក៏អាចជាប្រជាជននៅក្នុងសហភាពអឺរ៉ុប ឬមកពីខាងក្រៅ ប៉ុន្តែត្រូវតែជាពលរដ្ឋដែលមានសិទ្ធរស់នៅយូរអង្វែង។

បន្ទាប់ពីទទួលបានការយល់ព្រម អ្នកចំណូលថ្មីត្រូវតែស្នាក់នៅក្នុងភូមិ Santo Stefano នេះឱ្យបានយ៉ាងតិច5ឆ្នាំ និងរកស៊ីនៅក្នុងភូមិនេះ។ ប៉ុន្តែ វិស័យជំនួញត្រូវតែស្ថិតក្នុងបញ្ជីអាទិភាពរបស់ក្រុមប្រឹក្សាភូមិ ក្នុងនោះមានដូចជាវិស័យទេសចរណ៍ កីឡា វប្បធម៌ សេវាកម្មសម្អាតនិងអនាម័យ គ្រប់គ្រងឱសថ ទីផ្សារ និងជួញដូរស្បៀងអាហារ។

ភូមិ Santo Stefano បានបញ្ជាក់ថា សេចក្ដីប្រកាសស្វែងរកអ្នកចំណូលថ្មីនេះ នឹងទទួលពាក្យស្នើសុំចូលមករស់នៅ រហូតដល់ថ្ងៃទី15វិច្ឆិកា2020៕

ប្រភព៖ CNBC

Advertisement