ត្រូវ​រង្វាន់​ 1​លាន​ដុល្លារ​ ដោយ​សារ​បាន​ចាក់វ៉ាក់សាំង​ COVID-19

នាង Abbigail Bugenske ត្រូវបានរង្វាន់ 1លានដុល្លារអាមេរិក

សហរដ្ឋ​អាមេរិក​៖ នារី​ជា​វិស្វករ​ម្នាក់​ នៅ​ក្នុង​រដ្ឋ​​ Ohio បាន​ត្រូវ​រង្វាន់​ 1​លាន​ដុល្លារ​​ នៅ​ក្នុង​កម្មវិធី​ចេញ​ឆ្នោត​សម្រាប់​ពលរដ្ឋ​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ខណៈ​ដែល​សិស្ស​សាលា​មួយ​រូប​ ក៏​ទទួល​បាន​អាហារូបករណ៍​សម្រាប់​រៀន​នៅ​សាកល​វិទ្យា​ល័យ។

នាង​ Abbigail Bugenske​ ត្រូវ​បាន​រង្វាន់​ 1​លាន​ដុល្លារ​អាមេរិក​ នេះ​បើ​តាម​ការ​ប្រកាស​កាល​ពី​ថ្ងៃទី​26​ ខែ​ឧសភា​ ឆ្នាំ​2021​ របស់​រដ្ឋ​ Ohio។ Abbigail Bugenske​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ នៅ​ចំពោះ​មុខ​រង្វាន់​ដ៏​ធំ​នេះ​ ហើយ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ដទៃ​ ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ដូច​​នាង​។

ចំណែក​ សិស្ស​សាលា​ម្នាក់​ ឈ្មោះ​ Joseph Costello អាយុ​ 14​ឆ្នាំ ក៏​បាន​ត្រូវ​រង្វាន់​ជា​អាហារូបករណ៍​​សម្រាប់​រៀន​នៅ​មហា​វិទ្យា​ល័យ​​ពេញ​ 4​ឆ្នាំ​។ Joseph Costello​ អាច​រៀន​នៅ​សាកល​វិទ្យា​ល័យ​ណា​ក៏​បាន​។

«បើ​សិន​អ្នក​កំពុង​ស្ថិត​ក្នុង​វ័យ​ចាប់​ពី​ 12 ដល់​ 17​ឆ្នាំ និង​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​តិច​ 1​ដូស​ នោះ​អ្នក​អាច​មាន​សំណាង​ឈ្នះ​រង្វាន់​បន្ទាប់​!» អភិបាល​រដ្ឋ​ Ohio លោក​ Mike DeWine​ បាន​បង្ហោះ​សារ​នៅ​លើ​ Twitter ដូច្នេះ​។

អភិបាល​រដ្ឋ​ លោក Mike DeWine ថត​រូប​ជាមួយ​នឹង​ Joseph Costello (14​ឆ្នាំ​, រូប​កណ្ដាល)

រដ្ឋ​ Ohio នៅ​តែ​តម្កល់​រង្វាន់​ 4​លាន​ដុល្លារ​ ហើយ​ថា​ នឹង​ប្រកាស​ឈ្មោះ​អ្នក​ត្រូវ​រង្វាន់​បន្ទាប់​​ នៅក្នុង​ព្រឹត្តិ​ការណ៍​​ទិវា​នៃ​ការ​ចង​ចាំ​ 31ឧសភា​ខាង​មុខ​។

ក្រុម​មន្ត្រី​សុខាភិបាល​ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជិត​ 2.8​លាន​នាក់​ បាន​ចូល​រួម​ចាប់​រង្វាន់​ បន្ទាប់​ពី​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19។

សហរដ្ឋ​អាមេរិក​ ដំបូង​ឡើយ មាន​ពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​។ ក៏ប៉ុន្តែ​ ក្រោយ​មក​ ចំនួន​នេះ​ចេះ​តែ​ថយ​ចុះ​ពីមួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ ដោយ​សារ​តែ​មាន​ព័ត៌មាន​ទាក់​ទិន​នឹង​ករណី​ប្រតិកម្ម​ និង​បញ្ហា​សុខភាព​​ ក្រោយ​ពី​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។ មូលហេតុ​នេះ ធ្វើ​ឱ្យ​រដ្ឋ​ជា​ច្រើន​របស់​អាមេរិក​ ធ្វើ​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​ទាក់​ទាញ​ពលរដ្ឋ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ Covid-19៕

ប្រភព​៖ NY Post
ប្រែសម្រួល​៖ បុត្រា

Advertisement