អាមេរិក​យល់​ព្រម​លក់​រ៉ុកកែត​ដែល​មាន​តម្លៃ​ជិត​1.5​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់

អាមេរិកយល់ព្រមលក់រ៉ុកកែតដែលមានតម្លៃជិត1.5ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្រេចយល់ព្រមលក់កាំជ្រួចរយៈចម្ងាយឆ្ងាយ SLAM-ER ចំនួន​135​ដើម​ និងប្រព័ន្ធកាំជ្រួចហ្វូង HIMARS ដែលមានតម្លៃសរុបជិត1.5ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ដើម្បីការ​ពារ​ខ្លួន។

អង្គភាពសហការផ្នែកសន្តិសុខជាតិ (DSCA) នៃមន្ទីរបញ្ចកោណ កាលពីថ្ងៃទី21តុលា បានប្រកាសថា៖ “ក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រេចយល់ព្រមលើកកិច្ចសន្យាលក់កាំជ្រួចរយៈចម្ងាយឆ្ងាយបាញ់ទៅលើដី AGM-84H ចំនួន135ដើម និងឧបករណ៍អមនានា ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណ1,008ពាន់លានដុល្លារអាមេរិក​។ យើងបានបញ្ជូនសេចក្ដីប្រកាសលើកិច្ចសន្យានេះទៅឱ្យសភាអាមេរិករួចហើយ”។

ក្រៅពី AGM-84H ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធ សហរដ្ឋអាមេរិកក៏នឹងប្រគល់មីស៊ីល ATM-84H ​ចំនួន​4​ដើម ​ក្បាលគ្រាប់សម្រាប់ប្រើក្នុងការហ្វឹកហាត់ CATM-84H ចំនួន12គ្រាប់ រួមនឹងគ្រឿងបន្លាស់ ឧបករណ៍ត្រួតនិត្យ និងឯកសារណែនាំផងដែរ។ ទីក្រុងវ៉ាស៊ីងតោនក៏ទទួលខុសត្រូវទៅលើការបណ្ដុះបណ្ដាលទាហាន និងជំនួយផ្នែកបច្ចេកទេស ក្រោយពីបានប្រគល់អាវុធទាំងនេះទៅឱ្យទីក្រុងតៃប៉ិ។

អាមេរិក​យល់​ព្រម​លក់​រ៉ុកកែត​ដែល​មាន​តម្លៃ​ជិត​1.5​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់
កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ AGM-84H

នៅក្នុងសេចក្ដីប្រកាសមួយផ្សេងទៀត DSCA បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកក៏បានយល់ព្រមលក់ប្រព័ន្ធកាំជ្រួចហ្វូងរយៈចម្ងាយឆ្ងាយ M142 HIMARS រួមនឹងសម្ភារអម និងជំនួយផ្នែកបច្ចេកទេសទៅឱ្យតៃវ៉ាន់ ជាមួយនឹងតម្លៃសរុប 436លានដុល្លារអាមេរិក។

សភាសហរដ្ឋអាមេរិកមានពេល30ថ្ងៃ រាប់ចាប់ពីពេលបានទទួលសេចក្ដីប្រកាសពីក្រសួងការបរទេស ដើម្បី​ធ្វើ​ការ​ពិចារណា​ថា​ តើគួររាំងខ្ទប់កិច្ចព្រមព្រៀងលក់អាវុធនេះដែរ ឬអត់។ បើសិនជាមិនមានការជំទាស់ពីសភាជាតិ កិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ជូនទៅឱ្យប្រធានាធិបតី Donald Trump ដើម្បីចុះហត្ថលេខាចុងក្រោយ។

ក្រសួងការបរទេសចិន និងការិយាល័យតំណាងរបស់តៃវ៉ាន់ ប្រចាំទីក្រុងវ៉ាស៊ីងតោន មិនទាន់មានប្រតិកម្មណា​មួយ​ទៅនឹងព័ត៌មានខាងលើនេះនៅឡើយ។

សូមរំឭកថា ប្រទេសចិន តែងចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលរង់ចាំតែថ្ងៃច្របាច់បញ្ចូលគ្នាប៉ុណ្នោះ បើទោះជាត្រូវប្រើកម្លាំងបាយក៏ដោយ។ ចំណែកសហរដ្ឋអាមេរិកវិញ ទោះបីជាទទួលស្គាល់គោលការណ៍ “ប្រទេសចិនតែមួយ” ប៉ុន្តែសហរដ្ឋអាមេរិកនៅតែរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងកំពុងផ្គត់ផ្គង់សព្វាវុធទំនើបៗទៅឱ្យកោះនេះ ក្នុងគ្រាដែលភាពតានតឹងរវាងចិនដីគោក និងចិនតៃវ៉ាន់កំពុងឡើងកម្ដៅខ្លាំង។

ថ្មីៗនេះ ទីក្រុងប៉េកាំង បានបង្កើនសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិក​-ចិន កំពុងដាំក្បាលចុះទាបបំផុតក្នុងអំឡុងច្រើនទសវត្សរ៍កន្លងមកនេះ។

អាមេរិកយល់ព្រមលក់រ៉ុកកែតដែលមានតម្លៃជិត1.5ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់
យន្តហោះចម្បាំង F-16V

កន្លងមក អាមេរិកបានផ្គត់ផ្គង់អាវុធ និងយល់ព្រមលក់អាវុធទំនើបៗជាច្រើនទៅឱ្យកោះតៃវ៉ាន់ ក្នុងនោះមានយន្តហោះចម្បាំង F-16V ចំនួន66គ្រឿង និងរថក្រោះ M1A2 Abrams ចំនួន102គ្រឿង ក្នុងតម្លៃរាប់ពាន់​លានដុល្លារអាមេរិក។ ក៏ប៉ុន្តែ មកដល់ពេលនេះ គេមិនទាន់ប្រាកដថា អាមេរិកនឹងចូលទៅជួយតៃវ៉ាន់ដែរ ឬយ៉ាងណានោះទេ បើសិនជាមានករណីវាយប្រហារដោយយោធាពីសំណាក់ទីក្រុងប៉េកាំង។

យ៉ាងនេះក្ដី កាលពីដើមខែតុលា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកាំង លោក Robert O’Brien បានព្រមានថា សហរដ្ឋអាមេរិកប្រឆាំងទៅនឹងការព្យាយាមណាមួយដើម្បីគ្រប់គ្រងលើកោះតៃវ៉ាន់ដោយកម្លាំងបាយ។ លោកក៏បានអំពាវនាវឱ្យតៃវ៉ាន់វិនិយោគបន្ថែមទៀតទៅលើមីស៊ីលរយៈចម្ងាយឆ្ងាយ មីស៊ីលក្រោមទឹក នាវាវាយប្រហាររហ័ស ប្រព័ន្ធរ៉ុកកែតចល័ត និងមធ្យោបាយតាមដានទំនើបដទៃទៀត៕

ប្រភព៖ Sputnik

Advertisement