ស្ត្រីអ្នកនយោបាយអាមេរិកាំង3រូប នាំគ្នាអាក្រាតកាយ ដើម្បីព្រមានអំពីសន្លឹកឆ្នោត “អាក្រាត” និងមិនបានការ

ស្ត្រីអ្នកនយោបាយអាមេរិកាំង3រូបនៅក្នុងរដ្ឋ Pennsylvania បាននាំគ្នាដោះសម្លៀកបំពាក់ដើម្បីជាការណែនាំម្ចាស់ឆ្នោតអំពីរបៀបបោះឆ្នោតតាមរយៈការផ្ញើសំបុត្រ ក្នុងបំណងចៀសវាងបញ្ហាសន្លឹកឆ្នោតស្របច្បាប់ក្លាយជាសន្លឹកឆ្នោត “អាក្រាត” មិនបានការ ដោយសារតែម្ចាស់ឆ្នោតភ្លេចដាក់ក្នុងស្រោមសំបុត្រ2ជាន់។

យោងតាមសារព័ត៌មាន Guardian រដ្ឋ Pennsylvania បច្ចុប្បន្នត្រូវបានគេមើលឃើញថា ជា “ទីលានប្រយុទ្ធ” មួយក្នុងចំណោម “សមរភូមិ” ក្ដៅបំផុតសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនាថ្ងៃទី3វិច្ឆិកាខាងមុខ។ ដូច្នេះហើយ រាល់សន្លឹកឆ្នោតក្នុងរដ្ឋនេះ សុទ្ធតែត្រូវបានចាត់ទុកថាមានសារសំខាន់ជាងគេ និងមានតម្លៃជាងគេ ព្រោះវាអាចបង្វែរស្ថានការណ៍ទាំងមូលបាន។

ដោយសារតែមានការព្រួយបារម្ភចំពោះបញ្ហាដែលម្ចាស់ឆ្នោតមិនទាន់យល់អំពីការកំណត់ស្ដីអំពីរបៀបបោះឆ្នោតតាមរយៈការផ្ញើជាសំបុត្រ ហើយនឹងអាចធ្វើខុសនីតិវិធី នាំឱ្យសន្លឹកឆ្នោតត្រូវគេចាត់ទុកជាមោឃ ដូច្នេះ សមាជិកនៃក្រុមប្រឹក្សាភិបាលនៃតំបន់ Allegheny លោកស្រី Bethany Hallam ក៏បានសម្រេចចិត្តអាក្រាតកាយដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមម្ចាស់ឆ្នោត ក្នុងបំណងបញ្ជូនសារអំពីរបៀបនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ។

លោកស្រី Emily Kinkead

ក្រោយមក លោកស្រី Bethany Hallam ក៏បានអញ្ជើញលោកស្រី Olivia Bennett ដែលជាសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាលតំបន់ Allegheny ឱ្យចូលរួមធ្វើសកម្មភាពនេះ។

លោកស្រី Hallam និងលោកស្រី Bennett បន្ទាប់មកទៀតក៏បានអញ្ជើញលោកស្រី Emily Kindead ដែលជាអ្នកនយោបាយម្នាក់កំពុងតែធ្វើសកម្មភាពដើម្បីបានចូលទៅកាន់សភាជាន់ទាបថ្នាក់រដ្ឋ នៅ Pennsylvania ឱ្យចូលរួមធ្វើកិច្ចការបញ្ជូនសារនេះដែរ។ ស្ត្រីអ្នកនយោបាយទាំង3រូបនេះ បានអាក្រាតកាយពាក់កណ្ដាលខ្លួន រួចថតរូប និងបង្ហោះរូបទាំងនោះនៅលើបណ្ដាញសង្គម ជាមួយនឹងសារណែនាំអំពីរបៀបបោះឆ្នោតឱ្យបានត្រឹមត្រូវ។

យោងតាមការកំណត់របស់រដ្ឋ Pennsylvania សន្លឹកឆ្នោតទាំងអស់ដែលបោះតាមរយៈសំបុត្រ ត្រូវតែដាក់នៅក្នុងស្រោមសំបុត្រចំនួន2ជាន់ ដោយជាន់ទី1គឺជា “ស្រោមសំបុត្រសម្ងាត់” និងជាន់ទី2គឺជាស្រោមសំបុត្រដែលមានសរសេរអាសយដ្ឋាន។

លោកស្រី​ Bethany Hallam

បើសិនជាម្ចាស់ឆ្នោតភ្លេចដាក់សន្លឹកឆ្នោតនៅក្នុង “ស្រោមសំបុត្រសម្ងាត់” នោះគណៈកម្មការរៀបចំការបោះឆ្នោតនឹងដាក់វាចូលទៅក្នុងប្រភេទសន្លឹកឆ្នោត “អាក្រាត” ពោលគឺសន្លឹកឆ្នោតដែលខុសពីការកំណត់ ហើយនឹងមិនត្រូវបានរាប់បញ្ចូលទៅក្នុងសន្លឹកឆ្នោតបានការឡើយ។ ដូច្នេះហើយ ស្ត្រីអ្នកនយោបាយទាំង3រូបខាងលើ ក៏ប្រើប្រាស់រូបភាពអាក្រាតកាយរបស់ពួកគេក្នុងបំណងទាក់ទាញចំណាប់អារម្មណ៍របស់ម្ចាស់ឆ្នោត ដើម្បីឱ្យពួកគេមានការប្រុងប្រយ័ត្នក្នុងការបោះឆ្នោត។

នៅក្នុងការបោះឆ្នោតអាណត្តិមុនៗ រដ្ឋ Pennsylvania តែងមិនអនុញ្ញាតឱ្យបោះឆ្នោតតាមរយៈការផ្ញើសំបុត្រក្នុងទ្រង់ទ្រាយធំនោះទេ។ ទន្ទឹមនឹងនេះ គោលការណ៍ស្តីអំពីការប្រើប្រាស់ស្រោមសំបុត្រ2ជាន់ នាំឱ្យក្រុមមន្ត្រីព្រមានថា សន្លឹកឆ្នោតប្រមាណ100,000សន្លឹកដែលបោះតាមរយៈការផ្ញើសំបុត្រក្នុងឆ្នាំនេះ អាចត្រូវបានចាត់ទុកជា “សន្លឹកឆ្នោតអាក្រាត” (មិនបានការ)។

នៅក្នុងរដ្ឋ Pennsylvania ការបោះឆ្នោតកាលពីឆ្នាំ2016 ប្រធានាធិបតី Donald Trump ធ្លាប់ទទួលបានសំឡេងឆ្នោតច្រើនជាងគូប្រកួតត្រឹមតែជាង44,000សន្លឹកប៉ុណ្ណោះ។ ដូច្នេះ បើសិនជាម្ចាស់ឆ្នោតយល់ខុស និងធ្វើខុសពីការកំណត់របស់គណៈកម្មការរៀបចំការបោះឆ្នោត នោះសន្លឹករបស់ពួកគេនឹងត្រូវចាត់ទុកជាអសារបង់ ហើយប្រការនេះក៏នឹងប៉ះពាល់ដល់លទ្ធផលចុងក្រោយនៃការបោះឆ្នោតនេះផងដែរ។

លោក​ស្រី Olivia Bennett (កណ្ដាល)

លោកស្រី Bethany Hallam គឺជាសមាជិកនៃគណបក្សប្រជាធិបតេយ្យ ហើយលោកស្រីក៏គាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាព Joe Biden នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ2020នេះ៕

ប្រភព៖ Guardian

Advertisement