Trump ទាមទារឱ្យ Biden ធ្វើតេស្តរកគ្រឿងញៀន មុនពេលជជែកតវ៉ាទល់មុខគ្នាជាលើកដំបូង

Trump ទាមទារឱ្យ Biden ធ្វើតេស្តរកគ្រឿងញៀន មុនពេលជជែកតវ៉ាទល់មុខគ្នាជាលើកដំបូង

លោក Donald Trump បានថ្លែងថា នឹងស្នើឱ្យធ្វើតេស្តរកសារធាតុញៀន នៅមុនកម្មវិធីជជែកតវ៉ាទល់មុខគ្នាជាមួយនឹងលោក Joe Biden ដោយសង្ស័យថា គូប្រជែងរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀនដើម្បីបង្កើតសមត្ថភាព។

ឆ្លើយតបទៅនឹង Washington Examiner នៅសេតវិមាន កាលពីថ្ងៃទី26សីហា ប្រធានាធិបតីអាមេរិក បានឱ្យដឹងថា លោកមានការភ្ញាក់ផ្អើលនៅពេលបានឃើញការប្រសើរឡើងនៃសមត្ថភាពក្នុងការជជែកតវ៉ារបស់បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden នៅក្នុងការជជែកតវ៉ាទល់មុខគ្នាជាមួយតំណាងរាស្ត្រ Bernie Sanders មកពីសភាជាន់ខ្ពស់ កាលពីខែមីនា។ លោក Trump សង្ស័យថា នេះអាចជាលទ្ធផលដែលកើតឡើងពីគ្រឿងញៀន ប៉ុន្តែលោកមិនបានបញ្ចេញភស្តុតាងណាមួយទាក់ទិននឹងការសន្និដ្ឋាននេះទេ។

លោក Trump ថ្លែងថា៖ “គ្មាននរណាគិតថា គាត់ទទួលបានជោគជ័យនោះឡើយ ព្រោះតែសមត្ថភាពនៃការជជែកតវ៉ារបស់គាត់ អន់ណាស់។ និយាយដោយត្រង់ទៅចុះ ការជជែកតវ៉ាដែលល្អបំផុតរបស់គាត់ គឺការទប់ទល់នឹង Bernie។ ឆ្លៀតឱកាសនេះ យើងនឹងស្នើឱ្យមានការធ្វើតេស្តរកគ្រឿងញៀន”។

លោក Trump បន្ថែមថា៖ “គាត់មិនមែនជា Winston Churchill នោះទេ ហើយនោះគឺជាការជជែកតវ៉ាធម្មតា និងគួរឱ្យធុញ។ ប៉ុន្តែ ដូចដែលអ្នកដឹងហើយថា មិនមានអ្វីដែលមិនអាចកើតឡើងនោះឡើយ។ ហើយយើងនឹងអំពាវនាវឱ្យធ្វើតេស្តរកគ្រឿងញៀន”។

លោក Joe Biden បានចូលរួមក្នុងកម្មវិធីជជែកតវ៉ាទល់មុខគ្នាជាមួយនឹងគូប្រជែងចំនួន11លើកនៅក្នុងការប្រកួតដណ្ដើមតំណែងជាបេក្ខភាពប្រធានាធិបតីអាមេរិកនៃគណបក្សប្រជាធិបតេយ្យ និងការជជែកតវ៉ាជាមួយនឹងតំណាងរាស្ត្រ Bernie Sanders ដែលបានធ្វើឡើងកាលពីថ្ងៃទី15មីនា។

“គំនិតរបស់ខ្ញុំ នោះគឺថា ប្រសិនបើអ្នកបានមើលឡើងវិញនូវការជជែកតវ៉ាគ្នានោះ គាត់ពិតជាអន់ខ្លាំងណាស់។ ជាងនេះ គាត់ថែមទាំងនិយាយមិនបានប្រទាក់ក្រឡាគ្នាទៀតផង តែនៅតែអាចឈ្នះ Bernie បាន។ ហើយយើងកំពុងតែអំពាវនាវឱ្យធ្វើតេស្តរកគ្រឿងញៀន” នេះជាប្រសាសន៍របស់លោក Trump ហើយលោកបានបន្តថា លោកពិតជាមានទំនុកចិត្តលើខ្លួនឯង ព្រោះថា “ពូកែក្នុងវិស័យនេះ”។

លោក Trump និងលោក Biden នឹងត្រូវឡើងជជែកតវ៉ាទល់មុខគ្នាជាលើកដំបូងនៃការ “រត់ប្រណាំង” ទៅកាន់សេតវិមានក្នុងឆ្នាំនេះ នៅឯសាកលវិទ្យាល័យ Case Western Reserve ក្នុងទីក្រុង Cleveland រដ្ឋ Ohio នៅថ្ងៃទី29កញ្ញាខាងមុខ។ ក៏ប៉ុន្តែ ទាក់ទងនឹងបញ្ហាធ្វើតេស្តរកគ្រឿងញៀនខាងលើនេះ លោក Trump មិនបានថ្លែងច្បាស់ថានឹងធ្វើការស្នើពិនិត្យរកគ្រឿងញៀននៅពេលណា ក៏ដូចជាធ្វើទៅលើអ្នកណាឱ្យបានច្បាស់លាស់នោះដែរ។

Trump ទាមទារឱ្យ Biden ធ្វើតេស្តរកគ្រឿងញៀន មុនពេលជជែកតវ៉ាទល់មុខគ្នាជាលើកដំបូង
លោក Biden កំពុងនាំមុខលោក Trump 10% សម្រាប់ការគាំទ្រនៅទូទាំងប្រទេស ពោលគឺ 52% ទល់នឹង 42%

ភាគីខាងលោក Biden មិនទាន់មានប្រតិកម្មអ្វីទៅនឹងព័ត៌មានខាងលើនេះនៅឡើយ។ លទ្ធផលនៃការស្ទង់មតិថ្មីបំផុតរបស់ Morning Consult ដែលជាក្រុមហ៊ុនមួយមានទីស្នាក់ការនៅ Washington D.C សហរដ្ឋអាមេរិក កាលពីថ្ងៃទី24សីហា បានបង្ហាញថា ពិន្ទុរបស់លោក Biden កំពុងនាំមុខលោក Trump 10% សម្រាប់ការគាំទ្រនៅទូទាំងប្រទេស ពោលគឺ 52% ទល់នឹង 42%៕

ប្រភព៖ The Hill

Advertisement