លោក លី ខឺឈាង ប្រជុំ MLC សន្យា ចែករំលែកទិន្នន័យទន្លេមេគង្គ និងរៀបចំវ៉ាក់សាំងឱ្យប្រទេសតាមដងទន្លេមេគង្គ មុនគេ

ក្រុមទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី24 សីហា) នៅក្នុងកិច្ចប្រជុំមេដឹកនាំគម្រោងកិច្ចសហការទន្លេមេគង្គ-ឡានឆាង ឬMLC លើកទី3 តាមរយៈប្រព័ន្ធវីដេអូ ខន់ហ្វឺរេន លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានប្រកាសចែករំលែកទិន្នន័យជលវិទ្យាប្រចាំឆ្នាំរបស់ដងទន្លេមេគង្គឡានឆាង ឱ្យទៅក្រុមប្រទេសតាមដងទន្លេមេគង្គ ចាប់តាំងពីឆ្នាំនេះតទៅ។

លោកនាយករដ្ឋមន្ត្រីចិន បញ្ជាក់ថា ក្រៅពីចិននឹងដំណើរការតាមផែនប្រតិបត្តិការរយៈពេល 5ឆ្នាំ ក្រោមគម្រោងកិច្ចសហការទន្លេមេគង្គ-ឡានឆាង(2018-2022)ហើយ ចិននឹងរៀបចំកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី រៀបចំវេទិកាសហការស្ដីពីធនធានទឹកឱ្យបានជាប់ជាប្រចាំ និងសាងផ្លាតហ្វ៉ម ចែករំលែកទិន្នន័យកិច្ចសហការផ្នែកធនធានទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលនៃអាកាសធាតុ និងគ្រោះធម្មជាតិ ទឹកជំនន់ និងរាំងស្ងួត។

គម្រោងកិច្ចសហការទន្លេមេគង្គ-ឡានឆាង ជាគម្រោងកិច្ចសហការ ដែលកើតឡើងពីចំណុចចាប់ផ្ដើមរបស់ប្រទេសថៃក្នុងឆ្នាំ2012 ប្រកបដោយប្រទេសជាសមាជិក 6ប្រទេស មានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងចិន ដោយមានគោលបំណង ដើម្បីបង្កើនកម្រិតសមត្ថភាពខាងការប្រកួតប្រជែង និងសាងភាពរីកចម្រើនធំធាត់ខាងសេដ្ឋកិច្ច រួមទាំងកាត់បន្ថយគម្លាតខាងសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសសមាជិកដងទន្លេមេគង្គ។ ក្រៅអំពីនេះ ចិននឹងដំណើរការគ្រោងការកិច្ចសហការផ្សេងៗទៀត ដូចជា សុវត្ថិភាពរបស់ទំនប់ទឹក ការប្រកាសអាសន្នទឹកជំនន់ និងកែសម្រួលការចាត់ការគ្រប់គ្រងធនធានទឹក។

លោក លី បានបញ្ជាក់ទៀតថា សមាជិកទាំង 6ប្រទេសរបស់គម្រោងកិច្ចសហការមេគង្គ-ឡានឆាង សុទ្ធតែទទួលផលពីដងទន្លេមេគង្គតែមួយដូចគ្នា អាចនិយាយបានថា មានជោគវាសនារួមគ្នា ព្រោះទឹកមិនត្រឹមតែជាសារៈសំខាន់នៃកិច្ចសហការនោះទេ តែនៅបានជួយបង្កើនអត្ថន័យខាងចិត្តវិញ្ញាណដល់យន្តការនេះ ក្នុងការរិះរកវិធីរស់នៅរួមគ្នាយ៉ាងមិត្តភាព និងទទួលបានផលប្រយោជន៍រួមគ្នាទៀតផង។

លោកនាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់ថា ចិនរីករាយផ្ដល់ជំនួយដល់គ្រប់ប្រទេសក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែល្អប្រសើរឡើង។ ទាំងអស់នេះ គ្រប់ប្រទេស គួរតែគោរពសិទ្ធិ និងផលប្រយោជន៍ដែលត្រឹមត្រូវតាមច្បាប់ក្នុងការអភិវឌ្ឍ និងការប្រើប្រាស់ធនធានទឹកយ៉ាងសមហេតុសមផល ថែទាំផលប្រយោជន៍ និងចំណុចកង្វល់រវាងគ្នានឹងគ្នា និងរួមពិភាក្សាលើចំណុចផ្សេងៗដែលពាក់ព័ន្ធ។

កាលពីពេលមុននេះ ចិនត្រូវបានអ្នកជំនាញការលោកខាងលិចវាយប្រហារ ពាក់ព័ន្ធនឹងផលប៉ះពាល់ពីទំនប់ទឹករបស់ចិន ដែលមានចំពោះ
ដងទន្លេមេគង្គ(ចិនហៅថា ទន្លេឡានឆាង) ដែលចង្អុលបង្ហាញថា ទំនប់ចិនបានទប់ស្កាត់ទឹកទុកក្នុងបរិមាណដ៏ច្រើនមហាសាល ក្នុងអំឡុងពេលដែលប្រទេសតាមដងទន្លេមេគង្គ ជួបបញ្ហាសភាវរាំងស្ងួតយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ2019 ខណៈដែលចិនបានប្រកែកថា ការសិក្សាស្រាវជ្រាវទាំងនោះ មិនបានឆ្លុះបញ្ចាំងពីបរិមាណខ្សែទឹកក្នុងរដូវរាំងស្ងួតយ៉ាងពិតប្រាកដឡើយ។

កន្លងមក ចិនព្យាយាមបង្កើនតួនាទីដែលល្អប្រសើររបស់ខ្លួនក្នុងគម្រោងកិច្ចសហការមេគង្គ-ឡានឆាងកាន់តែច្រើនឡើង ដោយក្នុងកិច្ចប្រជុំគម្រោងកិច្ចសហការមេគង្គ-ឡានឆាងលើកនេះ ចិនបានសន្យាថា នឹងផ្ដល់ភាពសំខាន់ទៅលើការរៀបចំចាត់ចែងបែងចែកវ៉ាក់សាំងការពារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ឱ្យដល់ប្រទេសតាមដងទន្លេមេគង្គ មុនគេ នៅពេលដែលវ៉ាក់សាំងនេះ បានទទួលការអភិវឌ្ឍរហូតបានសម្រេចជោគជ័យ និងត្រូវបាននាំយកមកប្រើបានយ៉ាងពិតប្រាកដ។

ក្រៅពីនេះ ចិន នឹងរៀបចំបង្កើតមូលនិធិពិសេសមួយឡើង ដើម្បីជំរុញផ្នែកសុខភាពសាធារណៈ ក្រោមគម្រោងកិច្ចសហការរបស់មូលនិធិពិសេសទន្លេឡានឆាង-ទន្លេមេគង្គ(LMC Special Fund) ហើយនឹងដំណើរការរៀបចំចែករំលែកឧបករណ៍ការពារជំងឺរាតត្បាត និងការឧបត្ថម្ភគាំទ្រខាងតិចនិកដល់ក្រុមប្រទេសតាមបណ្ដោយដងទន្លេមេគង្គជាបន្តទៀតផង៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement