អ្នកវិទ្យាសាស្ត្រអង់គ្លេសអះអាង៖ វីរុសកូរ៉ូណាប្រភេទថ្មីនេះ នឹងនៅជាមួយយើងរហូតទៅ…

សមាជិកក្រុមទីប្រឹក្សាខាងវិទ្យាសាស្ត្រ សម្រាប់ហេតុការណ៍អាសន្ន ឬ SAGE ដែលផ្ដល់ការណែនាំទៅដល់រដ្ឋបាលសហរាជអាណាចក្រ ឬ UK បានថ្លែងបញ្ជាក់ថា វីរុសកូរ៉ូណាប្រភេទថ្មីនេះ នឹងស្ថិតនៅ “ជារៀងរហូត បើមិនក្នុងរូបបែបណាមួយ ក៏ក្នុងរូបបែបណាមួយដែរ”។

ស៊ើរ ម៉ាក វ៉លផត សមាជិកក្រុម SAGE បានប្រាប់ថា “មនុស្សនឹងត្រូវតែចាក់វ៉ាក់សាំងការពារ ជាដំណាក់កាលៗ ជាប់ជាប្រចាំ”។
លោកបានបង្ហាញពីការយល់ឃើញបែបនេះ បន្ទាប់ពីលោក ថេដ្រូស អាដហាណូម ហ្គេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់ថា លោកសង្ឃឹមថា ការឆ្លងរាលដាលដ៏ធំនេះ នឹងចប់អស់ក្នុងអំឡុងពេល 2ឆ្នាំ ដូចគ្នានឹងកាលពីសតវត្សរ៍កន្លងទៅ ដែលប្រើពេលវេលា 2ឆ្នាំ មុននឹងជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ រលាយបាត់អស់ទៅវិញ។

ស៊ើរ ម៉ាក ប្រាប់ថា មេរោគក្នុងពេលបច្ចុប្បន្ននេះ អាចចម្លងសាយភាយបានយ៉ាងងាយ ដោយសារតែប្រជាជនក្នុងពិភពលោក កាន់តែកើនច្រើនឡើង ហើយមនុស្សក៏ធ្វើដំណើរទៅមកកាន់តែច្រើនឡើងដែរ។ លោកបានប្រាប់ទៀតថា ពេលនេះ ចំនួនប្រជាជនក្នុងពិភពលោក ក៏ច្រើនជាងកាលពីឆ្នាំ1918 ដែរ។

ស៊ើរ ម៉ាក បានផ្ដល់សម្ភាសតាមកម្មវិធីវិទ្យុ Today របស់ BBC Radio 4 ថា ត្រូវតែផ្ដល់វ៉ាក់សាំង ដល់មនុស្សទូទាំងពិភពលោក ទើបអាចគ្រប់គ្រងការឆ្លងរាលដាលដ៏ធំនេះបាន តែវីរុសកូរ៉ូណាប្រភេទថ្មី មិនមែនជាមេរោគនៃជំងឺអុតស្វាយ ដែលអាចកម្ចាត់ឱ្យអស់បាន ដោយវ៉ាក់សាំងនោះទេ។ លោកថ្លែងថា “នេះ គឺជាមេរោគវីរុស ដែលនឹងនៅជាមួយយើងរហូតតទៅ បើមិនក្នុងរូបបែបណាមួយ ក៏ក្នុងរូបបែបណាមួយដែរ និងសឹងតែប្រាកដច្បាស់ទៅហើយថា មនុស្សនឹងត្រូវតែនាំគ្នា ចាក់វ៉ាក់សាំងការពារម្ដងហើយ ម្ដងទៀត ដដែលៗ ដូច្នេះ វាក៏ដូចជំងឺគ្រុនផ្ដាសាយអ៊ីចឹង មនុស្សត្រូវតែទទួលយកការចាក់វ៉ាក់សាំងជាដំណាក់ៗ ជាប្រចាំ”

កាលពីពេលមុននេះ លោក ហ្គេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់ថា ក្នុងខណៈដែលត្រូវប្រើពេលវេលា 2ឆ្នាំ ក្នុងការចាត់ការជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ តិចណូឡូជី ដែលទំនើបទាន់សម័យជាងនាពេលនេះ នឹងអាចបញ្ឈប់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះបាន ក្នុងអំឡុងពេលដែលខ្លីជាង។

ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីឆ្នាំ1918 បានសម្លាប់មនុស្សយ៉ាងតិច 50លាននាក់។

ពេលនេះ កូវីដ-19 បានសម្លាប់មនុស្សអស់ជាង 8សែននាក់ និងធ្វើឱ្យមានអ្នកឆ្លងមេរោគនេះជាង 23លាននាក់។

ស៊ើរ ម៉ាក បានដាស់តឿនថា អាចទៅរួច ដែលកូវីដ-19 នឹងឆ្លងរាលដាល “យ៉ាងមិនអាចគ្រប់គ្រងបាន” ជាថ្មីម្ដងទៀត តែយើងអាចប្រើវិធានការទប់ទល់ដែលចំមុខសញ្ញា ជាងកាលពីពេលមុនបាន ជំនួសឱ្យការបិទទីក្រុង ឬប្រទេសយ៉ាងទូលំទូលាយជាទូទៅ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement