អ៊ីរ៉ង់​បាញ់​កម្ទេច​ “គំរូនាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិក” (វីដេអូ)

Great prophet 14

កង​កម្លាំង​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ បាន​បាញ់​មីស៊ីល​កម្ទេច​គំរូ​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង នៅក្នុង​សម​យុទ្ធ​យោធា​​របស់​ខ្លួន​នៅ​លើ​ឆក​សមុទ្រ​ Hormuz កាល​ពី​ម្សិលមិញ​។

វីដេអូ​ដែល​ថត​សកម្ម​ភាព​​សម​យុទ្ធ​ដែល​មាន​ឈ្មោះ​ថា “Great prophet 14” បាន​បង្ហាញ​ថា កង​កម្លាំង​ពិសេស​អ៊ីរ៉ង់​ ប្រើប្រាស់​ទូក​ល្បឿន​លឿន​ឡោម​ព័ន្ធ​​គំរូនាវា​ផ្ទុក​យន្ត​ហោះ​អាមេរិក។ កម្លាំង​ពិសេស​នេះ​ក៏​បាន​ធ្វើ​សម​យុទ្ធ​សម្រុកចូល​ទៅ​គ្រប់​គ្រង​នាវា​នេះ​ដោយ​ប្រើ​ឧទ្ធម្ភាគ​ចក្រ​ ការ​ចូល​គ្រប់​គ្រង​​ពី​លើ​ផ្ទៃ​ទឹក​ និង​ពី​ក្រោម​ទឹក​។ ក្រោយ​មក​ ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​របស់​កង​កម្លាំង​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ (IRGC) ក៏​បាន​បាញ់​គ្រាប់​រ៉ុកកែត​តម្រង់​គំរូ​នាវា​នេះ​។

សមយុទ្ធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្បែរ​ឆក​សមុទ្រ Hormuz ដែល​ជា​ផ្លូវ​នាវា​ចរណ៍​ដ៏​សំខាន់​ ជា​កន្លែង​ដែល​ទំនិញ​ប្រេង​ប្រមាណ​ជា​1/5​នៃ​ពិភពលោក​ ត្រូវនាំ​ឆ្លង​កាត់​។ សមយុទ្ធ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​គ្រា​ដែល​ភាព​តាន​តឹង​រវាង​អ៊ីរ៉ង់​ និង​សហរដ្ឋ​អាមេរិក​ មិន​ទាន់​មាន​សញ្ញាថម​ថយ​នៅឡើយ​។

កង​ទ័ព​អ៊ីរ៉ង់​ថែម​ទាំង​ហាត់​បាញ់​រ៉ុកកែត​សំដៅ​យន្តហោះ​គ្មាន​មនុស្ស​បើក​​ នៅ​ក្បែរ​តំបន់​ទីក្រុង​ Bandar Abbas ផងដែរ​។ ក្រៅ​ពី​នេះ​ក៏​មាន​ការ​ហាត់​បាញ់​រ៉ុក​កែត​ចេញពី​រថយន្ត​ដឹក​ទំនិញ ពី​ទូក​ល្បឿន​លឿន​ និង​ពី​ប្រព័ន្ធ​រ៉ុកកែត​ស្ពាយ​លើ​ស្មា​ជាដើម​។

មេបញ្ជា​ការ​រង​ ទទួល​បន្ទុក​បេសក​កម្ម​ Abbas Nilforoushan ថ្លែង​ថា “កងកម្លាំង​ឆ្មាំបដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់​ ប្រើ​ប្រាស់​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​ ដែល​មាន​សមត្ថ​ភាព​បាញ់​ចាំ​គោលដៅ​នៅ​លើ​ផ្ទៃ​ទឹក​របស់​សត្រូវ​ឈ្លាន​ពាន​នៅ​ទីឆ្ងាយ​ នៅក្នុង​សមយុទ្ធ​នេះ​”។

អ៊ីរ៉ង់​បាញ់​កម្ទេច​ "គំរូនាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិក" (វីដេអូ)សមយុទ្ធ​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​អ៊ីរ៉ង់​ជាមួយ​នឹងសហរដ្ឋ​អាមេរិក​ នៅ​ក្នុង​តំបន់​ផ្លូវ​នាវា​ចរណ៍​ដែល​កប៉ាល់​​ដឹក​ប្រេងនានា​​ឆ្លង​កាត់​។ កាលពី​ពាក់​កណ្ដាល​ឆ្នាំ​​2019 កប៉ាល់​ដឹក​ប្រេង​មួយ​ចំនួន​ដែល​ឆ្លង​កាត់​តំបន់​ឆក​សមុទ្រ​ Hormuz ត្រូវ​រង​ការ​វាយ​ប្រហារ​។ សហរដ្ឋ​អាមេរិក​បាន​ចោទ​អ៊ីរ៉ង់​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ​ ប៉ុន្តែ​ត្រូវ​បាន​អ៊ីរ៉ង់​ច្រាន​ចោល​។

ភាព​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ បាន​ចាប់​ផ្ដើម​កើន​កម្ដៅ​ខ្លាំង​បន្ទាប់​ពី​ប្រធានាធិបតិ​ Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអែរ​រវាង​អាមេរិក​និង​អ៊ីរ៉ង់​កាលពី​ឆ្នាំ​2018​។ អ៊ីរ៉ង់​ក៏ធ្លាប់​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​កាល​ពី​ខែ​មិថុនា​2019​ ដែល​ហេតុ​ការណ៍​នេះ​វិះ​​នឹង​បញ្ឆេះ​សង្គ្រាម​រវាង​ប្រទេស​ទាំង​2​ទៀត​ផង​។

ការ​ស្អប់​ខ្ពើម​គ្នា​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​ បាន​កើន​កម្ដៅ​ថែម​មួយ​កម្រិត​ទៀត​ បន្ទាប់​ពី​​ឧត្តម​សេនីយ៍​​ Qasem Soleimani​ មេបញ្ជា​ការ​កង​កម្លាំង​ពិសេស​ Quds របស់​ IRGC ត្រូវ​បាន​ធ្វើឃាត​នៅ​ប្រទេស​អ៊ីរ៉ាក់​កាលពី​ខែ​មករា​។ បញ្ហា​ថ្មី​ៗ​នេះ​បំផុត​នោះ​គឺ​ករណី​ដែល​ IRGC បញ្ជូន​ទូក​ល្បឿន​លឿន​ទៅ​ក្បែរ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ និង​ករណី​យន្ត​ហោះ​ F-15 ហោះ​ទៅ​ក្បែរ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​អ៊ីរ៉ង់​នៅលើ​ដែន​អាកាស​ប្រទេស​ស៊ីរី​៕

ប្រភព៖ សារ​ព័ត៌មានបរទេស​

Advertisement