តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​ដែល​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​

តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​
​ប្រជុំ​កោះ​ Pratas (ឬ​ Dongsha/Tungsha) ដែល​កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​តៃវ៉ាន់

កង​ទ័ព​ម៉ារីន​តៃវ៉ាន់​ បញ្ជូន​ទាហាន​របស់​ខ្លួន​ទៅ​កាន់​ប្រជុំ​កោះ​ Pratas (ឬ​ Dongsha/Tungsha) បន្ទាប់​ពី​មាន​ដំណឹង​ថា​ ទីក្រុង​ប៉េកាំង​ត្រៀម​ធ្វើ​សមយុទ្ធ​នៅក្នុង​តំបន់​។

កាល​ពី​ថ្ងៃទី​22​មិថុនា​កន្លង​ទៅ​ មន្ត្រី​ម្នាក់​ដែល​ស្ថិត​ក្នុង​កង​កម្លាំង​ការ​ពារ​កោះ​របស់​តៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា កង​ទ័ព​ម៉ារីន​របស់​តៃវ៉ាន់​កំពុង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រជុំ​កោះ​ Tungsha ក្នុង​រយៈ​ពេល​ខ្លី​ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​។ ប៉ុន្តែ មន្ត្រី​រូប​នេះ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​លម្អិត​អំពី​ចំនួន​ទាហាន​ដែល​ត្រូវ​បញ្ជូន​មក​កាន់​ទី​នេះ​ រួម​នឹង​ពេល​វេលា​ច្បាស់​លាស់​នោះ​ទេ​។

ប្រជុំ​កោះ​ Tungsha ដែល​ស្ថិត​នៅ​​ភាគឦសាន​នៃ​សមុទ្រចិន​ខាង​ត្បូង​ មាន​តួនាទី​ជា​យុទ្ធ​សាស្ត្រ​យ៉ាង​សំខាន់​សម្រាប់​ចិន​ប៉េកាំង​ និង​ចិន​តៃប៉ិ ដោយ​សារ​តែ​ប្រជុំ​កោះ​នេះ​នៅ​ទល់​មុខ​ផ្លូវ​ចេញ​ចូលសមុទ្រ​ប៉ាស៊ីហ្វីក​របស់​កង​ទ័ព​ជើង​ទឹក​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ Hainan។ បច្ចុប្បន្ន​ តៃវ៉ាន់​កំពុង​តែ​ដាក់​ពង្រាយ​កង​កម្លាំង​ប៉ូលិស​ជើង​ទឹក​​ដើម្បី​ត្រូត​ពិនិត្យ​ប្រជុំ​កោះ​Tungsha ប៉ុន្តែ ភាគី​ខាង​ទីក្រុង​ប៉េកាំង​ក៏​បាន​និង​កំពុង​អះអាង​ថា នេះគឺជា​ទឹក​ដី​របស់​ខ្លួន​។

តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​
​ប្រជុំ​កោះ​នេះ​នៅ​ទល់​មុខ​ផ្លូវ​ចេញ​ចូលសមុទ្រ​ប៉ាស៊ីហ្វីក​របស់​កង​ទ័ព​ជើង​ទឹក​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ Hainan

សកម្ម​ភាព​ខាង​លើ​របស់​កោះតៃវ៉ាន់ ត្រូវបាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ដំណឹង​ថា កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA) មាន​គម្រោង​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​​នៅ​ក្នុង​តំបន់​​នា​​​ខែ​សីហា​ខាងមុខ​ ក្នុង​នោះ​ក៏​នឹង​មាន​ឈុត​ឆាក​អនុវត្ត​សេនារីយោ​វាយ​លុក​ដណ្ដើម​ប្រជុំ​កោះ​Tungsha ផងដែរ​។

ភាព​តាន​តឹង​នៅ​ឆក​សមុទ្រ​តៃវ៉ាន់​ ថ្មី​ៗនេះ​បាន​ឡើង​កម្ដៅ​ខ្លាំង​បន្ទាប់​ពី​ចិន​បាន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក រួម​នឹង​យន្ត​ហោះ​ដឹកជញ្ជូន​​ចូល​ទៅ​ក្បែរ​កោះ​ក្នុង​រយៈ​ពេល​6ខែ​។ ភាគីក្រសួង​ការ​ពារ​ជាតិ​ចិន​ មិន​ទាន់​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បង្កើន​វត្តមាន​ទ័ព​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់​នៅឡើយ។

តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​
ទីតាំង​​ប្រជុំ​កោះ​ Pratas (ឬ​ Dongsha/Tungsha) ដែល​កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​តៃវ៉ាន់

ក្រុម​អ្នកវិភាគ​យល់​ថា សកម្ម​ភាព​ហោះ​ហើរ​ទៅកៀក​កោះ​តៃវ៉ាន់​ ហាក់​ដូច​ជា​ការ​ប្រតិកម្ម​របស់​ទីក្រុង​ប៉េកាំង​ ក្រោយ​ពី​ទីក្រុង​វ៉ាស៊ីង​តោន បាន​បញ្ជូន​យន្ត​ហោះ​ដឹក​ជញ្ជូន​ឱ្យ​ហោះ​ទៅ​ដល់​ជាយ​កោះ។​ ទន្ទឹម​នឹង​នេះ ទីក្រុង​ប៉េកាំង​ក៏មាន​បំណង​ព្រមាន​ទៅលើ​ករណី​តៃវ៉ាន់​បាញ់​រ៉ុក​កែត​ចំនួន​2គ្រាប់​កាលពីថ្ងៃទី​11​មិថុនាផងដែរ​។ ការ​បាញ់​សាកល្បង​កាំជ្រួច​របស់​តៃវ៉ាន់​នេះ​ ស្ថិត​នៅក្នុង​កម្មវិធី​អភិវឌ្ឍ​អាវុធ​ដើម្បី​បង្កើន​​សមត្ថ​ភាព​ការ​ពារ​​​កោះ​តៃវ៉ាន់​​នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​ពី​ចិន​ដី​គោក​៕

ប្រភព​៖ Focus Taiwan

Advertisement