លោក ត្រាំ ប្រកាសដាច់ខាត មិនអនុញ្ញាតឱ្យក្រុមបាតុករកាន់កាន់ទីក្រុង បង្កើត “តំបន់គ្រប់គ្រងខ្លួនឯង” ក្នុងក្រុងវ៉ាស៊ីនតោនឡើយ!

លោក ត្រាំ ប្រកាសដាច់ខាត មិនអនុញ្ញាតឱ្យក្រុមបាតុករកាន់កាន់ទីក្រុង បង្កើត “តំបន់គ្រប់គ្រងខ្លួនឯង” ក្នុងក្រុងវ៉ាស៊ីនតោនឡើយ!

លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារ(ទី23 មិថុនា) ថា រឿងដែលកើតឡើងនៅស៊ីអ៊ែតថល នឹងគ្មានថ្ងៃកើតឡើងនៅក្នុងទីក្រុងចម្បងរបស់ប្រទេសមួយនេះឡើយ និងមិនអនុញ្ញាតឱ្យមាន “តំបន់គ្រប់គ្រងខ្លួនឯង” ឬតំបន់គ្មានប៉ូលិស នៅក្នុងវ៉ាស៊ីនតោន ឌីស៊ី ដូចករណីដែលក្រុមបាតុករនៅស៊ីអ៊ែតថល បានដណ្ដើមកាន់កាប់ផ្លូវកណ្ដាលក្រុង ធ្វើជាតំបន់គ្រប់គ្រងខ្លួនឯងនោះឡើយ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Fox news។

តាំងពីនៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក កើតហេតុការណ៍ពលរដ្ឋអាមេរិកាំង បាននាំគ្នាចេញមកប្រមូលផ្ដុំគ្នាតវ៉ាទាមទារ បង្ហាញការមិនពេញចិត្តចំពោះករណីការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ មកនោះ ទោះជាតំបន់ខ្លះ ស្ថានការណ៍ស្ទើរតែលែងឃើញមានហេតុការណ៍តវ៉ាបែបហិង្សាហើយក្ដី តែក៏នៅតែមានរបាយការណ៍នៅក្នុងទីក្រុងមួយចំនួន ដែលនៅតែមានក្រុមបាតុករប្រមូលផ្ដុំគ្នា និងអាជ្ញាធរក្នុងតំបន់នៅតែមិនអាចចូលទៅគ្រប់គ្រងស្ថានការណ៍បាននៅឡើយ។

កាលពីថ្ងៃចន្ទ (ទី22 មិថុនា) ក្រុមអ្នកតវ៉ា បានបិទឃាំងតំបន់មួយ ដែលពួកគេហៅថា “តំបន់គ្រប់គ្រងខ្លួនឯងវិមានខ្មៅ” ឬ “BHAZ” នៅក្បែរសេតវិមាន និងព្យាយាមផ្ដួលរំលំរូបសំណាកលោក អ៊ែនឌ្រូវ៍ ជែកសុន ប្រធានាធិបតី ទី7 នៃសហរដ្ឋអាមេរិក ដែលស្ថិតនៅក្នុងសួនច្បារសាធារណៈ ឡា ហ្វាយិតត៍។

អតីតប្រធានាធិបតី ជែកសុន ដែលមានរូបនៅលើប្រដាសប្រាក់ 20ដុល្លាររបស់សហរដ្ឋអាមេរិក បានក្លាយជាគោលដៅនៃការតវ៉ាទាមទារក្នុងគ្រានេះ ដោយសារតែមានគោលនយោបាយបំផ្លាស់ទីជនជាតិដើមអាមេរិកាំង ចេញពីដែនដីបុព្វបុរសរបស់ពួកគេ។

សកម្មភាពនេះ ស្រដៀងនឹងករណីនៅឯទីក្រុងស៊ីអ៊ែតថល ដែលមានក្រុមបាតុករ ចូលដណ្ដើមកាន់កាប់ទីតាំងសាលាក្រុង និងតំបន់ក្បែៗនោះ ដែលស្ថិតនៅកណ្ដាលទីក្រុង ដើម្បីធ្វើសកម្មភាពផ្សេងៗ និងបានប្រកាសខ្លួនជា តំបន់គ្រប់គ្រងខ្លួនឯង(Capitol Hill Autonomous Zone) ឬ CHAZ តាំងពីជាង2សប្ដាហ៍មុន។

យ៉ាងណាក្ដី អាជ្ញាធររបស់ទីក្រុង បានប្រកាសកាលពីថ្ងៃចន្ទ (ទី22មិថុនា) ថា នឹងប្រើវិធានការផ្សេងៗដើម្បីចូលទៅរុះរើទីតាំងគ្មានប៉ូលិសនេះចោល ក្រោយកើតហេតុការណ៍បាញ់សម្លាប់គ្នា និងអំពើហិង្សាផ្សេងៗជាច្រើនដងនៅក្នុងតំបន់នោះ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅក្នុងធ្វីតធើរ នៅព្រឹកថ្ងៃអង្គារ(ទី23មិថុនា) ថា “នឹងគ្មានតំបន់គ្រប់គ្រងខ្លួនឯងនៅក្នុងវ៉ាស៊ីនតោន ឌីស៊ី ជាដាច់ខាត ដរាបណាដែលខ្ញុំនៅតែជាប្រធានាធិបតី! បើពួកគេនៅតែព្យាយាម ពួកគេនឹងត្រូវជួបនឹងការប្រើកម្លាំងយ៉ាងខ្លាំងក្លា!!”។

ទាំងអស់នេះ លោកត្រាំ នៅបានព្រមានទៅដល់ក្រុមបាតុករដែលកំពុងបង្កការខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋថា នឹងត្រូវចាប់ខ្លួន ឬមិនទេក៏ជាប់គុក ព្រមទាំងបានរិះគន់ ពួកអភិបាលរដ្ឋផ្សេងៗថា មិនបានដំណើរការយ៉ាងធ្ងន់ធ្ងរគ្រប់គ្រាន់ ទៅលើពួកដែលមានចេតនាបំផ្លាញអនុស្សាវរីយ៍ខាងប្រវត្តិសាស្ត្រទាំងឡាយ ដោយលោកបាននិយាយថា “រដ្ឋជាច្រើនទន់ជ្រាយ មនុស្សជាច្រើនទន់ជ្រាយ ហើយពួកគេបណ្ដោយឱ្យវាកើតឡើង”

លោកត្រាំ ថែមទាំងបាននិយាយដល់ពួកដែលដើរប្រមាញ់ស្ដូបអនុស្សាវរីយ៍ទាំងឡាយ ដែលជាប្រធានបទក្នុងការជជែកគ្នាផ្សេងៗទាំងនោះថា “ពួកគេជាមនុស្សអាក្រក់ ពួកគេមិនស្រឡាញ់ប្រទេសរបស់យើងទេ”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement