យន្ត​ហោះ​ចម្បាំង​ឥណ្ឌូនេស៊ី ធ្លាក់​ចំ​ផ្ទះ​ប្រជា​ជន​ជា​ច្រើន​ខ្នង​ពេល​កំពុង​ហ្វឹក​ហាត់​

យន្ត​ហោះ​ចម្បាំង​ឥណ្ឌូនេស៊ី ធ្លាក់​ចំ​ផ្ទះ​ប្រជា​ជន​ជា​ច្រើន​ខ្នង​ពេល​កំពុង​ហ្វឹក​ហាត់​

យន្ត​ហោះ​ចម្បាំង​ប្រភេទ​ស្រាល​ Hawk 209 មួយ​គ្រឿង​របស់​ឥណ្ឌូនេស៊ី​ បាន​ជួប​នឹង​បញ្ហា​ម៉ាស៊ីន​ អ្នក​បើក​បរ​បាន​ចុច​កៅអី​រំដោះ​ខ្លួន​ទាន់​ពេល​ ខណៈ​យន្ត​ហោះ​ធ្លាក់​ចំ​ផ្ទះ​ជា​ច្រើន​ខ្នង​​របស់​ប្រជា​ពលរដ្ឋ​។

“មាន​យន្ត​ហោះ​ចម្បាំង​3គ្រឿង​បាន​ចូល​រួម​ធ្វើសមយុទ្ធ​កាល​ពី​ថ្ងៃទី​15​មិថុនា​កន្លង​ទៅ​នៅក្នុង​ខេត្ត​ Riau នៅលើ​កោះ Sumatra។ នៅ​ពេលយន្ត​ហោះ​​​ទាំង​នេះ​ត្រៀម​ចុះ​ចត​ ក៏ស្រាប់​តែ​មាន​មួយ​គ្រឿង​បាន​ជួប​នឹង​បញ្ហា​ម៉ាស៊ីន ហើយ​ក៏បាន​ធ្លាក់​នៅ​លើ​តំបន់​ Kampar ដែល​មាន​ចម្ងាយ​2​គីឡូម៉ែត្រ​ពី​ផ្លូវ​ចុះ​ចត​” នេះ​បើ​តាម​មេបញ្ជា​ការ​កង​ទ័ព​អាកាស​ឥណ្ឌូនេស៊ី​ Fadjar Prasetyo។

អ្នក​បើក​បរ​តែ​ម្នាក់​គត់​នៅលើ​យន្ត​ហោះ​ចម្បាំង​ធុន​ស្រាល​ Hawk 209 បាន​ចុច​កៅ​អី​រំដោះ​ខ្លួន​ដោយ​សុវត្ថិភាព​ ចំណែក​យន្ត​ហោះ​បាន​ធ្លាក់​ទៅ​លើ​ផ្ទះ​របស់​ប្រជា​ជន​ជា​ច្រើន​ខ្នង ប៉ុន្តែ​មិន​បាន​បង្កឱ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​បាត់​បង់​ជីវិត​នោះ​ឡើយ​។

យន្ត​ហោះ​ចម្បាំង​ឥណ្ឌូនេស៊ី ធ្លាក់​ចំ​ផ្ទះ​ប្រជា​ជន​ជា​ច្រើន​ខ្នង​ពេល​កំពុង​ហ្វឹក​ហាត់​ក្រសួង​ការ​ពារ​ជាតិ​ឥណ្ឌូនេស៊ី​កំពុង​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​នេះ​។ មុន​ហេតុ​ការណ៍​ខាង​លើ​នេះ​10​ថ្ងៃ​ក៏​មាន​ករណី​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ Mi-17 មួយ​គ្រឿង​របស់ទ័ព​អាកាស​ឥណ្ឌូនេស៊ី​ ខណៈ​កំពុង​ធ្វើ​ការ​ហ្វឹក​ហាត់​ បណ្ដាល​ឱ្យ​មនុស្ស​4​នាក់​បាន​បាត់​បង់​ជីវិត​។

Hawk 209​ គឺ​ជា​យន្ត​ហោះ​ចម្បាំង​ធុន​ស្រាល​ដែល​មាន​ម៉ាស៊ីន​តែ​មួយ​ ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន​ British Aerospace របស់​ប្រទេស​អង់គ្លេស​ ដែល​អភិវឌ្ឍ​សម្រាប់​កង​ទ័ព​ឥណ្ឌូនេស៊ី​ ដោយ​យោង​ទៅ​លើ​ម៉ូដែល​យន្ត​ហោះ​ប្រដេញ​សម្រាប់​ហ្វឹក​ហាត់​ Hawk 200។ Hawk 209 មាន​ប្រព័ន្ធ​បំពាក់​​អាវុធ​ចំនួន​7​ និង​អាច​បំពាក់​កាំជ្រួច​ និង​គ្រាប់​បែក​ជា​ច្រើន​ប្រភេទ រួម​នឹង​ប្រព័ន្ធ​យក​ការណ៍​ដែល​អនុញ្ញាត​ឱ្យ​វា​អាច​បំពេញ​បេសក​កម្ម​អាពារ​ដែន​អាកាស​ ប្រឆាំង​នាវា​ចម្បាំង​ វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ និង​ការ​ពារ​កង​ទ័ព​ថ្មើរ​ជើង​ផងដែរ​។

យន្ត​ហោះ​ចម្បាំង​ឥណ្ឌូនេស៊ី ធ្លាក់​ចំ​ផ្ទះ​ប្រជា​ជន​ជា​ច្រើន​ខ្នង​ពេល​កំពុង​ហ្វឹក​ហាត់​
យន្ត​ហោះ​ចម្បាំង​ប្រភេទ​ស្រាល​ Hawk 209

ទ័ព​អាកាស​ឥណ្ឌូនេស៊ី​មាន​យន្ត​ហោះ​ចម្បាំង​ Hawk 209 ចំនួន​23​គ្រឿង​ ប៉ុន្តែ តាម​គម្រោង​​យន្ត​ហោះ​ទាំង​នេះ​នឹង​ត្រូវ​បាន​ជំនួស​ដោយ​យន្ត​ហោះ​ចម្បាំង​ទំនើប​ F-16 បន្តិច​ម្ដង​ៗ​នា​ពេល​ដ៏ខ្លី​ខាង​មុខ​៕

ប្រភព​៖ Reuters

Advertisement