ប្រព័ន្ធ​សន្តិសុខ​សម្ងាត់​នៅ​សេត​វិមាន​ប្រកាសអាសន្ន ព្រោះ​មាន​មនុស្ស​ឆ្លងកាត់​របង​ដែក

សេតវិមាន

កម្លាំង​សម្ងាត់​អាម៉េរិក​ត្រូវបាន​ប្រកាសអាសន្ន​បន្ទា​ប់​ពី​ប្រព័ន្ធ​សន្តិសុខ​នៅ​សេត​វិមាន​បាន​បញ្ចេញ​សញ្ញា ប៉ុន្តែ «ជន​ដែល​សម្រុកចូល» គ្រាន់តែ​ជា​កុមារ​មួយរូប​ដែល​ទើបតែ​ចេះ​ដើរ។

ប្រធាន​ផ្នែក​ព័ត៌មាន​របស់​អង្គភាព​សម្ងាត់​អាម៉េរិក Anthony Guglielmi កាលពី​ថ្ងៃទី 18 មេសា​បានឱ្យដឹងថា កុមារ​ម្នាក់​បាន​វា​រកាត់​​តាម​របង​ដែក​នៅ​ទិស​ខាងជើង​របស់​សេត​វិមាន នាំឱ្យ​ប្រព័ន្ធ​ប្រកាសអាសន្ន​ផ្នែក​សន្តិសុខ​បញ្ចេញ​សកម្មភាព។

«មន្ត្រី​ស​ម្ងាត់​​បានឃើញ​ភ្ញៀវ​តូច​ដែល​​កំពុង​ចង់ដឹង​ចង់ឃើញ បាន​វារ​ឡើង​តាម​របង​ទិស​ខាងជើង​ដើម្បី​ចូលមកក្នុង​បរិវេណ​សេត​វិមាន​ក្នុង​រយៈពេល​ខ្លី។ ភ្លាមនោះ​ប្រព័ន្ធ​សន្តិសុខ​ក៏​ចាប់ផ្ដើម​ធ្វើការប្រកាសអាសន្ន​ដល់​កម្លាំង​សម្ងាត់ ហើយ​កុមារ​នោះ​ក៏​ត្រូវបាន​នាំទៅ​ប្រគល់ឱ្យ​ឪពុកម្ដាយ» Gugliemli ឱ្យដឹង​ដូច្នេះ។

យោងតាម​សមត្ថកិច្ច ក្មេង​តូច​នេះ​គឺជា​កូន​របស់​ប្ដី​ប្រពន្ធ​ជនជាតិ​កាណាដា​ដែល​មកលេង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន។ អ្នកនាំពាក្យ​អង្គភាព​សម្ងាត់ Paul Mayhair និយាយថា កុមារ​រូបនេះ​ទំនងជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ឆ្លងកាត់​របង​ដែក​ថ្មី​នៅ​ខាងក្រៅ​សេត​វិមាន។ របង​ថ្មី​នេះ​ខ្ពស់ជាង​របង​ចាស់ និង​បាន​ដំឡើង​ខាងក្រៅ​សេត​វិមាន​តាំងពី​ដើមឆ្នាំ 2020។

កុមារារូប​នេះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ឪពុកម្ដាយ​រួច​ហើយ បន្ទាប់​ពី​បុគ្គលិក​អង្គភាព​សម្ងាត់​ «ចាប់​ខ្លួន»

នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​ក្មេង​តូច​វារ​ឆ្លងកាត់​របង​សេត​វិមាន។ ហេតុការណ៍​ដូចគ្នានេះ​ក៏បាន​កើតឡើង​កាលពី​ឆ្នាំ 2014 នៅ​មុនពេល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​សុន្ទរកថា​អំពី​បញ្ហា​ប្រទេស​អ៊ីរ៉ាក់។ ហេតុការណ៍​នេះ​បាន​នាំឱ្យមាន​ការបិទ​ខ្ទប់​សេត​វិមាន​ជា​បណ្ដោះអាសន្ន ហើយ​សេចក្ដីថ្លែងការណ៍​របស់​លោក អូ​បា​ម៉ា ក៏​ត្រូវបាន​ពន្យារពេល៕

Advertisement