ទិដ្ឋ​ភាព​ទឹក​ជំនន់​វាយ​ប្រហារ​​តំបន់​ភាគ​​ខាង​​ត្បូង​​ប្រទេស​ចិន​! សណ្ឋាគារ​និង​ផ្ទះ​រាប់​ពាន់​ខ្នងរង​ការ​ខូច​ខាត

ទិដ្ឋ​ភាព​ទឹក​ជំនន់​វាយ​ប្រហារ​តំបន់ភាគ​ខាង​ត្បូង​ប្រទេស​ចិន​! សណ្ឋាគារ​និង​ផ្ទះ​រាប់​ពាន់​ខ្នងរង​ការ​ខូច​ខាត

ទឹក​ជំនន់​និង​បាក់​ដី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ បណ្ដាល​ឱ្យ​មនុស្ស​រាប់​សែន​នាក់​បាត់​បង់​ផ្ទះ​សម្បែង​ មនុស្ស​រាប់​សិប​នាក់​ស្លាប់​ និង​បាត់ខ្លួន ខណៈ​ទំហំ​ការ​ខូច​ខាត​បាន​ឡើង​ដល់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​។

ភ្លៀង​​ធំ​បណ្ដាល​ឱ្យ​មាន​ទឹក​ជំនន់ និងបាក់​ដី​​ជា​ច្រើន​ថ្ងៃ​មក​នេះ​នៅ​តំបន់​ស្វយ័ត​​របស់​ជនជាតិ​ Zhuang (Guangxi Zhuang Autonomous Region) ក្នុង​ខេត្ត​ក្វាងស៊ី បាន​បំផ្លាញ​ផ្ទះ​សម្បែក​​ជាង​1,300​ខ្នង នាំ​ឱ្យ​មនុស្ស​ប្រមាណ​ជា​ 230,000​នាក់​ត្រូវ​ជម្លៀស​ខ្លួ​ន និង​6​នាក់​បាន​ស្លាប់​ ម្នាក់​​​បាត់​ខ្លួន​។

នៅ​ក្នុង​តំបន់​ Yangshuo ដែលជា​ទីតាំង​ទេសចរណ៍​ដ៏​ល្បី​ឈ្មោះ​ ស្ថិត​ក្នុង​ទីក្រុង​ Guilin​ ខេត្ត​ក្វាងស៊ី ត្រូវ​បាន​លិច​លុង​ក្នុង​ទឹក​ជំនន់​ បណ្ដាល​ឱ្យ​អ្នក​ទេសចរ​ និង​ពលរដ្ឋ​ត្រូវ​ជម្លៀស​ខ្លួន​តាម​ក្បូនឫស្សី​​។ អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា សណ្ឋាគារ​ជាង​1,000​ កំពុង​លិច​ទឹក​ និង​តំបន់​ទេសចរណ៍​​ជាង​30​កន្លែង​ផ្សេងទៀត​រង​ការ​ខូច​ខាត​។

ក្រសួង​គ្រប់​គ្រង​គ្រោះ​អាសន្ន​ចិន​ (Ministry of Emergency Management) វាយ​តម្លៃ​ថា ការ​ខូច​ខាត​ផ្នែក​សេដ្ឋកិច្ច​ អាច​ឡើង​ដល់​550​លាន​ដុល្លារ​អាមេរិក​។

ចំណែក​នៅ​ខេត្ត​ Hunan យ៉ាង​ហោច​ណាស់​មាន​មនុស្ស​13​នាក់​បាន​ស្លាប់​ដោយសារ​ភ្លៀង​ធំ​។ នៅ​ខេត្ត​ Guizhou វិញ មាន​មនុស្ស​ចំនួន​8​នាក់​បាន​បាត់​ខ្លួន​។

ភ្លៀង​ធំ​បាន​​ផ្ដើម​ធ្លាក់​ចាប់​ពី​ដើម​ខែ​មិថុនា​ នាំ​ឱ្យ​ទឹក​ទន្លេ​ចំនួន​110​នៅ​ប្រទេស​ចិន​ “កើន​ឡើង​ខ្ពស់​ដល់​កម្រិត​គ្រោះ​ថ្នាក់​”។ តាម​ការ​ព្យាករ ភ្លៀង​នឹង​បន្ត​ធ្លាក់​​ក្នុង​រយៈ​ពេល​ច្រើន​ថ្ងៃ​ទៀត​ នៅ​ទូទាំង​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​។

ប្រភព៖ AFP

Advertisement