ក្រុម​ជនជាតិ​ស្បែក​ខ្មៅ​ដែល​ជំទាស់​​នឹង​បាតុកម្ម​ប្រឆាំង​ការ​រើស​អើង​ពូជ​សាសន៍​នៅ​អាមេរិក​ បាន​បង្ហាញ​ខ្លួន​ហើយ​!

ក្រុម​ជនជាតិ​ស្បែក​ខ្មៅ​ដែល​ជំទាស់​​នឹង​បាតុកម្ម​ប្រឆាំង​ការ​រើស​អើង​ពូជ​សាសន៍​នៅ​អាមេរិក​ បាន​បង្ហាញ​ខ្លួន​ហើយ​!

ស្ត្រី​ស្បែក​ខ្មៅ​ពីរ​រូប​ គឺ Bevelyn និង Edmee​ នៅទីក្រុង​​ Chicago សហរដ្ឋ​អាមេរិក​ យល់​ថា ចលនា “ជីវិត​ជនជាតិ​ស្បែក​ខ្មៅ​មាន​តម្លៃ​” គឺជា​រឿង​បោក​ប្រាស់​ និង​មិន​​តំណាង​ឱ្យពួកគេ​នោះ​ទេ។

នៅ​ពេល​ដែល​ក្រុម​បាតុករ​កំពុង​ស្ថិត​នៅ​ខាងក្រៅ​ភោជនីយ​ដ្ឋាន​ Nini’s Deli នៅក្នុង​ទីក្រុង​ Chicago រដ្ឋ​ Illinois សហរដ្ឋ​អាមេរិក​ចាប់​ផ្ដើម​តិច​ទៅ​ៗនា​រសៀល​ថ្ងៃទី​7​មិថុនា Justin Starns ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ និង​​​មើល​មិត្ត​របស់​ខ្លួន​បាញ់​ថ្នាំ​​ជា​អក្សរ​ BLM (Black Lives Matter-ជីវិត​ជន​ជនជាតិ​ស្បែក​ខ្មៅ​សំខាន់​)​ នៅ​លើ​ផ្ទាំង​ឈើ​ខាង​ក្រៅ​ភោជនីយដ្ឋាន​។ ទាំង​នេះ​សុទ្ធ​តែ​ជា​អក្សរ​ក្បាច់​ពណ៌​ផ្ទៃ​មេឃ។

ភ្លាម​នោះ​ស្រាប់​តែមាន​ស្ត្រី​​ស្បែក​ខ្មៅ​ម្នាក់​​ឈាន​ជើង​ឡើង​ និងនិយាយ​យ៉ាង​ឮ​ៗថា “អូ! ប្រការ​ទាំង​នេះ​សម្រាប់ខ្ញុំ​មែន​​? ជីវិត​របស់​ខ្ញុំ​ក៏​មាន​តម្លៃ​ដែរ​មែន​ទេ​?”។

Starns រៀប​រាប់​ឡើង​វិញ​ថា “នាង​ និង​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​និយាយ​ថា ពួកគេ​ទទួល​បាន​ប្រាក់​ខែ​ពី​ George Soros ហើយ​ថា ពួកគេ​គឺជា​ House Negro (ពាក្យ​​សម្រាប់​ប្រើ​​​សំដៅ​ទៅ​លើ​ទាស​ចរ​​ស្បែក​ខ្មៅ​រស់​នៅ​ជា​មួយ​ម្ចាស់​របស់​ខ្លួន​)”។ George Soros គឺជា​មហាសេដ្ឋី​ និង​ជា​សប្បុរស​ជន​អាមេរិកាំង​​​ដើម្បី​កំណើត​ហុង​គ្រី​។

Starns ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ បាន​ឱ្យ​ដឹង​ថា នោះ​គឺជា​ទិដ្ឋ​ភាព​ចម្លែក​ នៅ​ពេល​ដែល​មាន​ស្ត្រី​​ស្បែក​ខ្មៅ​ពីរ​នាក់​អះអាង​ថា ពួកគេ​គឺជា​ Bevelyn និង Edmee និង​បាន​ចោទ​ចលនា​ “Black Live Matter​​” ថា “ជា​បីសាច​ដ៏​កាច​សាហាវ និង​បោក​ប្រាស់”​ នៅ​ចំពោះ​មុខ​ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ស្បែក​ស និង​ជនជាតិ​អាមេរិក​ឡាទីន​​ នៅ​ក្នុង​តំបន់​ West Town នៃ​ទីក្រុង​ Chicago សហរដ្ឋ​អាមេរិក។

Edmee និយាយ​ថា “ខ្ញុំ​បាន​ឃើញ​បាតុកម្ម​ “Black Live Matter​​” ជា​ច្រើន​មក​ហើយ។ ប្រការ​នេះ​មិន​តំណាង​ឱ្យ​យើង​ខ្ញុំទេ​។ វា​ជា​ការ​បង្ក​អស្ថិរ​ភាព​។ ព្រះអើយ!”។

Nini’s Deli (ស្ដាំ) កំពុង​ប្រកែក​តវ៉ានឹង​ប៉ូលិស​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​ Nini’s Deli

បាតុកម្ម​កាល​ពីថ្ងៃទី​7​មិថុនា​កន្លង​ទៅ​ ត្រូវ​បាន​ធ្វើឡើង​នៅ​ពេល​ភោជនីយដ្ឋាន​ Nini’s Deli កំពុង​បិទ​ទ្វារ។ ម្ចាស់​ហាង​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​មនុស្ស​មាន​ទស្សនៈ​ជ្រុល​និយម​ទៅលើ​បញ្ហា​ស្រលាញ់​ភេទ​ដូច​គ្នា​ និង​ប្រឆាំង​ចំពោះ​ចលនា “Black Live Matter​​”។ បុគ្គលិក​4នាក់​បាន​ឈប់​ធ្វើ​ការ​ដើម្បី​ប្រឆាំង​ថៅកែ​របស់​ពួកគេ​ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​នេះ​។

Bevelyn និង Edmee ដែល​បាន​និយាយ​ថា ​ពួកគេ​មក​ទី​នេះ​ដើម្បី​គាំទ្រ​ Nini’s Deli បាន​ឈរ​​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​នៅ​ខាង​មុខ​ភោជនីយដ្ឋាន​ដែល​ខណ្ឌ​ចែក​ពី​ក្រុម​បាតុករ​ដោយ​​ក្រុម​​​ប៉ូលិស​​ដែល​មាន​ពាក់​មួក​សុវត្ថិ​ភាព​ និង​កញ្ចក់​​បាំង​មុខ​។

Bevelyn ដែល​មាន​រូប​រាង​ទាប​បន្តិច​ និង​ពោរពេញ​ដោយ​ថាម​ពល​ បាន​ទាត់​ចោល​បំពង់​បាញ់​ថ្នាំ​ពណ៌​ និង​ហែក​ក្រដាស​ដែល​បិទ​ជាប់​នឹង​បន្ទះ​ឈើ​នៅ​ខាង​មុខ​ភោជនីយដ្ឋាន​។ នាង​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​បំផ្លិច​បំផ្លាញ​ និង​បក្ស​ប្រជា​ធិបតេយ្យ​ រួម​នឹង​​ក្រុម​​បាតុ​នានា​ដែល​ទាម​ទារ​សិទ្ធិ​ស្មើ​ភាព​គ្នា​រវាង​ជាតិ​សាសន៍​។ នៅ​ពេល​ដែល​ក្រុម​បាតុករ​ស្រែក​ប្រឆាំង​ នាង​ Bevelyn ក៏ចាប់​ផ្ដើម​លោត​​ និង​បញ្ចេញ​ទឹក​មុខដូច​​​ជា​ចំអក​ឱ្យ​ក្រុម​បាតុករ​។

ចំណែក​ Edmee ដែល​មានរូប​​រាង​ខ្ពស់ និងមាំមួន បាន​និយាយ​ដោយ​ប្រើ​សម្លេង​ម៉ឺងម៉ាត់​​តាម​របៀប​គ្រូអាចារ្យ​ ឬ​អ្នក​ផ្សាយ​សាសនា​ដែល​ពេញ​ដោយ​បទ​ពិសោធន៍​។ នាង​ Edmee និយាយ​ថា “នេះ​គឺ​ជា​សកម្ម​ភាព​បីសាច​ដ៏កាច​សាហាវ​។ អ្នក​រាល់​គ្នា​កំពុង​តែ​ត្រូវ​បាន​គេ​បោក​ប្រាស់​ និង​កេង​ចំណេញ​។ ព្រះ​យ៉េស៊ូ​ត្រូវ​បានក្រុម​​មនុស្ស​ធុន​នេះ​ក្បាត់ហើយ​”។​

ភាព​តាន​តឹង​បាន​កើត​ឡើង​នៅ​ពេល​មាន​មនុស្ស​ម្នាក់​គប់​ដប​ទឹក​ទៅលើ​ Bevelyn និង​ប៉ូលិស​រាប់សិប​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​។ Bevelyn ស្រែក​ខ្លាំង​ៗ​នៅ​ចំពោះ​មុខ​ក្រុម​ប៉ូលិស​ថា “ការ​ធ្វើ​ជំនួញ​របស់​បុរស​នេះ​ (ម្ចាស់​ភោជនីយដ្ឋាន​)​ ត្រូវ​បាន​បំផ្លិច​បផ្លាញ​គ្មាន​សល់​ដោយ​សារ​តែ​ចលនា​ “ជីវិត​ជនជាតិ​ស្បែក​ខ្មៅ​សំខាន់​”។ នាង​បន្ត​ថា “នេះ​គឺជា​រឿង​ឃោរឃៅ​ និង​ជា​រឿង​ដ៏រំខាន”។

នាង​ Edmee កំពុង​ហែក​ក្រដាស​អក្សរ​ដែល​ក្រុម​បាតុករ​បាន​បិទ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​ Nini’s Deli កាល​ពីថ្ងៃទី​7​មិថុនា​

Bevelyn និង Edmee មាន​បំណង​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ម្ចាស់​ភោជនីយដ្ឋាន​ Nini ក្រោយ​ពី​បាន​ជួប​គ្រូគង្វាល​ (អាចារ្យ​) របស់​ខ្លួន​ កាល​ពី​សប្ដាហ៍​មុន​។ Bevelyn ថ្លែង​​ថា “យើង​មាន​សិទ្ធិ​និយាយ​ថា សូម្បី​តែ​ម្ចាស់ភោជនីយដ្ឋាន​នេះ​ជា​មនុស្ស​ប្រកាន់​ពូជ​សាសន៍​ ក៏​គាត់​នៅ​តែ​មាន​សិទ្ធិ​​និយាយ​ថា គាត់​មិន​គាំទ្រ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​ដែរ​”។

ជិត​3​ម៉ោង​ក្រោយ​មក Bevelyn និង Edmee រួម​នឹង​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ប្រកាស​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​​ដែល​មាន​សម្លេង​ហ៊ោ​កញ្ជ្រៀវ​ពី​ក្រុម​បាតុករ​ ក្នុង​នោះ​មាន​មនុស្ស​ម្នាក់​ស្រែក​ឡើង​ថា “មាន​អ្នក​ណា​ចង់​លាង​បាប​ដែរ​ទេ?” បាតុករ​ក៏​នាំ​គ្នា​សើច​ ខណៈ​ដែល​ក្រុម​ប៉ូលិស​ការ​ពារ​​ក្រុម​របស់​ Bevelyn ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ផ្លូវ​ Noble រហូត​ដល់​បាត់​ស្រមោល​​ពី​ភ្នែក។

ការ​ស្លាប់​របស់​ George Floyd បាន​បង្កើត​ឱ្យ​មាន​បាតុកម្ម​នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក​ ហើយ​បាន​រាល​ដាល​ដល់​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ ដើម្បី​ទាម​ទារ​យុត្តិ​ធម៌​ជូន​សព​លោក​ Floyd និង​ប្រឆាំង​ចំពោះ​អំពើ​រើស​អើង​ពូជ​សាសន៍​។ បាតុកម្ម​នានានៅ​ទីក្រុង​ Chicago ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​សន្តិវិធី​ ប៉ុន្តែ​ក៏​នៅ​តែ​មាន​អំពើ​ឆក់ប្លន់​ ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជា​ច្រើនករណី​​ផងដែរ បណ្ដាល​ឱ្យ​ហាង​​ទំនិញ​ ភោជនីយដ្ឋាន​ និង​ហាង​លក់​ថ្នាំ​ពេទ្យ​ជា​ច្រើន​ត្រូវ​បាន​បិទ​៕

ប្រភព​៖ Chicago Tribune

Advertisement