នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ

នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ
លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយលោកប្រធានាធិបតី ស៊ី ជីនភីង ក្នុងជំនួបពិភាក្សាក្រៅផ្លូវការ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រទេស G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី29 មិថុនា ឆ្នាំ2019

ផែនឧបាយកលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានត្រៀមទុក ដើម្បីវាយប្រហារចិន ក្នុងប្រធានបទផ្សេងៗនោះ ត្រូវបានដួលរលំខ្ទេចខ្ទីអស់កាលពីអំឡុងចុងខែឧសភា និងតរហូតមកដល់ដើមខែមិថុនាកន្លងទៅ នៅពេលដែលផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកខ្លួនឯង កើតមានករណីការស្លាប់របស់ ចច ហ្វ្លយដ៍ បានបង្កឱ្យកើតចរន្តដ៏ធំមហាសាលក្នុងការប្រឆាំងតវ៉ានឹងការរើសអើងពូជសាសន៍ពណ៌សម្បុរ និងការដែលប៉ូលិសប្រើអំពើហិង្សាដាក់ក្រុមបាតុករ ខណៈដែលសម្ព័ន្ធភាពរវាងប្រទេសវិញនោះ អឺរ៉ុប ជាពិសេសបំផុត អាល្លឺម៉ង់ ក៏បានបង្ហាញខ្លួនយ៉ាងច្បាស់ថា មិនឯកភាពជាមួយនយោបាយចំពោះចិន របស់លោក ត្រាំឡើយ។

អំឡុងសប្ដាហ៍ចុងក្រោយរបស់ខែឧសភា អាចហៅបានថា ជាអំឡុងពេល 7ថ្ងៃនៃសេចក្ដីវិនាស ដែលចាប់អង្រួនប្រទេសអាមេរិក ឱ្យញ័ររញ្ជួយខ្លាំងក្លាបំផុត ដោយកម្ទេចបំណែកបាក់បែកមួយចំនួន ថែមទាំងអាចនឹងធ្លាក់មកលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ខ្លួនឯងទៀតផង ហើយអ្វីដែលសំខាន់បំផុតនោះគឺ គណៈគ្រប់គ្រងរបស់លោក ត្រាំ ត្រូវបាត់បង់ផែនឧបាយកលដែលបានត្រៀមទុកក្នុងរឿងដែលពាក់ព័ន្ធនឹងចិនទៀតផង។

អំពើឃាតកម្មលើបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ ដ៏គួរឱ្យសោកសៅរំជួលចិត្តនៅក្នុងទីក្រុងមីននិអាប៉ូលិស ក្នុងថ្ងៃទី25 ឧសភា ដែលត្រូវនឹងថ្ងៃទិវាអតីតយុទ្ធជន របស់សហរដ្ឋអាមេរិកនោះ គឺជាការសង្កត់បន្ថែម ឱ្យឃើញពីអំពើហិង្សា របស់ការរើសអើងពូជសាសន៍ពណ៌សម្បុរ និងការតម្រង់គោលដៅចាត់ការ មនុស្សដែលមិនមែនជាជនស្បែកស ក្នុងហេតុការណ៍ប្រើអំពើហិង្សា ម្ដងហើយ ម្ដងទៀតរបស់ប៉ូលិស។ វាគឺជាសញ្ញានៃការផ្ទុះឡើងរបស់ជនវណ្ណៈទាប ដែលបុរាណបំផុត និងជាប្រតិកម្មប្រឆាំងភាពឈានមុខជាទីបំផុតក្នុងសង្គមជនអាមេរិកាំង ខណៈពេលជាមួយគ្នា វាក៏ក្លាយជាការបកអាក្រាតឱ្យមើលឃើញយ៉ាងច្បាស់អំពីការជិះជាន់ខាងវណ្ណៈ ដែលបង្កប់នៅក្រោមពាក្យភូតកុហកបោកប្រាស់របស់របបប្រធានាធិបតី របស់លោក ត្រាំ ទៀតផង។

ទាំងអស់នេះ ជនរងគ្រោះនៃការប្រើអំពើហិង្សារបស់ប៉ូលិស មិនថាតែជនស្បែកខ្មៅ ជនស្បែកស ជនហ៊ិស្ប៉ានិក(អ្នកដែលនិយាយភាសាអេស្ប៉ាញ នៅក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើន គឺពួកដែលភៀសខ្លួនមកពីតំបន់អាមេរិកឡាទីន) ឬជនកុលសម្ព័ន្ធអាមេរិក ក៏ដោយ សុទ្ធតែជាអ្នកទីទ័លក្រ និងជាចំណែករបស់ប្រជាជនដែលទន់ខ្សោយផុយស្រួយបំផុតដូចគ្នាទាំងអស់។

ក្នុងកម្រិតអន្តរជាតិ មានការបង្ហាញឡើងនូវភាពសាមគ្គីគ្នាជាធ្លុងមួយដោយការប្រឆាំងតវ៉ា ដែលផ្ទុះឡើងយ៉ាងច្រើនបន្ទាប់ពីការសម្លាប់ ចច ហ្វ្លយដ៍។ ការជួបជុំគ្នាដើរជាក្បួនបានកើតឡើង ទាំងនៅក្នុងទីលាន ថ្រាហ្វាល់ការ របស់ក្រុងឡុងដ្រ៍ និងខ្លោងទ្វារ ប្រ៊ែនដេនប៊ើក ក្នុងក្រុងប៊ែរឡាំង ហើយក្រសួងការបរទេសរុស្ស៊ី ក៏បានបញ្ចេញយោបល់ពាក់ព័ន្ធនឹងរឿងនេះដែរ។

អឺរ៉ុប មានអារម្មណ៍ចម្លែកប្លែកចំពោះអាមេរិក របស់លោកត្រាំស្រាប់ទៅហើយ ហើយក្នុងពេលនេះ មានតែនឹងចាក់ឫសជ្រៅចុះទៅទៀត ដែលការពិតទៅ ក្នុងអំឡុងសប្ដាហ៍ចុងក្រោយរបស់ខែឧសភានោះ មានហេតុការណ៍ជាច្រើនយ៉ាង ដែលរឹតតែសង្កត់បន្ថែម ឱ្យឃើញពីភាពបែកបាក់រ៉ៅឆាន ដែលកំពុងបង្ហាញខ្លួនឡើងនៅក្នុងក្រុមសម្ព័ន្ធមិត្ត នៃត្រើយទាំង 2ខាងរបស់មហាសមុទ្រអាត្លង់ទិក។

ទិសដៅដែលគួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញខ្លួនឡើង មាន 3ទិសដៅ…

លោកត្រាំ មើលទៅហាក់ដូចជាបានរំពឹងប៉ាន់ប្រមាណទុកយ៉ាងប្រយ័ត្នប្រយែង ក្នុងរឿងចង្វាក់ពេលវេលាដែលលោកចេញមកប្រកាសផែនការ ចាប់ផ្ដើមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំ សាំមិត របស់ក្រុមប្រទេស G7 បែបជំនួបទល់មុខគ្នាក្នុងក្រុងវ៉ាស៊ីនតោន អំឡុងថ្ងៃទី25-26 មិថុនាខាងមុខ ដោយនឹកសង្ឃឹមក្នុងការអួតអាងឱ្យឃើញទាំងអស់គ្នាថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការឈានរំលងឱ្យហួសផុតពីជំងឺឆ្លងរាតត្បាតកូវីដ-19 តែផែនការរបស់លោកទាំងអស់នោះ បែរជាដួលរលំបោកទៅនឹងដីបែកបាក់ខ្ទេចខ្ទីអស់ ដោយសារតែខ្វះការចាប់អារម្មណ៍ក្លៀវក្លាស្វាហាប់ ពីពួកប្រទេសសម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកហ្នឹងឯង។

លោកស្រី មើរកែល ប្រកាសគោលជំហរ

រឿងនេះត្រូវបានបង្ហាញចេញមកឱ្យឃើញយ៉ាងច្បាស់ គួរឱ្យភ្ញាក់ផ្អើលជាពិសេសតែម្ដង តាមរយៈការដែលលោកស្រីនាយករដ្ឋមន្ត្រីនៃប្រទេសអាល្លឺម៉ង់ អ៊ែងជើឡា មើរកែល សម្រេចចិត្តប្រកាស មិនទទួលយកការអញ្ជើញរបស់លោកត្រាំ ដោយលើកហេតុផលដ៏គួរឱ្យកើតអារម្មណ៍បញ្ជោះបន្សោកថា លោកស្រីនៅត្រូវរវល់ វីវក់នឹងការគ្រប់គ្រងជំងឺរាតត្បាតឱ្យបានសិន។

នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការតែការមិនយល់ស្របជាមួយលោកត្រាំ របស់លោកស្រីមើរកែល នៅមានទៅឆ្ងាយជាងហ្នឹង នៅមានចាក់ចូលជ្រៅខ្លាំងជាងហ្នឹងទៅទៀត…លោកស្រីបានដាក់ការសង្កេតយ៉ាងបើកចំហចំពោះសាធារណជនថា បើសិនមានការប្រជុំ សាំមិតប្រទេសG7 កើតឡើង មិនថាក្នុងរូបបែបណាក៏ដោយ “មិនថាតែបែបវីដេអូ ខន់ហ្វ៊ើរេនស៍ ឬបែបណាក៏ដោយ ខ្ញុំក៏នឹងតស៊ូដើម្បី “ដំណើរផ្លូវបែបពហុភាគីនិយម” យ៉ាងពិតប្រាកដ នេះគឺជាអ្វីដែលច្បាស់លាស់បំផុត ទាំងក្នុងG7 ទាំងក្នុង G20”។

នៅពេលមានអារម្មណ៍ដឹងថា ភាពជាអ្នកដឹកនាំរបស់ខ្លួនត្រូវបានគេសាកល្បងយ៉ាងធ្ងន់ធ្ងរហើយនៅក្នុងប្រទេសលោកខាងលិចនោះ លោកត្រាំ ក៏ប្រញាប់ប្រញាល់ប្ដូរទិសដៅ ដោយងាកទៅស្នើឡើងថា ក្រុមG7 ដែលប្រកបដោយពួកប្រទេសដែលមានសេដ្ឋកិច្ចឈានមុខនោះ បានក្លាយជារឿងដែល “ហួសសម័យខ្លាំងណាស់” បាត់ទៅហើយក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរបែបនេះ និងគួរតែកែសម្រួលឱ្យក្លាយជា “G10 ឬ G11 ដើម្បីតស៊ូជាមួយ G1(គឺចិន)”។

នោះ គឺមានន័យថា លោកត្រាំត្រូវការឱ្យមានការពង្រីកវង់ G7 ដោយនាំយកប្រទេសរុស្ស៊ី ឥណ្ឌា អូស្ត្រាលី និងកូរ៉េខាងត្បូង មកចូលរួមដែរ ហើយក្រុមដែលកែសម្រួលថ្មីនេះ នឹងសាមគ្គីគ្នាតតាំង និងចាត់ការចិន។

…នៅមានត…

ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement