ស្ថានទូតខ្មែរអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្នក្រោយមានទ្រពសម្បត្តិ និងអាជីវកម្មរបស់ខ្មែរត្រូវបានបំផ្លាញក្នុងបាតុកម្មនៅអាមេរិក

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា នៅសហរដ្ឋអាមេរិក បានចេញសេចក្តីអំពាវ​នាវឱ្យបងប្អូនខ្មែរនៅអាមេរិកប្រុងប្រយ័ត្នក្រោយទ្រព្យសម្បត្តិ និងអាជីវកម្មកម្មរបស់ប្រជាជនខ្មែរនៅអាមេរិកមួយចំនួនត្រូវបានបំផ្លិចបំផ្លាញក្នុងបាតុកម្ម​នៅទីក្រុង Long Beach។

ស្ថានទូតកម្ពុជានៅអាមេរិកបានបញ្ជាក់ថាខ្លួនទទួលបានព័ត៌មាន​អំពីការខូចខាតធុរៈកិច្ច និងទ្រព្យសម្បត្តិរបស់បងប្អូនខ្មែរយើង​មួយចំនួននៅទីក្រុង Long Beach ដោយបាតុកម្ម​ហិង្សា នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2020។ ស្ថានទូតបានសម្តែងការសោកស្តាយ និងបង្ហាញក្តីព្រួយបារម្ភចំពោះករណីនេះ។

នៅចំពោះមុខសភាពការណ៍ដែលច្របូកច្របល់ និងហានិភ័យដែលអាចកើតមានពីបាតុកម្មតវ៉ាដែលកំពុងរាលដាល និងកាន់តែហិង្សានៅតាមបណ្តាទីក្រុងនានា​នៅសហរដ្ឋអាមេរិក ស្ថានទូតកម្ពុជាយើងបានអំពាវនាវដល់បងប្អូនប្រជាជពលរដ្ឋ​ខ្មែដែលកំពុងស្នាក់នៅ រស់នៅ និងសិក្សានៅអាមេរិក សូមប្រុងប្រយ័ត្ន​ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬប្រមូលផ្តុំនានា​ទោះក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ។ ប្រជាជនខ្មែរយើងគួរជៀសវាង និងព្យាយាមកាត់បន្ថយឱ្យបានច្រើនបំផុតក្នុងការចេញទៅក្រៅ។ ក្នុងករណី​ចាំបាច់ត្រូវប្រកាន់ខ្ជាប់​នូវស្មារតីប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះសុវត្ថិភាព​ផ្ទាល់ខ្លួនពីការឆ្លងជំងឺ និងហានិភ័យជាយថាហេតុពីបាតុកម្ម។

ស្ថានទូតក៏អំពាវនាវឱ្យប្រជាជនខ្មែរយើងនៅអាមេរិកប្រកាន់ឱ្យបានខ្ជាប់ខ្ជួន​តាមបំរាមគោចរ និងបំរាម​នានារបស់អាជ្ញាធរមូលដ្ឋាន​ដែលខ្លួនកំពុងស្ថិតនៅ។ ក្នុងករណី​មានអាសន្ន​សូមទាក់ទងអាជ្ញាធរមូលដ្ឋាន​មានសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍៕

Advertisement