Focus ចុងសប្ដាហ៍ ៖ សហរដ្ឋ​អាមេរិក​ គំរាម​រំដោះ​ “ហុងកុង”​​ ចេញ​ពីឋានៈតំបន់ពិសេស…និងថា ចិនលែងមានអំណាចគ្រប់គ្រងទៀតហើយ ក្រោយប្រុងប្រើ “ច្បាប់សន្តិសុខជាតិ” បង្ក្រាបបាតុកម្មប្រជាធិបតេយ្យ

Focus ចុងសប្ដាហ៍ ៖ សហរដ្ឋអាមេរិក គំរាមរំដោះ “ហុងកុង” ចេញពីឋានៈតំបន់ពិសេស...និងថា ចិនលែងមានអំណាចគ្រប់គ្រងទៀតហើយ ក្រោយប្រុងប្រើ “ច្បាប់សន្តិសុខជាតិ” បង្ក្រាបបាតុកម្មប្រជាធិបតេយ្យ
ប៉ូលិសហុងកុង ចូលរារាំងមិនឱ្យក្រុមបាតុករធ្វើការតវ៉ាទាមទារប្រជាធិបតេយ្យ ដោយបានបិទផ្លូវក្នុងតំបន់ ម៉ុងកុក ក្នុងអំឡុងពេលដែលសភានិតិប្បញ្ញត្តិ កំពុងមានការពិចារណាសេចក្ដីព្រាងច្បាប់ ហាមមើលងាយមើលថោកភ្លេងជាតិចិន កាលពីថ្ងៃទី27 ឧសភាកន្លងទៅ

សហរដ្ឋអាមេរិក គំរាមថា នឹងដកសិទ្ធិឋានៈតំបន់ពិសេសរបស់កោះហុងកុង ក្រោមច្បាប់អាមេរិកាំង កណ្ដាលបរិយាកាសនយោបាយនៅក្នុងទីក្រុងហុងកុង ដែលកំពុងវិលត្រឡប់មកបង្កើនភាពក្ដៅគគុកសាជាថ្មីម្ដងទៀត ក្រោយពីចិន បានប្រកាសផែនការបញ្ជាឱ្យប្រើច្បាប់សន្តិសុខជាតិថ្មីមួយ ដែលត្រូវបានគេមើលឃើញថា ជាការព្យាយាមរារាំងការជួបជំនុំគ្នាតវ៉ាទាមទារប្រជាធិបតេយ្យនៅលើកោះដែលជាមជ្ឈមណ្ឌលកណ្ដាលនៃវិស័យហិរញ្ញវត្ថុមួយនេះ។

លោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃពុធ(ទី27ឧសភា) ថា លោកបានជូនដំណឹងទៅសភាកុងហ្គ្រេសរួចហើយថា ហុងកុង លែងមានគុណសម្បត្តិក្នុងការបានទទួលសិទ្ធិពិសេសខាងពាណិជ្ជកម្មតាមច្បាប់សហរដ្ឋអាមេរិកតទៅទៀតហើយ ដោយសារតែចិន មិនបានប្រតិបត្តិតាមពាក្យសន្យាដែលបានធ្វើ កាលពីគ្រាប្រគល់-ទទួលកោះហុងកុងពីសហរាជណាចក្រ(UK)។

សេចក្ដីប្រកាសនេះ បានកើតឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងរដ្ឋសភាចិនបោះឆ្នោតសម្រេចក្នុងគ្រាដ៏សំខាន់នេះ ដើម្បីដាក់បញ្ជាឱ្យប្រើច្បាប់សន្តិសុខជាតិថ្មី នៅក្នុងតំបន់គ្រប់គ្រងពិសេសហុងកុង ខណៈដែលលោកប្រធាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចេញមកព្រមានក្នុងថ្ងៃជាមួយគ្នាដែរថា ហុងកុងអាចនឹងបាត់បង់ឋានៈមជ្ឈមណ្ឌលកណ្ដាលនៃវិស័យហិរញ្ញវត្ថុពិភពលោក បើសេរីភាព និងភាពឥស្សរៈ ខាងតុលាការត្រូវកាត់បន្ថយ ព្រមទាំងបានគំរាមទៀតថា អាមេរិកនឹងមានវិធានការឆ្លើយតបនឹងច្បាប់សន្តិសុខជាតិរបស់ចិនក្នុងពេលឆាប់ៗនេះដែរ។

លោក ប៉ុមប៉េអូ បានបញ្ជាក់ថា “កាលពីពេលមុននោះ សហរដ្ឋអាមេរិកធ្លាប់សង្ឃឹមថា សេរីភាព និងភាពរុងរឿងរបស់ហុងកុង នឹងក្លាយជាគំរូសម្រាប់ប្រព័ន្ធផ្ដាច់ការចិន តែពេលនេះ វាច្បាស់លាស់ហើយថា ចិនខ្លួនឯងទៅវិញទេដែលកំពុងតែធ្វើជាគំរូឱ្យហុងកុង…តាមរយៈរឿងពិតដែលមានក្នុងថ្ងៃនេះ ប្រហែលជាគ្មានមនុស្សប៉ិនកុហកណាម្នាក់ អាចអះអាងបានថា ហុងកុងនៅតែបានទទួលអំណាចគ្រប់គ្រងខ្លួនឯងកម្រិតខ្ពស់ពីប្រទេសចិនឡើយ”

លោក​ Mike Pompeo រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​​អាមេរិកាំង​

លោកបន្តថា “សហរដ្ឋអាមេរិក សូមនៅឈរកៀកស្មាជាមួយពលរដ្ឋហុងកុង ក្នុងខណៈដែលពួកគេត្រូវតស៊ូនឹងការធ្វើសកម្មភាពរបស់ចិន ដែលព្យាយាមបដិសេធអំណាចគ្រប់គ្រងខ្លួនឯងរបស់ពលរដ្ឋហុងកុង តាមដែលធ្លាប់បានសន្យា”

ចុងក្រោយបំផុត លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមកបង្ហើបឱ្យដឹងកាលពីថ្ងៃសុក្រថា លោកបានបញ្ជាឱ្យរដ្ឋបាលសហរដ្ឋអាមេរិក ចាប់ផ្ដើមកម្មវិធី ដកឋានៈពិសេសខាងពាណិជ្ជកម្ម ដែលបាន
ប្រគល់ឱ្យកោះហុងកុងហើយ និងថែមទាំងបានចុះហត្ថលេខាលើសេចក្ដីប្រកាស 1ច្បាប់ដែលនឹងការពារការងារស្រាវជ្រាវសំខាន់ៗ របស់មហាវិទ្យាល័យផ្សេងៗឱ្យបានល្អជាមុន ដោយការផ្អាកការធ្វើដំណើរចូលមកក្នុងប្រទេស របស់និស្សិតជនជាតិចិនមួយចំនួន ដែលត្រូវបានបញ្ជាក់ថា មានហានិភ័យដល់សន្តិសុខរបស់ប្រទេស។

កាលពីសប្ដាហ៍កន្លងទៅ ក្រុងប៉េកាំង បានប្រកាសពីផែនការដាក់បញ្ជាឱ្យប្រើច្បាប់សន្តិសុខជាតិថ្មី ដែលនឹងមានបទដាក់ទណ្ឌកម្មសម្រាប់អ្នកដែលបំផុសបំផុលការទាមទារឯករាជ្យ បំផ្លាញរដ្ឋ ឬបង្កភេរវកម្ម ដែលច្បាប់មួយនេះ នឹងបើកផ្លូវឱ្យអង្គភាពព័ត៌មានសម្ងាត់របស់ចិន អាចចូលទៅបង្កើតមូលដ្ឋានប្រតិបត្តិការយ៉ាងបើកចំហបាននៅក្នុងក្រុងហុងកុងជាលើកដំបូងទៀតផង។

ផែនការរបស់ចិន បាននាំឆ្ពោះទៅរកការដើក្បួនតវ៉ាប្រឆាំងនៅក្នុងក្រុងហុងកុង កាលពីថ្ងៃទី24 ឧសភា ដែលអាចនិយាយបានថា ជាការជួបជំនុំធ្វើការតវ៉ាដ៏ធំមួយ ជាលើកដំបូងរបស់ពលរដ្ឋហុងកុងក្នុងអំឡុងពេលច្រើនខែកន្លងមក។

(សូមរង់ចាំអានបន្តនៅថ្ងៃស្អែក)

ប្រែសម្រួលដោយ តាវ៉ែនតា
ប្រភព ៖ សាព័ត៌មានបរទេស

Advertisement