បាតុករ​ផ្ដួល​រំលំ​របង​សេត​វិមាន​! លោក​ Trump ថ្កោល​ទោស និង​ហៅ​ក្រុម​បាតុករ​ថា​ជា​ “ចោរ​ប្លន់”

ក្រុម​បាតុករ​ដែល​ទាក់​ទិន​នឹង​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ បាន​នាំ​គ្នា​រុញផ្ដួល​របង​សន្តិសុខ​ និង​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​​នៅ​ខាង​ក្រៅ​សេត​វិមាន​។

វីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​លើ​ Twitter កាល​ពី​ថ្ងៃទី​30​ឧសភា បាន​បង្ហាញ​ថា​របង​សន្តិ​សុខ​របស់​សេត​វិមាន​ ត្រូវបាន​​រុញ​ឱ្យដួល​រលំ​ ហើយ​ក្រុម​បាតុករ​បាន​នាំ​គ្នា​រុល​ទៅ​មុខ​។ បាតុករ​បាន​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​នឹង​សមត្ថ​កិច្ច​​ ខណៈ​ដែល​ក្រុម​នេះ​បាន​រៀប​ក្បួន​ និង​លើក​ខែល​រារាំង​។ ប៉ូលិស​មួយ​ចំនួន​ត្រូវ​​​ក្រុម​បាតុករ​គប់​នឹង​ស៊ុត​។

សក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ក្រុម​សមត្ថ​កិច្ច​បាន​ព្រមាន​អំពី​ការ​ប្រមូល​ផ្ដុំ​គ្នា​ដោយ​ខុស​ច្បាប់​ នៅ​មុន​ពេល​ចេញ​​ទៅ​រារាំង​ក្រុម​បាតុករ​។ មនុស្ស​មួយ​ចំនួន​ក៏ត្រូវ​ប៉ូលិស​បាញ់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​។

សេត​វិមាន​មុន​នោះ​ត្រូវ​បាន​បិទ​ទៅតាម​បញ្ជា​របស់​អង្គ​ភាព​សម្ងាត់​អាមេរិកាំង​ ប៉ុន្តែ​បាន​បើក​ឡើង​វិញ​​ដោយ​សារ​ក្រុម​បាតុករ​បង្វែរ​គោល​ដៅ​ទៅកន្លែង​ផ្សេង​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន​។ ប៉ុន្តែ ក្រោយ​មក​ក្រុម​បាតុករ​ក៏​ត្រឡប់​មក​សេតវិមាន​វិញ​។ បាតុកម្ម​បាន​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​ប្រហែល​22​ ថ្ងៃទី​​29​ឧសភា​ ហើយ​ដល់​ម៉ោង​3​និង​30​នាទី​ព្រឹក​ថ្ងៃទី​30​ឧសភា​ ហាក់​ដូច​បាន​ស្ងប់​ស្ងាត់ទាំង​ស្រុង​។

ប្រធានាធិបតី​ Donald Trump ឱ្យ​ដឹង​ថា លោក​មាន​សុវត្ថិ​ភាព​ ខណៈ​ស្ថិត​នៅក្នុង​សេត​វិមាន​ ហើយ​ក៏បាន​សរសើរ​ដល់​ក្រុម​សម្ងាត់​ថា បាន​បំពេញ​បេសក​កម្ម​ដោយ​ជោគ​ជ័យ​”។ លោក​ Trump ក៏​បាន​ព្រមាន​ក្រុម​បាតុ​ករ​ថា នឹង​ជួប​ “ឆ្កែកាច” បើ​សិន​ឆ្លង​ផុត​របង​សេត​វិមាន​។

លោក Trump យល់​ថា អំពើហិង្សា​របស់​ក្រុម​បាតុករ​នៅ​ Minneapolis គឺជា​សកម្ម​ភាព​របស់​ “ក្រុម​ចោរ​ប្លន់​ និង​អាណា​ធិបតេយ្យ​”។ លោក​បន្ត​ថា “អាជ្ញាធរ​​របស់​ខ្ញុំ​នឹង​ទប់ស្កាត់​អំពើ​ហិង្សា​​របស់​ក្រុម​បាតុករ​”។

សូម​រំឭក​ថា បាតុកម្ម​​ខាង​លើ​បាន​ចាប់​ផ្ដើម​កើត​ចេញ​ពី​តំបន់ Minneapolis រដ្ឋ​ Minnesota ហើយ​បាន​រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស​​ បន្ទាប់​ពី​ George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​​ត្រូវ​បាន​ប៉ូលិស​ក្រៀក​សង្កត់​រហូត​ដល់​ស្លាប់​ ព្រោះ​តែ​ជាប់​សង្ស័យ​ថា​បាន​ប្រើ​ប្រាស់​ប្រាក់​ក្លែង​ក្លាយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement