បាតុកម្ម​ “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​​” បាន​រាល​ដាល​ពេញ​សហរដ្ឋ​អាមេរិក​

បាតុកម្ម​

ប្រជា​ជន​នៅក្នុង​ទីក្រុង​ជា​ច្រើន​​នៅ​សហរដ្ឋ​អាមេរិក​ ដូច​ជា​ទីក្រុង New York, Houston និង​ Atlanta ជា​ដើម​ បាន​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ករណី​ប៉ូលិសបាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ​ម្នាក់​​បាត់​បង់​ជីវិតនៅឯទីក្រុង​ Minneapolis នៃ​រដ្ឋ​ Minnesota​។

មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅខាង​ក្រៅ​​កីឡដ្ឋាន​ Barclays Center ក្នុងតំបន់​ Brooklyn នៃ​ទីក្រុង​ New York កាល​ពីថ្ងៃទី 29​ឧសភា​កន្លង​ទៅ​ ក្នុង​គ្រា​ដែល​រលក​នៃ​បាតុកម្ម​កំពុង​ផ្ទុះ​ឡើង​ពាស​ពេញ​ផ្ទៃ​ប្រទេស​ បន្ទាប់​ពី​មាន​ករណី​ George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​រស់​នៅ​ក្នុង​ទីក្រុង​ Minneapolis បាន​បាត់​បង់​ជីវិត​ខណៈ​កំពុង​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​។

ក្រុម​បាតុករ​បាន​នាំ​គ្នា​លើក​បដា​ដែល​មាន​សរសេរ​ថា “ខ្ញុំ​មិន​អាច​ដកដង្ហើម​” ខណៈ​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​តំបន់ Manhattan ក្នុង​ទីក្រុង​ New York ដោយ​ស្នើ​ឱ្យ​​អនុម័ត​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ ហាម​មិន​ឱ្យ​សមត្ថកិច្ច​ប្រើ​ប្រាស់​​យុទ្ធ​សាស្ត្រ​ដែល​អាច​បណ្ដាល​ឱ្យ​អ្នក​ត្រូវ​ចាប់​ខ្លួន​ថប់​ដង្ហើម​។

Floyd អាយុ​46​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​4​នាក់​ចាប់​ខ្លួន​​កាលពី​ថ្ងៃទី​25​ឧសភា​ ក្រោម​បទ​ចោទ​ថា​បាន​ប្រើ​ប្រាស់​ប្រាក់​ក្លែង​ក្លាយ​។ មន្ត្រី​ប៉ូលិស​ម្នាក់​ឈ្មោះ Derek Chauvin បាន​គ្រាក​សង្កត់​​ Floyd ក្នុង​រយៈ​ពេល​9​នាទី​ បើ​ទោះ​ជា​បុរស​នេះ​បាន​ស្រែក​អង្វរ​ និង​និយាយ​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​” ហើយ​ក៏​បាន​សន្លប់​។ Floyd បាន​បាត់​បង់​ជីវិត​ នៅក្នុង​មន្ទីរពេទ្យ​។

បន្ទាប់​មក បាតុកម្ម​ជា​ច្រើន​កន្លែង​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពាស​ពេញ​ទីក្រុង​ Minneapolis ដោយ​សារ​តែ​ពេល​នោះ​ មន្ត្រី​ប៉ូលិស​4​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​មិន​ទាន់​ត្រូវ​បាន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ បើ​ទោះ​ត្រូ​វ​បាន​ដក​ហូត​តំណែង​ក៏ដោយ​។ ក្រុម​បាតុករ​បាន​ប្រមូល​ផ្ដុំគ្នា​​ជា​ច្រើន​ថ្ងៃ​បន្ត​បន្ទាប់​ដើម្បី​ថ្កោល​ទោស​ករណី​ខាង​លើ​នេះ​។ ជាង​នេះ ក្រុម​បាតុករ​ថែម​ទាំង​បាន​​ដុត​បំផ្លាញ​ការិយាល័យ​ដែល​ជា​កន្លែង​ធ្វើ​ការ​របស់​មន្ត្រី​ប៉ូលិស​​4​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​សម្លាប់​មនុស្ស​នេះទៀត​ផង​។

បាតុកម្ម​ "ខ្ញុំ​មិន​អាច​ដក​ដង្ហើម​​" បាន​រាល​ដាល​ពេញ​សហរដ្ឋ​អាមេរិក​Chavin កាល​ពី​ថ្ងៃទី​29​ឧសភា ត្រូវ​បាន​ចោទប្រកាន់ពីបទឃាតកម្មដោយ​អចេតនា​។ ចំណែក​ប៉ូលិស​​3​នាក់​ផ្សេងទៀត​ កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ ហើយ​អាច​នឹង​ត្រូវ​បាន​ចោទ​ប្រកាន់​នា​ពេល​ខាង​មុខ។

ក្នុង​បាតុកម្ម​កាល​ពី​ម្សិល​មិញនៅ​ទីក្រុង​ New York ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​ និង​បាន​បិទ​ផ្លូវ​ធំ​មួយ​ បន្ទាប់​ពី​ក្រុម​បាតុករ​នាំ​គ្នា​ខាក​ស្ដោះ និង​គប់​ដប​កែវ​សំដៅ​សមត្ថកិច្ច​។

នៅ​ Atlanta ដែលជា​ទីក្រុង​ធំ​របស់​ Georgia បាតុកម្ម​មាន​សភាព​ខ្លាំង​ក្លា ហើយ​ពេល​ខ្លះ​បាន​កើត​ជា​អំពើ​ហិង្សា​ផងដែរ​ ក្នុង​នោះ​ យ៉ាង​ហោច​មាន​រថយន្ត​របស់​ប៉ូលិស​មួយ​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​។ កញ្ចក់​នៃ​អគារ​របស់​ CNN និង​អគារ​មួយ​ចំនួន​ទៀត​ក៏ត្រូវ​បាន​វាយ​កម្ទេច​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement