សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​ចិន​ ដើម្បី​​​ជួយ​ជនជាតិ​អ៊ុយហ្គួរ​នៅ​ស៊ីនជាំង​ ត្រូវ​បាន​សភា​អាមេរិកាំង​អនុម័ត​រួច​ហើយ​!

ប្រធានសភា​ជាន់​ទាប​អាមេរិកាំង​ លោក​ស្រី Nancy Pelosi

សភាជាន់​ទាប​អាមេរិកាំង​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​ចិន​ដែល​មាន​ជាប់​ទាក់​ទិន​នឹង​អំពើ​កៀប​សង្កត់​ទៅលើ​​ជនជាតិ​អ៊ុយ​ហ្គួរ​ (Uyghur) កាន់​សាសនា​ឥស្លាម ដែល​កំពុង​រស់​​នៅ​ក្នុង​តំបន់​ស៊ីនជាំង​(XinJiang) ប្រទេស​ចិន​។

សេចក្ដី​ព្រាង​ច្បាប់​ “គោល​នយោបាយ​សិទ្ធិ​មនុស្ស​របស់​ជនជាតិ​អ៊ុយហ្គួរ​”​ នេះ​ ត្រូវ​បាន​សភា​ជាន់​ទាប​អាមេរិកាំង​អនុម័ត​កាល​ពី​ម្សិលមិញ​(27ឧសភា) ដោយ​មាន​ឆ្នោត​គាំទ្រ​ចំនួន​413​សម្លេង​ និង​បដិសេធ​1​សម្លេង​។ ដោយ​សារ​តែ​ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​រួច​រាល់​ពី​សភា​ជាន់​ខ្ពស់​ ដូច្នេះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រធានាធិបតី​អាមេរិកាំង​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ចុងក្រោយ​។

សេចក្ដី​ព្រាង​ច្បាប់​នេះ​ តម្រូវ​​​ឱ្យ​សេត​វិមាន​បញ្ជូន​របាយ​ការណ៍​ឡើង​ទៅ​សភា​ក្នុង​រយៈ​ពេល​យ៉ាង​យូរ180​ថ្ងៃ​ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ទទួលខុស​ត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើជន​ជាតិ​អ៊ុយ​ហ្គួរ​។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នោះ​នឹង​ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​តាម​​រយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក​ និង​ការ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ជា​ដើម​។

អង្គ​ការ​សហប្រជា​ជាតិ​បាន​រកឃើញ​ថា ជនជាតិ​អ៊ុយ​ហ្គួរ​កាន់​សាសនា​ឥស្លាម​ប្រមាណជា​ជាង​1លាន​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​កាន់​ជំរំ​កែប្រែ​ ប៉ុន្តែ​ចិន​បាន​ច្រាន​ចោល​របាយ​ការណ៍​នេះ​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Advertisement