រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​​ប្រកាស​ថា ទីក្រុង​ហុង​កុង​ “អស់​សិទ្ធិ​ម្ចាស់​ការ​” ហើយ! សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធាន​ការ​​​លើ​រឿង​នេះ​នៅ​សប្ដាហ៍​ក្រោយ

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​​ប្រកាស​ថា ហុង​កុង​

រដ្ឋមន្ត្រីការ​បរទេស​អាមេរិកាំង​បាន​ថ្លែង​ថា ទីក្រុង​ហុង​កុង​លែង​ទទួល​បាន​សិទ្ធិ​ម្ចាស់​ការ​ នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​រៀប​ផែន​ការ​ចេញ​ច្បាប់​សន្តិសុខ​សម្រាប់​តំបន់​ពិសេស​នេះ​។

“មិន​មាន​អ្នក​ណា​ដែល​ពិចារណា​ប្រកប​ដោយ​ហេតុ​ផល​​​អាច​និយាយ​​បាន​ថា ទីក្រុង​ហុង​កុង​រក្សា​បាន​សិទ្ធិ​កម្រិត​ខ្ពស់​ពី​ប្រទេស​ចិន​ដីគោក​នោះទេ នៅ​ពេល​គេ​មើល​ទៅ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​នាបច្ចុប្បន្ន​” រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិកាំង​​ លោក Mike Pompeo ប្រកាស​បែប​នេះ​ពី​ទីក្រុង​វ៉ាស៊ីង​តោន​​​កាល​ពី​ថ្ងៃទី​27​កន្លង​ទៅ​។

“ខ្ញុំ​បាន​បញ្ជាក់​ប្រាប់​សភា​រួច​ហើយ​ថា ហុងកុង​លែង​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​ការ​ប្រព្រឹត្តិ​ទៅ​តាម​​​ច្បាប់​ដែល​សហរដ្ឋអាមេរិក​បានចាប់​ផ្ដើម​អនុវត្ត​សម្រាប់​ហុង​កុង​នៅ​មុន​ខែ​កក្កដា​1997” លោក​ Pompeo ថ្លែង​រំឭក​ដល់​សម័យ​កាល​ដែល​ទីក្រុង​ហុង​កុង​ត្រូវ​បាន​ប្រគល់​ត្រឡប់​ទៅ​ប្រទេស​ចិន​។

កាលពី​ចុង​ឆ្នាំ​មុន​ សហរដ្ឋ​អាមេរិក​បាន​ចេញ​ច្បាប់ “​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ហុង​កុង​” ដែល​តម្រូវ​​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​​ត្រូវ​តែ​បញ្ជាក់​ឱ្យច្បាស់​ថា “តើ​ហុងកុង​នៅ​រក្សា​បាន​សិទ្ធិ​ម្ចាស់​ការ​ដែរ​ឬទេ”​ ដើម្បី​សម្រេច​ថា​​គួរ​ឱ្យ​ទីក្រុង​នេះ​ទទួល​បាន​អត្ថប្រយោជន៍​ ឬ​ការ​លើក​ស្ទួយ​ផ្នែក​ពាណិជ្ជ​កម្ម​ពី​សហរដ្ឋ​អាមេរិក​ទៀត​ឬ​អត់។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​ លោក​ Mike Pompeo

ប្រការ​ដែល​ហុងកុង​ទទួល​បាន​ការ​លើក​ស្ទួយ​ពី​សហរដ្ឋ​អាមេរិក​មាន​ដូច​ជា អាច​ទិញ​បច្ចេក​វិទ្យា​សំខាន់​ៗ​ ការ​ធានា​អំពី​ការ​ជួញ​ដូរ​ដោយ​សេរី​រវាង​ប្រាក់​ដុល្លារ​អាមេរិកាំង និង​ដុល្លារ​ហុង​កុង​ ការ​ចរចា​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​ដោយ​ឯក​រាជ្យ​ពី​ទីក្រុង​ប៉េកាំង​។ ស្ថាន​ភាព​ពិសេស​ខាង​លើ​នេះ​ក៏​បាន​ជួយ​ឱ្យ​ពលរដ្ឋ​ហុង​កុង​ជៀស​វាង​ការ​រឹត​ត្បិត​​​ទិដ្ឋាការ​ដែល​អាមេរិកាំង​អនុវត្ត​ចំពោះ​ពលរដ្ឋ​ចិន​ដីគោក​ផងដែរ​។

ការ​អនុគ្រោះ​ទាំង​ឡាយ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ នឹង​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិកាំង​ លោក Donald Trump ​សម្រេច​ថា​ គួរ​ដកហូត​ការ​អនុគ្រោះ​នេះ​ដែរ​ឬ​អត់​នា​ពេល​ឆាប់​ៗ​ខាងមុខ។ លោក Trump កាល​ពីម្សិល​មិញ​បាន​ព្រមាន​ថា សហរដ្ឋ​អាមេរិក​នឹងមាន​វិធាន​ការ​​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ច្បាប់​សន្តិសុខ​ហុង​កុង​ដែល​ចិន​គ្រោង​នឹង​អនុវត្ត​។ វិធាន​ការ​របស់​លោក​ Trump នឹង​ត្រូវ​បាន​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ​។

សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង​នេះ​ តាម​គម្រោង​នឹង​ត្រូវ​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទៅ​28​ឧសភា​ខាង​មុខ​ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ចិន​។​ ច្បាប់​នេះ​នឹង​ហាម​មិន​ឱ្យ​មាន​សកម្ម​ភាព​ផ្ដាច់​ខ្លួន​ និង​អំពើ​រដ្ឋ​ប្រហារ​ ក៏ដូច​ជា​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ និង​ការ​ធ្វើ​ភេរវ​កម្ម​ក្នុងទីក្រុង​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement