សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង! ពលរដ្ឋ​ក្នុងស្រុក​ធ្វើ​បាតុកម្ម ខណៈ​តំណាង​រាស្ត្រ​ជាង​20​ប្រទេស​ជំទាស់​

សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង! ពលរដ្ឋ​ក្នុងស្រុក​ធ្វើ​បាតុកម្ម ខណៈ​តំណាង​រាស្ត្រ​ជាង​20​ប្រទេស​ជំទាស់​

តំណាង​រាស្ត្រ​ជាង​200​នាក់​មក​ពី​ប្រទេស​ចំនួន​23​ក្នុង​ពិភពលោក បាន​ចេញ​សេចក្ដី​ប្រកាស​រួម​ ថ្កោល​ទោស​រដ្ឋាភិបាល​ចិន​ដែល​បាន​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុងកុង​ ខណៈ​ដែល​ពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​ទីក្រុង​នេះ​នាំ​គ្នា​ចេញ​តវ៉ា។

នៅក្នុង​សេចក្ដី​ប្រកាស​រួម​មួយ​កាល​ពី​ម្សិល​មិញ​ ក្រុម​តំណាង​រាស្ត្រ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​ដែល​ទីក្រុង​ប៉េកាំង​ “ស្នើឱ្យ​មាន​ច្បាប់​សន្តិសុខ​ដោយ​ឯកតោ​ភាគី” សម្រាប់​​ទីក្រុង​ហុង​កុង​។ “នេះ​គឺជា​ការ​វាយលុក​គ្រប់​ច្រក​ល្ហក​ទៅលើ​សិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យ​ភាព​ និង​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ទីក្រុង​។ សុចរិត​ភាព​​នៃ​ “ប្រទេស​មួយ​ របប​ពីរ​” កំពុង​ត្រូវ​បាន​គំរាម​កំហែង​”។

តំណាង​រាស្ត្រ​ដែល​បាន​ចូល​រួម​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​ប្រកាស​ថ្កោល​ទោស​ខាង​លើ​ រួម​មាន​ Chris Patten(អភិបាល​ក្រុង​ជន​ជាតិ​អង់គ្លេស​ចុងក្រោយ​របស់​ទីក្រុង​ហុងកុង)​ Malcolm Rifkind(អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស) ក្រុម​តំណាង​រាស្ត្រ​មក​ពី​សភា​អាមេរិកាំង​ ក្រុម​តំណាង​រាស្ត្រ​អង់គ្លេស​ ក៏ដូចជា​ក្រុម​តំណាង​រាស្ត្រ​មក​ពី​អឺរ៉ុប នូវែលហ្សេឡង់​កាណាដា អូស្ត្រាលី​ ឥណ្ឌា​ ឥណ្ឌូនេស៊ី​ កូរ៉េខាង​ត្បូង​ និង​ម៉ាឡេស៊ី​។

Elsie Leung Oi-sie​ អនុប្រធាន​គណៈកម្មធិការច្បាប់​រដ្ឋ​ធម្មនុញ្ញហុងកុង​ បាន​ច្រាន​ចោល​ការ​រិះ​គន់​ ក៏ដូចជា​ការ​ប្រកាស​ថ្កោល​ទោស​ពី​សំណាក់​ក្រុម​តំណាង​រាស្ត្រ​បរទេស​។ លោក​ស្រី​បាន​ឱ្យ​ដឹង​ថា សិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យ​ភាព​របស់​ទីក្រុង​ហុង​កុង​នឹង​មិន​មាន​ការ​ប្ដូរ​ផ្លាស់​អ្វី​នោះ​ទេ​​ ហើយ​វា​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​មូលដ្ឋាន​ដែល​ជា​ច្បាប់​កំពូល​របស់​ទីក្រុង​នេះ​។

ចំណែក​ឧបនាយក​រដ្ឋ​មន្ត្រី​ចិន​ លោក Han Zheng ក៏​បាន​ថ្លែង​សង្កត់​ធ្ងន់​ថា ច្បាប់​សន្តិ​សុខ​ថ្មី​នេះ​នឹង​ផ្ដោត​ទៅលើ​តែ​ “មនុស្ស​មួយ​ក្ដាប់​តូច​” ប៉ុណ្ណោះ ដើម្បី​បិទ​ប្រហោង​តូច​មួយ​នៃ​ច្បាប់​ដែល​កើត​មាន​ឡើង​ក្រោយ​បាតុកម្ម​ផ្ទុះ​ឡើង​នៅហុង​កុង​កាល​ពី​ឆ្នាំមុន​។​

សូម​រំឭក​ថា ច្បាប់​សន្តិសុខ​ហុងកុង​ត្រូវ​បាន​ស្នើ​ឡើង​រដ្ឋ​សភា​ចិន​កាល​ពីថ្ងៃទី​22​ឧសភា ក្នុង​នោះ​មាន​ការ​ហាម​មិន​ឱ្យ​មាន​សកម្ម​ភាព​ផ្ដាច់​ខ្លួន​ និង​រដ្ឋ​ប្រហារ​ ក៏ដូច​ជា​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ និង​ភេរវកម្ម​ក្នុង​ទីក្រុង​។

យោង​តាម​កិច្ច​ព្រម​ព្រៀង​​ដែលត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​​​អង់គ្លេស​​​ប្រគល់​ហុង​កុង​ទៅឱ្យ​​ប្រទេស​វិញ​កាលពីឆ្នាំ​1997​ ហុង​កុង​ទទួល​បាន​សិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យភាព​ខ្ពស់ ចំណេក​សិទ្ធិ​សេរី​ភាព​ ប្រព័ន្ធ​ច្បាប់​ និង​ប្រព័ន្ធ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ក៏​មាន​ដោយ​ឡែក​។

តំណាងរាស្ត្រ​ហុង​កុង​មួយ​ចំនួន​ក៏បាន​រិះ​គន់​ទៅ​លើ​ច្បាប់​ខាងលើ​ផងដែរ​ ដោយ​ពួកគេ​យល់​ថា វា​ដើរ​ផ្ទុយ​ទៅ​នឹង​គោល​ការណ៍ “ប្រទេស​មួយ​ របបពីរ​” ដែល​ប្រទេស​ចិន​បាន​សន្យា​ថា​ នឹង​រក្សា​សិទ្ធិសេរី​ភាព​របស់​ទីក្រុង​ហុង​កុង​។

ទាក់ទិន​នឹង​ច្បាប់​ខាងលើ​នេះ​ដែរ នៅ​ទីក្រុង​ហុង​កុង​កាល​ពី​ម្សិល​មិញ មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​ធ្វើបាតុកម្ម​ដើម្បី​ប្រឆាំង​ទៅ​នឹង​ច្បាប់​នេះ​។ បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​កង​កម្លាំង​ប៉ូលិស​។ ក្រុម​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ និង​បាញ់​ទិក​បំបែក​ហ្វូង​បាតុករ​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Advertisement